រឿង​ក្ដី ម៉ៅ សុ​ចាន់​ធី ប្ដឹង​តារា​សម្ដែង​ម្នាក់​ ប៉ូលិស​​ចាត់ការស្អែកនេះ

  • 2016-06-15 13:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ក្ដី​ប្ដឹង​ផ្ដល់ របស់​អតីត​តារា​សម្ដែង​ ម៉ៅ សុចាន់ធី ​ប្ដឹង​ទៅ​លោក រតនៈ វិបុល ឈ្មោះ​ហៅ​ក្រៅ​ យង់ យ៉េ ដែល​ជា​តារា​សម្ដែង​ដូច​គ្នា​ពី​បទ"​ជេរប្រមាថ​ និង​គំរាម​បាញ់​​សម្លាប់" នោះ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​បាត់ដំបង នឹង​ចាត់​ការ​នៅ​ថ្ងៃ ១៦ ខែ មិថុនា ស្អែក​​​នេះ​ហើយ។

 

 

 

 ម៉ៅ សុចាន់ធី និង រតនៈ វិបុល (រូបភាព៖ ផ្ដល់​ដោយ ម៉ៅ សុចាន់ធី)

 

តាម​លិខិត​កោះ​ហៅ​ដែល​ចេញ​ដោយ​​ស្នងការ​នគរបាល​​ខេត្ត​បាត់​ដំបង ឧត្ដមសេនីយ៍ត្រី ដេត វណ្ណនី ​ដែល​ផ្ដល់​ឲ្យ​​ដោយ​អ្នក​នាង ម៉ៅ សុចាន់​ធី ​ជា​ដើម​បណ្ដឹង​ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​​កោះ​ហៅ​លោក រតនៈ វិបុល ឈ្មោះ​ហៅ​ក្រៅ​ យង់ យ៉េ ឲ្យ​មក​ចូល​បំភ្លឺ​​​នៅ​ការិយាល័យ​នគរបាល​កម្រិត​ធ្ងន់​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ ១៦ ខែ មិថុនា ឆ្នាំ ២០១៦​ខាង​មុខ​នេះ។ យ៉ាង​​ណា មិន​ដឹង​ថា ភាគី​ចុង​បណ្ដឹង​នឹង​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ ឬ​យ៉ាង​ណា​នៅ​ឡើយ។

 

​លោក រតនៈ វិបុល ឈ្មោះ​ហៅ​ក្រៅ​យង់ យ៉េ ត្រូវ​បាន​អតីត​អតីត​តារា​សម្ដែង​ខាង​លើ ​ប្ដឹង​កាល​ពី​ថ្ងៃ​១៣ ខែ មិថុនា ឆ្នាំ ២០១៦​ពី​បទ "​ជេរប្រមាថ​ និង​គំរាម​បាញ់​​សម្លាប់" ដែល​អង្គហេតុ​កើត​តាំង​ពី​ដើម​ឆ្នាំ២០១៥​មក​​ម្ល៉េះ។ ខ្លឹម​សារ​នៃ​ពាក្យ​បណ្ដឹង​​មាន​ដូច​ក្នុង​​ខាង​ក្រោម​ស្រាប់។

 

អ្នក​នាង ម៉ៅ សុចាន់ធី ដែល​ទើប​មក​ពី​សហរដ្ឋ​​អាមេរិក​កាល​ពី​ដើម​ខែ​នេះ ព្រោះ​​តែ​រឿង​​ក្ដីក្ដាំ​ខាង​លើ​ បាន​លើក​ឡើង​ថា លោក រតនៈ វិបុល មិន​ត្រឹម​តែ​ជេរប្រមាថ​អ្នក​នាង​ម្នាក់​​ទេ គឺ​ជេរ​អ្នក​សិល្បៈ​ជា​ច្រើន​ទៀត ជា​ពិសេស​​សិល្ប ការិនី​ជំនាន់​អ្នក​នាង​តែ​ម្ដង។ មូលហេតុ​ដែល​នាំ​ឲ្យ​​មាន​ការ​ជេរប្រមាថ​ និង​គំរាម​បាញ់​​សម្លាប់ ក៏​ព្រោះ​តែ​លោក វិបុល បាន​ចូល​មក​លូក​​ដៃ ​ក្នុង​ជម្លោះ​មួយ​រវាង អ្នក​នាង​ជា​មួយ ​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ក្នុង ​Facebook។

 

អតីត​តួ​សម្ដែង​ក្នុង​រឿង "ទឹក​រាំ​ផ្ការាំ" ដដែល ជឿ​ជាក់​ថា ច្បាប់​នឹង​ផ្ដល់​យុត្តិធម៌​ដល់​រូប​នាង ត្បិត​ភស្តុ​តាង​ មាន​គ្រប់​គ្រាន់​ល្មម​ដាក់​បន្ទុក​ភាគី​ចុង​បណ្ដឹង​របស់​អ្នក​នាងបាន​ហើយ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក រតនៈ វិបុល ភាគី​ចុងបណ្ដឹង មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​គិត​ត្រឹម​រសៀល​ម្សិលមិញ៕

 

អត្ថបទ៖ ខុត សីហា

រូបថត និងឯកសារ​ទាំង​អស់​៖ ផ្ដល់​ដោយ ម៉ៅ សុចាន់ធី

អត្ថបទថ្មី