ចង់ខ្លាំងខាងឌីហ្សាញ ត្រូវពឹងលើទេពកោសល្យទាំងនេះ
- 2016-11-11 05:50:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ខ្លាំងខាងឌីហ្សាញ ត្រូវពឹងលើទេពកោសល្យទាំងនេះ
ចន្លោះមិនឃើញ
Web និង Graphic Design ជាជំនាញត្រូវការអត់ធ្មត់និងគិតច្រើន ហើយត្រូវពឹងលើចំណុចសំខាន់ៗមួយចំនួនទើបអាចជោគជ័យ។
បើតាមកញ្ញា វត្តី អ្នកជំនាញ Web & Graphic Design វ័យក្មេងបញ្ចប់ការសិក្សាពីវិទ្យាស្ថានស៊ីតិកនិងបច្ចុប្បន្នកំពុងបម្រើការនៅក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក បញ្ជាក់ថា រឿងសំខាន់សម្រាប់ការសិក្សាជំនាញ Design គឺត្រូវចេះគូររូប។ អ្នកជំនាញឌីហ្សាញទាំងអស់ត្រូវចេះនិងចូលចិត្តការគូររូប ទើបងាយស្រួលក្នុងការបង្កើតរូបភាពប្លែកៗតាមតម្រូវការ។
កញ្ញាថាបន្ថែមថា អ្នកឌីហ្សាញម្នាក់ៗ ត្រូវមានភាពច្នៃប្រឌិតចំពោះរូបដែលខ្លួនឯងគូរឡើង ដើម្បីឲ្យកាន់តែទាក់ទាញនិងប្លែកពីគេ។
ក្រៅពីនេះ ជាអ្នកឌីហ្សាញ ត្រូវមានចំណេះដឹងនិងភាពស្ទាត់ជំនាញប្រើប្រាស់កម្មវិធី Photoshop, Illustrator, Lightroom និងកម្មវិធីឌីហ្សាញផ្សេងទៀត។ ចំពោះវត្តីផ្ទាល់រៀនចេះកម្មវិធីទាំងនេះពីសាលា តែថានៅត្រូវសិក្សាស្វែងយល់ខ្លួនឯងបន្ថែមនៅតាមអ៊ីនធឺណិត និងសុំការណែនាំខ្លះៗពីរៀមច្បង ក្រែងចេះអ្វីថ្មី។
ជាអ្នកឌីហ្សាញម្នាក់ វត្តីពន្យល់ថា គួរចំណាយពេលវិភាគវែកញែក (Brainstorm) រកគំនិតថ្មីឲ្យបានកាន់តែច្រើន ចេះពីយុទ្ធសាស្ត្រទីផ្សារនិងមានគោលការណ៍សម្រាប់ខ្លួនឯង។
សម្រាប់កញ្ញាផ្ទាល់ជាអ្នកឌីហ្សាញ តែងប្រកាន់គំនិតមួយគឺផ្តល់យោបល់ទៅភ្ញៀវឲ្យអស់លទ្ធភាពចំពោះផលិតផលដែលនឹងរចនាឡើង ទោះបីជាមានការជំទាស់ពីពួកគេក៏ដោយ។ ធ្វើដូចនេះគឺដោយសារពេលខ្លះទស្សនៈរបស់អតិថិជន អាចមិនសូវធ្វើឲ្យរបស់ឌីហ្សាញមកទទួលការចាប់អារម្មណ៍។
មុននឹងឌីហ្សាញ វត្តីថា ត្រូវស្វែងយល់ពីអ្វីដែលភ្ញៀវចង់បានឲ្យច្បាស់លាស់ជាមុនសិន ជៀសវាងមានកំហុសលើផលិតផលសម្រេច។ ម្យ៉ាងទៀតត្រូវសិក្សាបន្ថែមពីអ្នកឌីហ្សាញល្បីៗលើពិភពលោក ដើម្បីទទួលបានចំណេះដឹងនិងតិចនិកឌីហ្សាញថ្មីៗច្រើនទៀត។
អ្នកឌីហ្សាញវ័យ ២៣ ឆ្នាំរូបនេះថា ជាអ្នកឌីហ្សាញម្នាក់ពូកែ ត្រូវហ៊ានបង្ហាញគំនិតថ្មីៗនិងបើកចិត្តទទួលយកការរិះគន់ពីអ្នកជុំវិញ ទើបអាចរីកចម្រើនទៅថ្ងៃមុខ៕
អាន៖ iPhone 7 ដាក់លក់ផ្លូវការនៅវៀតណាមព្រឹកនេះ