ម្ចាស់បទ "ស៊ីចេកផឹកទឹក" ពោលសោកស្ដាយ
- 2016-06-02 18:45:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទ "ស៊ីចេកផឹកទឹក" ពោលសោកស្ដាយ
ចន្លោះមិនឃើញ
ម្ចាស់បទ "ស៊ីចេកផឹកទឹក" តារាចម្រៀង និរត្តន៍ បានត្រឹមពោលពាក្យសោកស្ដាយ ព្រោះរហូតមកដល់ពេលនេះហើយ នាងនៅតែមិនទាន់អាចជួយម្ដាយឱ្យមានជីវភាពធូរធារដូចគេឡើយ។
“បានត្រឹមតែស្ដាយ ពេលនេះខ្ញុំជួយខ្លួនឯងស្ទើរមិនបានផង អញ្ចឹងមិនទាន់អាចជួយម៉ែឱ្យបានធំដុំ មានជីវភាពធូរធារដូចគេទេ"។ និរត្តន៍ ថ្លែងមកកាន់ Sabay។ នាងបន្តថា បច្ចុប្បន្នម្ដាយកំពុងរស់ជាមួយប្អូនស្រីម្នាក់ និងយាយតាជរាឯស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ ក្នុងជីវភាពជាស្ត្រីមេម៉ាយ ម្ដាយរបស់នាងមានរបរធ្វើស្រែចម្ការធម្មតាដូចអ្នកភូមិទូទៅដែរ។
តារាចម្រៀង Town រូបនេះបន្តថា ការប្រឡូកក្នុងវិស័យសិល្បៈ១ឆ្នាំមកនេះ ហាក់មិនទាន់ធ្វើឱ្យនាងមានលំនឹងជីវភាពដូចតារាផ្សេងទៀតនោះឡើយ កុំថាឡើយដល់ថ្នាក់ជួយម្ដាយឱ្យមានជីវភាពធូរធារ។ នាងបន្តថា សូម្បីកន្លែងស្នាក់នៅក៏មិនទាន់មានផ្ទាល់ខ្លួននៅឡើយដែរ ត្រូវរស់អាស្រ័យជាមួយម្ដាយមីង។
ទោះបីជាយ៉ាងណា តារាចម្រៀងដដែលអះអាងថា នាងនឹងព្យាយាមសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈបន្ថែមទៀត ដើម្បីក្លាយជាតារាចម្រៀងមួយរូបកាន់តែមានការទទួលស្គាល់ពីសំណាក់មហាជនទូទៅ។ នាងសង្ឃឹមថា ពេលនោះអាចរកចំណូលបានច្រើន ហើយអាចជួយជ្រោមជ្រែងគ្រួសារដោយមិនបាច់ពឹងជំនួយពីបុគ្គលណាឡើយ៕
អត្ថបទ៖ សំ ជំនាញ