ទៅលេងភ្នំតាម៉ៅ ត្រូវដឹងព័ត៌មានទាំងនេះ
- 2016-09-21 20:00:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលេងភ្នំតាម៉ៅ ត្រូវដឹងព័ត៌មានទាំងនេះ
ចន្លោះមិនឃើញ
ឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ត្រូវបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០០០ មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ២ ពីរាជធានីភ្នំពេញ។ បើធ្វើដំណើរពីភ្នំពេញតាមរថយន្ត ប្រើរយៈពេល ៤៥នាទី។
មានផ្ទៃដី ២.៥០០ ហិចតា ដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ ក្នុងនោះផ្ទៃដីចំនួន ១.២០០ហិចតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី៧០ហិចតានេះរួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្ដៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោម ភ្នំទាំង ៥ នេះមានមានប្រាសាទបុរាណ២ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ សួនសត្វ ភ្នំតាម៉ៅ គឺជាសួនសត្វដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីជាសួនសត្វ វាក៏ជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃតែមួយគត់នៅកម្ពុជាផងដែរ។
តាមការឲ្យដឹងពី លោក គុយ តុង អនុប្រធានគ្រប់គ្រងឧទ្យានសួនសត្វភ្នំ តាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ សួនសត្វភ្នំតាម៉ៅ មានសត្វជាង ១០០ ប្រភេទ និងមានជាង ១ ៣០០ ក្បាល ដោយមិនរាប់បញ្ចូលសត្វនៅក្រៅទ្រុង ។ សត្វទាំងអស់នោះមានដូចជា ប្រើស ឈ្លូស ឆ្កែចចក ប្រភេទសត្វស្លាប ល្មូន ពពួកស្វា ទោច និងប្រភេទសត្វដទៃជាច្រើនប្រភេទថែមទៀត។
ភ្នំនេះជារមណីយដ្ឋានចម្រុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។
បើតាមអ្នកគ្រប់គ្រងសួនសត្វធំជាងគេនៅស្រុកខ្មែររូបនេះបញ្ជាក់ថា សត្វដែលយកមកចិញ្ចឹមក្រោមការគ្រប់គ្រងនៅឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃបានមកពី ៤ ប្រភពក្នុងនោះមាន៖
ទី១ បានមកពីការបង្ក្រាប ពីការឈ្មួញជួញដូរ។ ទី២ បានមកពីប្រជាពលរដ្ឋដែលចិញ្ចឹមតាមផ្លូវយកមកប្រគល់ឲ្យ។ ទី៣ មានមកពី កើតចេញការបង្កាត់ពូជ សត្វដែលរស់នៅទីនេះស្រាប់តែម្ដង។ ទី៤ ការដោះដូរ ពីសួនសត្វ ក្រៅប្រទេស ប៉ុន្តែមានមួយចំនួនតិចតួច។ អនុប្រធានគ្រប់គ្រងដដែលបានឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ឧទ្យានភ្នំតាម៉ៅអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិបានជាង ១០ម៉ឺននាក់ក្នុងមួយឆ្នាំ។ ចំណូលដែលបានមកពីការលក់សំបុត្រសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ មិនគ្រប់គ្រាន់លើ ការចំណាយប្រចាំថ្ងៃឡើយ ។
លោកថា ក្នុងឧទ្យានមានបុគ្គលិកបម្រើការងារជិត១០០នាក់ ក្នុងនោះ បុគ្គលិកជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងកសិកម្ម ១៣នាក់ មន្ត្រីជាប់កិច្ចសន្យា ៥១នាក់ និង បុគ្គលិកអង្គការជាង៥០នាក់។
ផ្លូវកៅស៊ូចាក់យ៉ាងល្អស្អាតទៅកាន់រមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ
ដោយសារតែកំណើនសត្វក្នុងព្រៃអភិរក្សកាន់តែមានចំនួនកើនឡើង ព្រោះសត្វដែលប្រលែងចូលក្នុងព្រៃធម្មជាតិបង្កើតកូនកាន់តែច្រើន ធ្វើឲ្យសត្វទាំងនោះចេញមកស៊ីផលដំណាំប្រជាពលរដ្ឋក្បែរនោះ ហើយបច្ចុប្បន្នសួនឧទ្យានកំពុងតែធ្វើរបងការពារសត្វទាំងនោះ កុំអោយចេញមកក្រៅនៅតំបន់សំខាន់មួយចំនួន។
អត្ថបទ៖ ខុត សីហា