សាន់ដេ​ថា​ ចំណូល​ពី "សង្សារ​ខ្មោច" អាច​​មាន​ផល​ប៉ះពាល់​ខ្លះៗ

  • 2014-10-27 16:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ផលិតកម្ម សាន់ដេ​និយាយ​ថា​ ចំណូល​​​ពី​រឿង "សង្សារ​ខ្មោច" ត្រៀម​នឹង​ដាក់​បញ្ចាំង​ថ្ងៃ ២៩ ខែ​តុលា​អាច​នឹង​មាន​ផល​ប៉ះពាល់​ខ្លះៗ។

 

ការ​ព្រួយ​បារម្ភ​បន្ទាប់​ពី​អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​នេះ​មើល​ឃើញ​ពី​ខ្សែ​ភាពយន្ត​ថៃ ទាំង​រឿង​ភាគ និង​រឿង​ដុំ​ហូរ​ចូល​ប្រទេស​ កម្ពុជា​ពេញ​ទំហឹង​ឡើង​វិញ។

 

សុខ ពិសី និង​នីកូ ក្នុង​ពិធី​សម្ពោធរឿង "សង្សារ​ខ្មោច"

 

​អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​សាន់ដេ ​លោក ឡាយ សុក​ចំរើន និយាយ​ថា៖ "មិន​ទាន់​ដឹង​យ៉ាង​ណា​ទេ ព្រោះ​យើង​មិន​ទាន់​ដាក់​បញ្ចាំង។ តែ​ខ្ញុំ​គិត​ថា​អាច​ប៉ះពាល់​ចំណូល​តិច​តួច​ ដោយសារ​​ការ​ហូរ​ចូល​ភាពយន្ត​ថៃ"។

 

លោក ឡាយ សុក​ចំរើន​ បន្ត​ថា​មិន​ត្រឹម​តែ​ផលិតកម្ម​លោក​ទេ ដែល​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ហូរ​ចូល​ពេញ​ទំហឹង​ឡើង​វិញ​ពី​ភាពយន្ត​ថៃ ផលិតករ​ទាំង​អស់​ក្នុង​ប្រទេស ​គឺ​មាន​ការ​ព្រួយ​បារម្ភ​គ្រប់​គ្នា។

 

បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​តិច​តួច​ក្ដី​អ្នក​ចាត់​ការ​ទូទៅ​ខាង​លើ​នៅ​តែ​រំពឹង​ខ្ពស់​ដដែល​ថា​ "សង្សារ​ខ្មោច" ដែល​ចូល​រួម​សម្ដែង​ពី​តារា​ល្បីៗ​ក្នុង​ផលិតកម្ម​សាន់ដេ។ ជា​ពិសេស​កញ្ញា សុខ ពិសី និង​លោក នីកូ នឹង​អាច​ប្រមូល​ចំណូល​បាន​ច្រើន​ដូច​រឿង​មុនៗ​ផលិតកម្ម​នេះ​បាន​ដាក់​បញ្ចាំង​លើ​ទីផ្សារ។

លោក ឡាយ សុកចំរើន អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម សាន់ដេ

 

ទាក់ទង​ទៅ​នឹង​​បញ្ហា​នេះ​ ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង ​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​លោក ស៊ិន ចន្ទ​សាយ៉ា និយាយ​ថា​ ក្រសួង​វប្បធម៌​កំពុង​យក​ចិត្ត​ទុក​ដាក់​ដោយ​ធ្វើ​យ៉ាង​ណា​យ៉ាង​យក​ចិត្ត​ទុក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កុន​ខ្មែរ​បោះ​ជំហាន​ទៅ​មុខ។

 

លោក​បញ្ជាក់​ថា៖"យើង​ដឹង​ថា​ផលិតករ​គ្រប់​រូប​ពួកគាត់​ព្រួយ​បារម្ភ​ចំពោះ​ការ​ហូរ​ចូល​ភាពយន្ត​ថៃ​ឡើង​វិញ។ ក្រសួង​មាន​គោលការណ៍​ដោយ​មិន​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផលិតករ​យើង​ដែល​ខំ​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ​ឡើយ"។

 

​លោក ឡាយ សុក​ចំរើន​ និយាយ​ថា ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យ​កុន​ខ្មែរ​មាន​លំនឹង​ទៅ​ថ្ងៃ​ខាង​មុខ។ ជា​ពិសេស​​ផលិតករ​ខ្មែរ​គ្រប់​រូប​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ផលិត​រឿង​តទៅ​ទៀត។

 

​ស្នាដៃ​ទី​ ៥ ​របស់​ផលិតកម្ម​សាន់ដេ​រឿង "សង្សារ​ខ្មោច" នឹង​ដាក់​បញ្ចាំង​លើ​ទីផ្សារ​នា​រៀង​ភាពយន្ត​ពីរ​ព្រម​គ្នា​គឺ​រោង​ភាពយន្ត លុច្ស និង​ ចេន​ឡា នៅ​ថ្ងៃ​ទី ២៩ ខែ​តុលា​នេះ​តទៅ៕

 

អានអត្ថបទបន្ត៖ “Fury”បង្ហាញ​​​ការ​ប្រយុទ្ធ​​រវាង​​រថក្រោះ​អាមេរិក​ និង​អាល្លឺម៉ង់​​​ដ៏​សាហា​វ​​

អានអត្ថបទបន្ត៖ តួ​ភេទ​ទី​ ៣ ​កាន់​តែ​មាន​ទីផ្សារ​សិល្បៈ?

 

 

អត្ថបទ៖ អ៊ីង សុឡា