ស្ទីល​​សារភាព​ស្នេហ៍​​ចាស់​គំរឹល​​ពី​​សម័យ​​​​មុន​ ថា​មិន​ត្រូវ​អ្នក​ក៏​ធ្លាប់​​ប្រើ​ដែរ​

  • 2014-11-03 23:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​​ពី​​ស្ទីល​ចែ​ចង់​ស្រី​កាល​ពី​​សម័យ​​មុន​ ជាមួយ​សម័យ​​ឥលូវ​​វិញ ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់ ខុស​គ្នា​ទាល់​តែ​ហៅ​លែង​ចង់​ឮ។ ​ឥលូវ​ស្ទីល​ញ៉ែ​ស្រី​របស់​បុរស​ៗ​ ខុស​ប្លែក​ពី​គ្នា​ និង ​មាន​ការ​វិវឌ្ឍ​ន៍​ទៅ​តាម​តិចនិក​ផ្ទាល់​ខ្លួន​ច្រើន​បែប​ ច្រើន​សណ្ឋាន​ណាស់។ ហើយ​បើ​ប្រៀប​ធៀប​ស្ទីល​ញ៉ែ​សម័យ​ឥលូវ​ និង​សម័យ​មុន​ ស្ដាប់​ទៅ​គួរ​ឲ្យ​ចង់​សើច​ខ្លាំង​​ណាស់។

 

សម័យ​បច្ចេកវិទ្យា​ឥលូវ​គេ​ធ្វើ​អី​ងាយៗ មិន​មែន​ដូច​កាល​ពី​មុន​នោះ​ទេ។ ខាង​ក្រោម​នេះ​ ជា​ការ​រំលឹក​​ពី​ស្ទីល​សារភាព​ស្នេហ៍​​ ដែល​ហួស​សម័យ​ តែ​ធ្លាប់​ទទួល​ជោគជ័យ​កាល​ជំនាន់​ហ្នឹង៖ ​​​

 

សម្រាប់​យុវជន​​ រស្មី​ អាយុ​២៩​ឆ្នាំ​ជា​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​ ​ប្រាប់​​ថា៖​ "កាល​នៅ​រៀន​វិទ្យាល័យ​ ខ្ញុំ​​លួច​ស្រលាញ់​នារី​ម្នាក់​ដែល​រៀន​ជា​មួយ​គ្នា​ ជំនាន់​នោះ​ខ្ញុំ​អត់​មាន​ទូរសព្ទ​ប្រើ​ទេ​ មិន​ដឹង​ជា​ប្រាប់​នាង​​​​តាម​​ណា​​​ទេ បើ​សារភាព​តាម​ត្រង់​ដូច​ជា​មិន​សម​ ហើយ​អៀន​ៗ​ខ្លួន​ម៉េច​ទេ ណា​មួយ​ខ្លាច​នាង​បដិសេធ​ទៀត​ផង"។​

 

រស្មី​ បាន​បន្ថែម​​ទាំង​អឹមអៀម​ទៀត​ថា​ ៖​ "មាន​តែ​ស្ទីល​បើក​សៀវ​ភៅ​ឃើញ​ស្នេហ៍​ទេ​ទើប​មាន​ប្រសិទ្ធភាព​​​ ​អញ្ចឹង​ហើយ​ទើប​ខ្ញុំ​ធ្វើ​ពុត​ជា​ ខ្ចី​សៀវ​ភៅ​នាង​កត់​មេរៀន​ តែ​តាម​ពិត​គ្រាន់​តែ​ជា​លេស​ ដើម្បី​អាច​​គូរ​រូប​បេះ​ដូង​​ក្នុង​សៀវ​ភៅ​គេ​​សោះ"។

 

