អាហារដ្ឋាន ៥កន្លែង មិនគួរខកខានទៅទទួលទាននៅក្រុងព្រះសីហនុ
- 2016-04-26 17:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារដ្ឋាន ៥កន្លែង មិនគួរខកខានទៅទទួលទាននៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
មានច្រើនមិនខ្វះភោជនីយដ្ឋាន ឬអាហារដ្ឋាននៅក្នុងក្រុងព្រះសីហនុ។ ប៉ុន្តែដឹងទេថា កន្លែងណា ដែលអ្នកគួរទៅសាកល្បងដើម្បីទទួលបានរសជាតិឆ្ងាញ់? តោះ! សាកពិនិត្យមើលអាហារដ្ឋាន ៥កន្លែង ដែលមានការពេញនិយមទទួលទានពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ នៅឯខេត្ត ព្រះសីហនុ តើមួយណាដែលប្រិយមិត្តពេញចិត្ត?
១. សាម៉ូរ៉ៃ (Samurai)
ភោជនីយដ្ឋាន សាម៉ូរ៉ៃ ជាភោជនីយដ្ឋានបម្រើអាហារជប៉ុនជាង១០០មុខ ដែលមានដូចជា ស៊ូស៊ី សាស៊ីមី ម្ហូបបែបចៀន និងស៊ុបស៊ូគីជាដើម។ មិនតែប៉ុណ្ណោះ មានស្រាជប៉ុនសាកេ និងស្រាអន្តរជាតិផ្សេងទៀត ដែលបើកបម្រើអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ចាប់បើកពីម៉ោង ១១ព្រឹក ដល់ម៉ោង ១០យប់ជារៀងរាល់ថ្ងៃ។ សាម៉ូរ៉ៃៈ Tel: 034 934 879 ឬ email: usu365@yahoo.co.jp
២. ជីង គន់ (Gold Crown)
ភោជនីយដ្ឋានចិន ជីង គន់ ឬហៅជាភាសាអង់គ្លេសមួយបែបទៀតថា Gold Crown Restaurant មានស៊ុបប៊ូហ្វេ ឬស៊ុបរទេះភ្លើង ដែលទទួលទានមួយចម្អែតត្រឹមតែ ១២ដុល្លារ ប៉ុណ្ណោះ និងអាចពិសាស្រាបៀរដោយសេរីនិង ឥតគិតថ្លៃ។ ភោជនីយដ្ឋាន ជីង គន់ មានបន្ទប់ VIP ផងដែរសម្រាប់ភ្ញៀវដែលត្រូវការភាពឯកជន ដែលបើកបម្រើអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ចាប់បើកពីម៉ោង ១១.៣០នាទីព្រឹក ដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ។ ភោជនីយដ្ឋាន ជីង គន់ មានទីតាំងនៅលើផ្លូវឯករាជ្យ ជិតតោពីរ។
៣. ហូម (HOME)
ហូម ជាភោជនីយដ្ឋានថ្មីមួយ មានបម្រើម្ហូបអាហារខ្មែរ និងបរទេសដែលមានរសជាតិឆ្ងាញ់ពិត ដែលធ្វើអ្នកមានអារម្មណ៍បានទទួលអាហារនៅក្នុងផ្ទះរបស់ខ្លួន។ ជាងនេះទៅទៀត ហូម មានសេវាកម្មទទួលធ្វើម្ហូបដល់ផ្ទះសម្រាប់ក្រុមគ្រួសារ ដែលមានសមាជិកចាប់ពី២នាក់ឡើងទៅ។ ទំនាក់ទំនងតាមរយៈ chantreaurgell@gmail.comឬ 010660898 ។
៤. ឆាយណាហៅ (China House)
ឆាយណាហៅ ជាភោជនីយដ្ឋានចិនដែលផ្តល់ជូននូវអាហារប្រចាំតំបន់នៃខេត្តក្វាងទុង ស៊ីឈួន ហ៊ូណាន និងទីក្រុងប៉េកាំង រួមជាមួយនឹងទាល្បីល្បាញ សាច់អាំងប៉េកាំង និងគ្រឿងសមុទ្រស្រស់ មានមុខម្ហូបសរុប ១០១ ប្រភេទ។ វាល្អបំផុតក្នុងការទៅទទួលទានជាលក្ខណៈជំនួញ ជួបជុំមិត្ត និងក្រុមគ្រួសារជាដើម ដោយមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារឆ្នេរសុខា ជាប់នឹងឆ្នេរសមុទ្រតែម្តង។
៥. លិ ហ៊ុយ (Li Houy)
លិ ហ៊ុយ ជាភោជនីយដ្ឋានលក្ខណៈគ្រួសារដែលមានម្ហូបប្រចាំត្រកូល គឺគាវសាច់ជ្រូក និងបាយមាន់ពេលព្រឹក ពិសេសស៊ុបពេលល្ងាចដែលមានទឹកជ្រលក់ប្រចាំគ្រួសារបីដំណរ។ ភោជនីយដ្ឋាន លិ ហ៊ុយ មានបម្រើអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ និងស៊ុបពេលល្ងា ចាប់បើកពីម៉ោង ៦.៣០នាទីព្រឹក រហូតដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ។ ព័ត៌មានលំអិត និងការកក់ទីតាំង លោកអ្នកអាចទំនាក់ទំនងភោជនីយដ្ឋាន លិ ហួយ កាហ្វេ និងស៊ុប បានតាមរយៈលេខទូរស័ព្ទ 016 901 744 ៕
ដោយ កើត ចន្ទ្រា