កីឡានៅអនុវិទ្យាល័យដំរីពួនពិតជាកម្សត់
- 2016-05-20 16:17:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡានៅអនុវិទ្យាល័យដំរីពួនពិតជាកម្សត់
ចន្លោះមិនឃើញ
ជាអនុវិទ្យាល័យចំណុះឲ្យស្រុកស្វាយអន្ទរ ដែលមានផ្ទៃក្រឡាទំហំ ៤៦៧៨៧ ម៉ែត្រការ៉េ កកើតនៅសម័យរដ្ឋកម្ពុជាឆ្នាំ ១៩៩០ ដំបូងមានតែអគារឈើ១ខ្នង មាន៣បន្ទប់ ប៉ុន្តែបច្ចុប្បន្នចាស់ទ្រុឌទ្រោម ១ខ្នងមាន៦បន្ទប់ជាអំណោយមូលនិធីសង្គម១ខ្នងមាន៥បន្ទប់ជាអំណោយរាជរដ្ឋាភិបាលកម្ពុជា។
លោក ញូវ ឆៃឡេង នាយករង
បុគ្គលិកបម្រើការចំនួន២៥នាក់ស្ត្រី៥នាក់ សិស្សានុសិស្សសរុប ៤៤៦នាក់ក្នុងនោះនារី២៣៧នាក់។ នេះបើតាមការឲ្យដឹងពីលោក ញូង ឆៃឡេង នាយករងទទួលបន្ទុកបច្ចេកទេស។ នាយករងរូបនេះបានរៀបរាប់បន្ថែមទៀតថា សាលាមានទីលានលោតកម្ពស់ និងលោតចម្ងាយមិនមានលក្ខណៈសមស្រប១កន្លែង ទីលានបាល់ទះ១កន្លែង។
លោកបន្តថា សាលារៀនដំរីពួន មានគម្រោងកសាងរបងជុំវិញសាលាមានប្រវែង១០០០ម៉ែត្រ ព្រមទាំងរៀបចំធ្វើទីលានបាល់ទាត់១កន្លែង ដោយត្រូវចាក់ដីបំពេញ ឈូសឆាយពង្រាបដោយប្រើគ្រឿងចក្របន្ទាប់មកត្រូវដាំបង្គោលទី សាងសង់ទីលានបាល់បោះថ្មី១កន្លែង ទីលានប៊ូលប៉េតង់១កន្លែង កែលម្អទីលានលោតកម្ពស់ និងលោតចម្ងាយដោយដាំបង្គោលមានគំនូសសញ្ញា សាងសង់សួនច្បារ និងរូបសំណាកនៅក្នុងបរិវេណសាលាបន្ថែមទៀត។
លោកលើកឡើងថា សាលារៀននេះកម្សត់បន្តិចណាស់ ព្រោះថាខ្វះបន្ទប់ឲ្យសិស្សរៀន គណៈគ្រប់គ្រងសាលាបង្ខំចិត្តយកអគារសិក្សា ដែលចាស់ទ្រុឌទ្រោមជាងគេឲ្យសិស្សរៀន។ « យើងខ្ញុំបានខិតខំដាក់សំណើទៅរាជរដ្ឋាភិបាលផង ក្រសួងអប់រំផងពីកង្វះខាតអគារសិក្សាជាច្រើនលើកច្រើនសារ តែមិនមានការឆ្លើយតបមកវិញសោះ បើនិយាយពីរបងសាលាវិញ គឺមានតែផ្នែកខាងមុខជាប់ផ្លូវលំប៉ុណ្ណោះ សាលាបានស្នើសុំថវិកាពីសប្បុរសជនឲ្យជួយកសាងរបងបានចំនួនដែរ»។
លោក ស្លឹក ឡយ គ្រូកីឡា
លោក ស្លឹក ឡយ ជាគ្រូអប់រំកាយ និងកីឡាប្រចាំសាលាបានឲ្យដឹងថា លោកសម្រេចចិត្តមកបង្រៀនសាលានេះ ក៏ព្រោះជាភូមិកំណើតរបស់លោក ហើយចង់ជួយអភិវឌ្ឍកីឡាសាលានេះឲ្យមានភាពល្អប្រសើរជាងមុន។
លោកបង្ហើបថា សម្ភារៈកីឡាខ្វះខាតមែនទែនដូចជាឯកសណ្ឋានជាដើម។ សិស្សសាលាចូលចិត្តលេងកីឡាណាស់ តែឪពុកម្តាយ និងអាណាព្យាបាលច្រើនតែឃាត់ឃាំងពួកគេមិនឲ្យលេង ព្រោះចង់ឲ្យជួយការងារផ្ទះសម្បែង។
លោកនាយករងសំណូមពរទៅកាន់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា សូមជួយសាងសង់ផ្តល់នូវអគារសិក្សា១ខ្នង និងអំពាវនាវដល់ក្រុមហ៊ុន សប្បុរសជន និងស្ថាប័ននានា សូមជួយកសាងរបងសាលាដែលកំពុងតែចាប់ផ្តើមសាងសង់ជាបណ្ដើរ ព្រមទាំងជួយឧបត្ថម្ភជាខោអាវ និងសម្ភារៈកីឡាហ្វឹកហាត់ដល់សាលាជនបទមួយនេះតាមលទ្ធភាព៕
អត្ថបទ៖ សោម សារិទ្ធ