រូបតំណាង

យ៉ាង​ណា​មិញ​ យុវជន​ ភួង​ មករា​ និស្សិត​ឆ្នាំ​ទី​៤​ នៃ​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ ​ក៏​បាន​រៀប​រាប់​ពី​ស្ទីល​សារភាព​ស្នេហ៍​ដុះ​ស្លែរ​របស់​ខ្លួន​​កាល​ពី​​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ​​ថា​ ៖ "និយាយ​ទៅ​គួរ​ឲ្យ​ចង់​សើច​ណាស់​ ខ្ញុំ​ធ្លាប់​សរសេរ​សំបុត្រ​ស្នេហា​ដ៏​ផ្អែម​ល្ហែម​មួយ​ ទុក​ជូន​នារី​ម្នាក់​ដែល​ខ្ញុំ​លួច​ស្រលាញ់ មិន​ដឹង​ជា​ឲ្យ​នាង​ដោយ​របៀប​ណា​ ក៏​ទម្លាក់​ចូល​ក្នុង​កន្ត្រក​កង់​នាង​ តែ​ចង្រៃ​អី​! ថ្ងៃ​នោះ​ភ្លៀង​មួយ​មេ​យ៉ាង​ខ្លាំង​​ ធ្វើ​ឲ្យ​សំបុត្រ​សារភាព​ស្នេហ៍​របស់​ខ្ញុំ​ ដាច់​រហែក​ខ្ទេច​ខ្ទី​អស់​មើល​លែង​យល់​​ន័យ"។

​​​​​

ចំណែក​ឯ យុវជន​ សុភ័ក្រ​ អាយុ​ ៣១​ឆ្នាំ​ ជា​បុគ្គលិក​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នៅ​ភ្នំពេញ​ បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា​ ៖ " ខ្ញុំ​គ្មាន​ស្ទីល​អី​ច្រើន​ទេ​រឿង​ញ៉ែ​ស្រី​នោះ​ មាន​តែ​ទ្រឹស្តី​មួយ​ទេ​ គឺ​ មុខក្រាស់​ ដៃ​រហ័ស​ ចិត្ត​ហ៊ាន តែ​មិន​មែន​ចេះ​តែ​​ប្រើ​​ខុស​កាល​ទេស​ទេ​ ត្រូវ​មើល​ទំនង​ដែរ"។

 

ចំពោះ​ យុវជន​ ឃឹម​ សំអឿន​ អាយុ​ ៣០ឆ្នាំ​ សព្វ​ថ្ងៃ​ជា​គ្រូ​បង្រៀន​វិទ្យាល័យ​នៅ​ឯ​ខេត្ត​តាកែវ​ ​និយាយ​ថា​៖ " ​អា​រឿង​ញ៉ែ​ស្រី​ខ្ញុំ​អត់​ចូល​ចិត្ត​ធ្វើ​អី​វែង​ឆ្ងាយ​ អូស​កាឡា​ដូច​គេ​ទេ បើ​ថា​ចាប់​អារម្មណ៍​នារី​ណា​ម្នាក់​គឺ​សុំ​ស្គាល់​គេ​ ហើយ​ចូល​ទៅ​និយាយ​លេង​ចែ​ចង់​ធម្មតា​ៗ​ទៅ​ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​វេលា​ មុន​នឹង​ក្រោយ​គង់​តែ​បាន​ស្គាល់​ទេ ព្រោះ​សម័យ​កាល​ហ្នឹង​អត់​ទាន់​មាន​ហ្វេសប៊ុក​អី​ដូច​ឥលូវ​ឯណា"។

 

គិត​ទៅ ​ស្ទីល​សារភាព​ស្នេហ៍​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ ស្ដាប់​ទៅ​គួរ​ឲ្យ​ចង់​សើច​មែន ខុស​ពី​សម័យ​ឥលូវ​ដាច់​។ បើ​និយាយ​ពី​​រឿង​ទាក់​ទង​គ្នា មែន​ទែន​ទៅ បច្ចុប្បន្ន​នេះ ​ពេល​ជួប​គ្នា​ គេ​យក​តែ​ឈ្មោះ​​​​ហ្វេស​ប៊ុក​គ្នា​ទេ ហើយ​​សូម្បី​តែ​លេខ​ទូរសព្ទ​ក៏​គេ​មិន​សូវ​ចង់​បាន​ដែរ៕

ចុះ​ប្រិយមិត្ត​វិញ មាន​ធ្លាប់​​​ដែល​ឮ​គេ​និយាយ​ពី​ស្ទីល​​​សារភាព​ស្នេហ៍​​​ទាំង​នេះ​ ពី​មុន​មក​ទេ?​​

 

អត្ថបទ៖ យិន​ សំបូរ​​​​​

​​​

អត្ថបទថ្មី