ម៉ៅ សុ​ចាន់​ធី ៖ តុលាការ​សម្រេច​ឃុំ​ខ្លួន​​ជន​ជាប់​​ចោទ​ក្រោយ​ព្រម​ចូល​ខ្លួន

  • 2016-06-17 18:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ក្ដី​ប្ដឹង​ផ្ដល់​របស់​អតីត​តារា​សម្ដែង​ ម៉ៅ សុចាន់ធី ​ប្ដឹង​ទៅ​លោក រតនៈ វិបុល ឈ្មោះ​ហៅ​ក្រៅ​ យង់ យ៉េ ដែល​ជា​តារា​សម្ដែង​ដូច​គ្នា​ពី​បទ "ជេរប្រមាថ ​និង​គំរាម​បាញ់​​សម្លាប់” នោះ ឥឡូវ​នេះ តុលាការ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ហើយ បន្ទាប់​ពី​ជនជាប់​ចោទ​រូប​នេះ​​បាន​ចូល​ខ្លួន ហើយ​សារភាព​ពី​ទង្វើ​របស់​ខ្លួន។ នេះបើ​តាម​អ្នក​នាង ម៉ៅ សុចាន់ធី ប្រាប់​ Sabay នៅ​ព្រឹក​នេះ។

 

 

អ្នកនាង ម៉ៅ សុចាន់ធី បាន​ឲ្យ​ដឹង​ថា ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​បាត់ដំបង បាន​កោះ​ហៅ លោក រតនៈ វិបុល ឈ្មោះ​ហៅ​ក្រៅ​ យង់ យ៉េ កាល​ពី​ម្សិល​មិញ ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​បណ្ដឹង​ខាង​លើ។ ក្នុង​​ចម្លើយ លោក រតនៈ វិបុល បាន​សារភាព​ថា​ លោក​ពិត​ជា​បាន​ជេរប្រមាថ​ និង​គំរាម​បាញ់​​សម្លាប់​ ម៉ៅ សុចាន់ធី ពិតប្រាកដ​មែន ។

 

ដោយ​មាន​ភស្តុតាង​គ្រប់គ្រាន់ ហើយ​ជន​ជាប់​ចោទ​បាន​សារភាព​ផង​នោះ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​បាត់ដំបង​បាន ស្នើ​សុំ​ដីកា​ពី​ព្រះរាជអាជ្ញា ដើម្បី​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ "មេធាវី​ខល​មក​​ខ្ញុំ​ថា គេ​​បញ្ជូន​គាត់​ទៅ​ព្រះរាជអាជ្ញា​ ហើយ​គេ​ឃុំ​គាត់​​ខ្លួន​បណ្ដោះ​អាសន្ន​​ហើយ"។

 

យ៉ាង​នេះ​ក្ដី លោក ធ្ធាំ ប៉ុណ្ណា ចៅក្រម សាលា​ដំបូង ខេត្ត​បាត់ដំបង ដែល​ទទួល​​ចាត់​ការ​បណ្ដឹង​ខាង​លើ​បញ្ជាក់​ថា ករណី​នេះ ​​ព្រះរាជអាជ្ញា​​មិន​ទាន់​បាន​ចេញ​ដីកា​ឃុំ​ខ្លួន លោក រតនៈ វិបុល ​ហៅ​ក្រៅ​ យង់ យ៉េ នៅ​ឡើយ​ទេ គ្រាន់​តែ​កោះ​ហៅ​មក​ចូល​បំភ្លឺ​ប៉ុណ្ណោះ។

 

លោក ចៅក្រម​បញ្ជាក់​ថា បទ "ជេរប្រមាថ​ និង​គំរាម​បាញ់​​សម្លាប់” ដែល​ជន​ល្មើស​បាន​ប្រព្រឹត្តិ​​ដូច​ពាក្យ​បណ្ដឹង​​ខាង​លើ​ មិន​អាច​ឃុំ​ខ្លួន​បាន​ទេ ហើយ​ម្យ៉ាង​ទៀត​មិន​មែន​ជា​បទ​​​ល្មើស​ជាក់​ស្ដែង។ លោក ធ្ធាំ ប៉ុណ្ណា សុំ​មិន​អធិប្បាយ​បន្ថែម មុន​ពេល​​តុលាការ​បន្ត​នីតិវិធី។

 

លោក រតនៈ វិបុល ឈ្មោះ​ហៅ​ក្រៅ​យង់ យ៉េ ត្រូវ​បាន​អតីត​​​តារា​សម្ដែង​ខាង​លើ ​ប្ដឹង​កាល​ពី​ថ្ងៃ​១៣ ខែ មិថុនា ឆ្នាំ ២០១៦​ ពី​បទ “​ជេរប្រមាថ​ និង​គំរាម​បាញ់​​សម្លាប់” ក្នុង​ជម្លោះ​លើ​បណ្ដាញ​ Facebook ដែល​អង្គហេតុ​កើត​តាំង​ពី​ដើម​ឆ្នាំ ២០១៥ ​មក​​ម្ល៉េះ។

 

 

តាម​បណ្ដឹង ក្រៅ​ពី​ចង់​ឲ្យ​ច្បាប់​​ផ្ដន្ទា​ទោស​ អ្នក​នាង ម៉ៅ សុចាន់ទី នៅ​ប្ដឹងទាមទារ​សំណង​ជំងឺ​ចិត្ត ៥០០០០ដុល្លារ​អាមេរិក​ទៀត។ ប៉ុន្តែ​ បន្ទាប់​ពី​ជនជាប់​ចោទ ព្រម​​សារភាព​ទទួល​កំហុស​របស់​ខ្លួន​ ព្រម​ទាំង​ស្នើ​សុំ​ឱកាស​ សំពះ​សុំ​អភ័យទោស ជា​ថ្នូរ​នឹង​ការ​​ដក​ពាក្យ​បណ្ដឹង​នោះ ម៉ៅ សុចាន់​ធី ប្រាប់​ថា អ្នក​នាង អាច​នឹង​ទទួល​យក ព្រោះ​ក៏​​មិន​ចង់​វែង​ឆ្ងាយ​ដែរ។

 

ដូច្នេះ​ហើយ ថ្ងៃ​នេះ​ ឬ​ស្អែក​ អតីត​តារា​សម្ដែង​រូប​នេះ ប្រាប់​ថា ​នឹង​ចុះ​ទៅ​ខេត្ត​បាត់​ដំបង ដើម្បី​បញ្ចប់​រឿង​ ត្បិតអី​ការ​​ដែល​អ្នក​ស្រី​​ខំ​ស្កាត់​ពី​សហរដ្ឋ​អាមេរិក​មក ក៏​ដើម្បី​ដោះ​ស្រាយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន​ឯង​ដែរ៕

 

 

អត្ថបទ៖ ខុត សីហា ​​

រូបថត ៖ ផ្ដល់​ដោយ ម៉ៅ សុចាន់ធី

អត្ថបទថ្មី