បុស្បា ប៉ាន់ បន្តរៀននៅអាមេរិក៨ឆ្នាំទៀត យកថ្នាក់បណ្ឌិតតន្ត្រី
- 2016-07-13 15:01:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុស្បា ប៉ាន់ បន្តរៀននៅអាមេរិក៨ឆ្នាំទៀត យកថ្នាក់បណ្ឌិតតន្ត្រី
ចន្លោះមិនឃើញ
កញ្ញា បុស្បា ប៉ាន់ យុវនារីកម្ពុជាទី១ដែលបានទទួលអាហារូបករណ៍ចូលរៀនផ្នែកនិពន្ធបទភ្លេងនៅសហរដ្ឋអាមេរិក បានមកដល់កម្ពុជាហើយកាលពីម្សិលមិញ។ យុវតីរូបនេះបានឲ្យដឹងថា ការសិក្សារបស់នាង នៅសល់៨ឆ្នាំទៀត ទើបបញ្ចប់ថ្នាក់បណ្ឌិតផ្នែកតន្ត្រី។
ដំណើរមកប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួនលើកនេះ ត្រូវបានកញ្ញា បុស្បា ប៉ាន់ ឲ្យដឹងថា គឺដើម្បីចូលរួមកម្មវិធីសិក្ខាសាលាមួយ និងកម្មវិធីមួយចំនួនទៀតនៅលើទឹកដីខេត្ត សៀមរាប ។ សិក្ខាសាលានោះ មានសិល្បករមកពីបណ្ដាប្រទេស៥ផ្សេងទៀតចូលរួម ដែលកម្មវិធីនេះ ដឹកនាំដោយអ្នកនិពន្ធបទភ្លេងជនជាតិខ្មែរ សញ្ជាតិអាមេរិក គឺលោក អ៊ឹង ជិនណារី ។ តាមគ្រោង បុស្បា ប៉ាន់ មកប្រទេសកំណើតចំនួន២សប្តាហ៍។
តាមការលើកឡើងរបស់ បុស្បា ប៉ាន់ នាងបានទៅសិក្សាផ្នែកនិពន្ធ បទភ្លេងនៅសហរដ្ឋអាមេរិកជិត៤ឆ្នាំមកហើយ។ កាលពីឆ្នាំមុន នាងបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Walnut Hill ហើយឆ្នាំនេះ នាងបានបញ្ចប់ការសិក្សាឆ្នាំទី១នៅសាកលវិទ្យាល័យ The New England Conservatory រដ្ឋប៊ូស្តុន។
នាងឲ្យដឹងថា ការសិក្សារបស់នាងនៅទីនោះ មានដូចជា ការរៀនច្រៀង តែងនិពន្ធ រៀនពីទ្រឹស្ដីតន្ត្រី ប្រវត្តិតន្ត្រី រចនាបថ រកភាពខុសគ្នានៃតន្ត្រី បទភ្លេង និង ឧបករណ៍ភ្លេងជាដើម។ ក្រៅពីនេះ នាងបានរៀនពីរបៀបតែងបទភ្លេងសម្រាប់ភាពយន្ត ឬខ្សែភាពយន្តឯកសារផងដែរ។
បុស្បា ប៉ាន់ លើកឡើងថា នាងនឹងវិលមករស់នៅប្រទេសកម្ពុជាវិញ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ដើម្បីចូលរួមជួយក្នុងការអភិវឌ្ឍសង្គម ជាពិសេសជួយដល់កុមារឲ្យទទួលបានការអប់រំតន្ត្រី ។ បន្ថែមលើនេះ នាងចង់ចងក្រងឯកសារ តន្ត្រីខ្មែរទុកសម្រាប់ខ្មែរ និងបរទេសសិក្សា ត្បិតអីតន្ត្រីទាំងអស់នោះ មានត្រឹមតែជាការចេះចាំតៗគ្នានោះ៕
អត្ថបទ៖ ខុត សីហា