CBL៖ បី​ក្រុម​ឡើង​វគ្គ​១/២​ តែ​ Sabay មូស​ខ្លា​ និង​ Emperors ត្រូវ​កាត់​ក្ដី​​​ប្រកួត​ទី​៣

  • 2014-11-03 16:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីក​បាល់​បោះ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​២​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​បី​ក្រុម​រួម​មាន​ Davies Paints, Pate 310 និង​ Mekong Tigers សុទ្ធ​តែ​បាន​កក់​កៅអី​សម្រាប់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​រួច​រាល់​អស់​ហើយ​ លើក​លែង​តែ​ Sabay Tigers Mosquitoes (Sabay ​មូស​ខ្លា)​ និង​ Emperors ប៉ុណ្ណោះ​ដែល​ត្រូវ​កាត់​សេចក្ដី​នា​ប្រកួត​ទី​៣​នៅ​ចុង​សប្ដាហ៍​នេះ។

 

គូ​ដំបូង​គេ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ក្រុម​ Davies Paints បាន​បន្ត​យក​ឈ្នះ​លើ​ក្រុម​ CCPL Warriors ក្នុង​លទ្ធផល​លើសលប់​ ១១៦​ ទល់​នឹង​ ៦៧។ ការ​ប្រកួត​នេះ​កីឡាករ​ CCPL Warriors ហាក់​ដូចជា​បាក់​ទឹក​ចិត្ត​ដោយ​កីឡាករ​ភាគ​ច្រើន​បាន​មក​យឺត​ពិសេស​កីឡាករ​កម្ពុជា​ ហើយ​ក្រុម​មួយ​នេះ​ត្រូវ​ចាប់​ផ្ដើម​លេង​ដោយ​មាន​គ្នា​ត្រឹម​តែ​៤​នាក់​ ដែល​ធ្វើ​ឲ្យ​ Davies Paints កាន់​តែ​ងាយ​ស្រួល​រក​គ្រាប់​បាល់។

 

 

ដោយ​ឡែក​គូ​បន្ទាប់​ Sabay មូស​ខ្លា​ មិន​អាច​កក់​កៅអី​សម្រាប់​៤​ក្រុម​ចុង​ក្រោយ​បាន​នោះ​ទេ​ បន្ទាប់​ពី​ត្រូវ​ Emperors វាយ​បក​យក​ឈ្នះ​នៅ​ម៉ោង​បន្ថែម​ក្នុង​លទ្ធផល​ ៦៤-៦១។ ដូច្នេះ​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​កាត់​សេចក្ដី​នៅ​ប្រកួត​ទី​៣​របស់​ខ្លួន​ ដើម្បី​ឲ្យ​ដឹង​ថា​តើ​ក្រុម​ណា​មួយ​ដែល​នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត។

 

 

ផ្សេង​ពី​នេះ​ពីរ​គូ​នៅ​ថ្ងៃ​អាទិត្យ​ ក្រុម​ Pate 310 និង​ Mekong Tigers សុទ្ធ​តែ​បាន​កក់​កៅអី​រួច​រាល់​សម្រាប់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ ដោយ​ក្រុម​ទាំង​ពីរ​បាន​បន្ត​យក​ឈ្នះ​លើ​ដៃ​គូ​នា​ការ​ប្រកួត​ជើង​ទី​២​នេះ​ដូច​គ្នា។ Pate 310 បាន​បន្ត​យក​ឈ្នះ​លើ​ Smart Dragons ក្នុង​លទ្ធផល​ ៧០-៥៩​ រីឯ​ Mekong Tigers ក៏​បាន​បន្ត​យក​ឈ្នះ​លើ​ Extra Joss Fighters ក្នុង​លទ្ធផល​ ៧៩-៦៤។

សកម្មភាព​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ

 

អត្ថបទ៖ អៀង សូទ្រី