ទស្សនៈរបស់ គ្រូកម្ពុជា និងគ្រូទីម័រ មុនប៉ះគ្នាល្ងាចនេះ
- 2016-10-21 17:15:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនៈរបស់ គ្រូកម្ពុជា និងគ្រូទីម័រ មុនប៉ះគ្នាល្ងាចនេះ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវស្វាគមន៍ក្រុមទីម័រខាងកើតនាជំនួបចុងក្រោយក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup វេលាម៉ោង៦:៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិ។ ក្នុងជំនួបនៃប្រទេសទាំងពីតើលោក Lee Tae Hoon គ្រូបង្វឹកក្រុមកម្ពុជា និងលោក Fernando Rogério de Alcântara គ្រូបង្វឹកជម្រើសជាតិទីម័រខាងកើតនិយាយអ្វីខ្លះជុំវិញការប៉ះគ្នានេះ?
កម្ពុជាត្រូវការត្រឹមស្មើក៏អាចឡើងទៅវគ្គចែកពូលនៃពានរង្វាន់ខាងលើនេះដែរ ខណៈទីម័រខាងកើតអស់ឱកាសក្នុងការឡើងទៅវគ្គបន្តហើយ។ ជំនួបចុងក្រោយនេះជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមភ្ញៀវ មុនត្រឡប់ទៅផ្ទះវិញ។
លោក Lee Tae Hoon គ្រូបង្វឹកក្រុមកម្ពុជាបានឲ្យដឹងថា លោកនៅតែមិនទាន់អាចអះអាងថា កម្ពុជាបានឡើងទៅលេងវគ្គចែកពូលដរាបណាមិនទាន់ចប់៩០នាទីនៃប្រកួតចុងក្រោយ។ លោកដឹងថា ទីម័ររៀបចំខ្លួនបានល្អ ហើយពួកគេនឹងលេងដោយឆន្ទៈ ចង់ឈ្នះដើម្បីជាតិរបស់គេ ដូច្នេះវានឹងមិនមែនជាប្រកួតដែលងាយស្រួលសម្រាប់កម្ពុជាឡើយ។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះបន្ថែមថា លោកនឹងប្រើ១១នាក់ដំបូលដែលល្អបំផុតតទល់ជាមួយទីម័រ។ ឆ្លងកាត់ពីរប្រកួតកន្លងមកលោកមើលឃើញថា កីឡាករទាំងអស់ហាក់មានទំនុកចិត្ត ហើយលោកសង្ឃឹមថា ពួកគេនឹងនៅតែរក្សាទម្រង់លេងបានល្អល្ងាចនេះ។
ងាកទៅលោក Fernando Rogério de Alcântara បានលើកឡើងថា ការពិតក្រុមរបស់លោកអស់ឱកាសឡើងទៅវគ្គបន្តហើយ ប៉ុន្តែការប្រកួតគឺលេងដើម្បីជាតិ ហេតុនេះក្រុមរបស់លោក នឹងនៅតែប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបាន។
គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបន្ថែមថា បើគិតពីកម្រិតអាយុកីឡាកររបស់លោកមានអាយុក្មេងៗច្រើនបើធៀបនឹងកម្ពុជា ហើយការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិបែបនេះអាចចាត់ទុកថា ជាបទពិសោធន៍ល្អសម្រាប់ពួកគេ។ នាពេលអនាគតក្រុមជម្រើសជាតិទីម័រ នឹងខ្លាំងដោយសារយុវជនទាំងនេះ។
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះ AFF Suzuki Cup ក្រុមណាទទួលបានពិន្ទុខ្ពស់ជាងគេ១ក្រុម នឹងបានឡើងទៅលេងនៅវគ្គចែកពូល ដោយស្ថិតនៅពូល Bជាមួយប្រទេស មីយ៉ាន់ម៉ា (ម្ចាស់ផ្ទះ ) ម៉ាឡេស៊ី និងវៀតណាម៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា