ក្រុមស្រឡាញ់បទចម្រៀងសម័យទសវត្ស ៦០-៧០ បង្កើត Page ជួបគ្នាម្ដងទៀត
- 2016-07-22 16:52:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមស្រឡាញ់បទចម្រៀងសម័យទសវត្ស ៦០-៧០ បង្កើត Page ជួបគ្នាម្ដងទៀត
ចន្លោះមិនឃើញ
ជួបគ្នាម្ដងទៀត ជាឈ្មោះ Page មួយ ដែលបង្កើតឡើងដោយក្រុមស្រឡាញ់បទចម្រៀងសម័យពីដើម ក្នុងអំឡុងទសវត្ស ៦០-៧០។ ឈ្មោះ Page នេះ ចង់នាំអារម្មណ៍មនុស្សគ្រប់គ្នាទៅសម័យមុន ដែលប្រមូលផ្ដុំបទចម្រៀងចាស់ៗ រួមទាំងរូបភាព និង ឧបករណ៍ភ្លេងសាមញ្ញៗ កាលពីជំនាន់មុន។
សូមចុចអាន៖ ប្រធានក្រុម វង់តន្រ្តីបងប្អូន ច្រានចោលព័ត៌មានបែកបាក់ក្រុម
លោក ហុង ស្រីសន្ដិភាព ប្រធានក្រុមវង់តន្ត្រីបងប្អូន ដែលជាម្ចាស់ Page ម្នាក់ក្នុងចំណោម២នាក់ផ្សេងទៀតរួមមាន លោក ស៊ិន ច័ន្ទចេដ្ឋា និង លោក សារ៉ា សុផាន់ណា បានឲ្យដឹងថា ការបង្កើត Page នេះឡើង ដើមឡើយគ្រាន់តែច្រៀងលេងទេ តែមានអ្នកចាប់អារម្មណ៍ចូលមើលច្រើន ក៏ធ្វើឲ្យទៅជា Page ធំមួយ ដោយបើកផ្លូវឲ្យអ្នកដែលចង់ច្រៀងបទពីដើមផ្ញើសារជាសំឡេង ហើយជ្រើសមកច្រៀងនៅ Studio។
“បទចម្រៀង ការរចនា និង ពណ៌រូបភាព យើងធ្វើវាឲ្យដូចទៅសម័យមុន យើងចង់នាំអារម្មណ៍មនុស្សគ្រប់គ្នាវិលទៅរកសម័យមួយដែលល្បីល្បាញផ្នែកសិល្បៈ"។ សន្ដិភាព និយាយ។
អ្នកដែលបានចូលមើល Page ខាងលើ ប្រាកដជាបានដឹងហើយ ដោយឃើញមានអ្នកច្រៀង និង សំលៀកបំពាក់ បែបសម័យមុន ប៉ុន្តែ ពួកគេមួយចំនួនគឺជាតារាចម្រៀង ហើយមួយចំនួនមិនមែនទេ គឺគ្រាន់តែអ្នកស្រឡាញ់បទចម្រៀងពីដើមៗ។
“មានអ្នកឆាតផ្ញើជាសំឡេង ឬ វីដេអូ មកប្រអប់ផេករបស់យើង ហើយយើងពិនិត្យមើអំពីសមត្ថភាពសំឡេងរបស់គាត់បើអាចច្រៀងបាន យើងហៅពួកគាត់មកច្រៀងនៅ Studio នៅម្ដុំទួលគោក រៀងរាល់ថ្ងៃសៅរិ៍ ពេលរសៀល និង ចាក់ផ្សាយនៅរៀងរាល់ថ្ងៃពុធ"។ សន្ដិភាព បន្ថែម។
នៅពេលចោទសួរថា ការណ៍ដែលយកបទពីដើមមកច្រៀងលេងបែបនេះ អាចនឹងរងការរិះគន់ពីមហាជនអំពីការរំលោភកម្មសិទ្ធិបញ្ញា ឬ ធ្វើឲ្យខូចបទចម្រៀងរៀមច្បង ដូចជា លោក ស៊ីន សាមុតដែរទេ? “ខ្ញុំគិតថា មិនប៉ះពាល់ទេ យើងមិនធ្វើអាជីវកម្ម យើងគ្រាន់តែច្រៀងលេង ក្នុងន័យអ្នកស្រឡាញ់បទពីដើម តែបើមានប្រតិកម្មមែន ខ្ញុំនឹងលុបចោលវីដេអូទាំងនោះចេញភ្លាម"។ សន្ដិភាព និយាយ។
ផ្ទុយពីនេះ លោក សន្ដិភាព បង្ហើបថា ប្រសិនបើមានលទ្ធភាព ហើយក្រសួងវប្បធម៌ និង ស្ថាប័នពាក់ព័ន្ធ រួមទាំងមហាជនគាំទ្រ ពួកគេចង់បង្កើតក្រុមមួយច្រៀងបទពីដើមៗ ហើយប្រើឧបករណ៍ចាស់ រួមទាំងការថត MV បែបសម័យដើម បង្ហាញអំពីទិដ្ឋភាព សំលៀកបំពាក់ និង វប្បធម៌នាសម័យទសវត្ស ៦០-៧០ ដោយប្រមូលផ្ដុំអ្នកដែលធ្លាប់បានច្រៀងតាមផេករាល់ដង ព្រោះថា រាល់បទចម្រៀងដែលបានបង្ហោះនៅលើបណ្ដាញសង្គម ឃើញមានអ្នកគាំទ្រច្រើន។
“ជួបគ្នាម្ដងទៀត" បង្កើតឡើងបានជាង ៦ ខែមកហើយ ដោយមានគាំទ្រចុច Like ជាង៣ម៉ឺននាក់ ហើយវីដេអូខ្លះ មានអ្នកចុច Share រហូតដល់ជាងមួយម៉ឺនក៏មាន។
រាប់ចាប់តាំងពីថ្ងៃបង្កើតផេកនេះឡើង គឺមហាជនបានចូលច្រៀងបានជាង ១០ នាក់ហើយ ហើយនៅមានមួយចំនួនទៀត នៅមិនទាន់បញ្ចេញនៅឡើយ។ ដូច្នេះ ប្រសិនបើចង់ច្រៀងបទពីដើមៗ ផ្ញើសារជាសំឡេង ឬ វីដេអូ ទៅកាន់ផេក "ជួបគ្នាម្ដងទៀត" គឺម្ចាស់ផេកនឹងធ្វើការពិនិត្យសំឡេង ប្រសិនបើអាចទទួលយកបាននឹងហៅទៅច្រៀងនៅ Studio នៅម្ដុំទួលគោក ជិតវិទ្យាល័យឥន្ទ្រទេវី។ សន្ដិភាព និយាយ៕
គ្រប់បទចម្រៀង គឺប្រើប្រាស់សំឡេងដើម ដោយមិនមានការកាត់តនោះទេ។ សន្ដិភាព បញ្ជាក់។
អត្ថបទ៖ វិបុត្រ