សាប៊ូ​​​​ដុំ​​​កែច្នៃ​ ផលិត​នៅ​កម្ពុជា​ ជួយ​ទាំង​បរិស្ថាន និង​​​​ផ្ដល់​​ជូន​​ដោយ​​​​ឥត​គិត​ថ្លៃ​​ ល្បី​ដល់​​អង់គ្លេស​

  • 2016-11-23 02:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាប៊ូ​ដុំ​កែ​ច្នៃ​​​ផលិត​​នៅ​ខេត្ត​សៀមរាប​​ ដែល​ធ្វើ​​ឡើង​ពី​វត្ថុ​ធាតុ​ដើម​សាប៊ូ​​ប្រើ​​​រួច​ ប៉ុន្តែ​បាន​ក្លាយ​ជា​សាប៊ូ​​អនាម័យ​​ជួយ​ដល់​​​​​ មនុស្ស​គ្រប់​វ័យ​ជៀស​​​ឆ្ងាយ​ពី​ជំងឺ​​ និង​ជួយ​​ដល់​បរិស្ថាន​​​​​កម្ពុជា​។​

សាប៊ូ​ដុំ​​កែ​ច្នៃ​ និង​ជួយ​បរិស្ថាន​ ឈ្មោះ​ថា​​​​“eco-soap “ ​​នោះ​​ត្រូវ​បាន​ផលិត​​​ឡើង​​​​​នៅ​អង្គការ​​ អ្នក​ត្រួស​ត្រាយ​កម្ពុជា​ស្ថិត​នៅ​​បុរី​ សៀង​ណាំ ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ​ ក្រុង​សៀម​រាប​ ខេត្ត​សៀមរាប ដោយ​សហការ​ជា​មួយ​អង្គការ​​ Eco-Soap Bank ។ ​

​លោក អ៊ុង​ ច័ន្ទ​រតនា ​ជា​​នាយក​ប្រតិបត្តិ​នៃ​​អង្គការ​អ្នក​ត្រួស​ត្រាយ​កម្ពុជា បាន​រៀប​រាប់​ពី​ការ​ផលិត​​សាប៊ូ eco-soap នោះ​ថា ដំបូង​ឡើង​​​​គឺ​ត្រូវ​ប្រមូល​​វត្ថុ​ធាតុ​ដើម​សាប៊ូ​ដុំ​​​​​ដែល​ឈប់​ប្រើ​ប្រាស់​​​ នៅ​​​តាម​សណ្ឋាគារ​ ឬ​ផ្ទះ​សំណាក់។

ក្រោយ​ប្រមូល​រួច​ គេ​សម្អាត​​​សាប៊ូ​ផ្នែក​ប្រឡាក់​ចេញ រួច​ត្រាំ​ទឹក​​រយៈ​ពេល​១​នាទី ហើយ​​​​​យក​ទៅ​​ជម្រះ​​ដោយ​ទឹក​អូសាវែល​។ បន្ទាប់​មក​គេ​រោយ​​កម្ទេច​តែ​​ឲ្យ​ជាប់​សាប៊ូ ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ពុម្ព​​​ និង​កៀប​ចេញ​ជា​សាប៊ូ​ដុំ។​

ក្នុង​មួយ​ថ្ងៃ​​អង្គការ​ខាង​លើ​អាច​​ផលិត​សាប៊ូ eco-soap បាន​១៥០​ដុំ ដោយ​​បាន​ផ្ដល់​ការងារ​ដល់​​បុគ្គលិក​ស្ត្រី​​​​​ ចំនួន​៨​នាក់។​ ក្នុង​ការ​វេច​ខ្ចប់​​ គេ​ប្រើ​នូវ​ក្រដាស​កាសែត​​ចាស់​ៗ​លែង​ប្រើ ដើម្បី​ជា​ការ​ជួយ​ដល់​បរិស្ថាន​បន្ថែម​ទៀត។

គួរ​រំលឹក​ផង​ដែរ​ថា សាប៊ូ​​​ដុំ​​​កែ​ច្នៃ​ជួយ​បរិស្ថាន​​ឈ្មោះ​​ “eco-soap “ នេះ​​ក៏​ត្រូវ​បាន​​ធ្វើ​ឡើង​តាម​​គំនិត​​ អតីត​​និស្សិត​ផ្នែក​បរិស្ថាន​​ជន​ជាតិ​​​​​អាមេរិក​​ម្នាក់​គឺ​លោក Samir Lakhani បន្ទាប់​លោក​បាន​ឃើញ​ប្រជា​ពល​រដ្ឋ​​​​​​​នៅ​ខេត្ត​សៀមរាប​ប្រើ​​សាប៊ូ​​ម្សៅ​ទៅ​ដុស​​សម្អាត​​​ខ្លួន។

លោក Samir Lakhani

សាប៊ូ​​ខាង​លើ​ ត្រូវ​បាន​បង្កើត​ឡើង​ ជូន​ដល់​​ក្មេង​ៗ​​ក្នុង​សហគមន៍​​ដើម្បី​ឲ្យ​ពួក​គេ​​ប្រើ​ប្រាស់​ដោយ​សុវត្ថិភាព។

សាប៊ូ​​​ដុំ​​​កែ​ច្នៃ​ជួយ​បរិស្ថាន ផលិត​នៅ​កម្ពុជា​ខាង​លើ​​​ក៏​មាន​វត្តមាន​លើ​ទំព័រ​​សារព័ត៌មាន​បរទេស​​ល្បី​​មួយ​ចំនួន​យក​ទៅ​​​ចុះ​ផ្សាយ​​ ជា​ពិសេស​​ត្រូវ​បាន​សារព័ត៌មាន​ BBC របស់​អង់គ្លេស​​ចុះ​ផ្សាយ​ផង​ដែរ​។

​សម្រាប់​​សាប៊ូ​​​កែ​ច្នៃ​ជួយ​ដល់​បរិស្ថាន​នេះ គឺ​​បាន​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​​ទៅ​​សាលារៀន មន្ទីរ​ពេទ្យ និង​សហគមន៍​នៅ​ខេត្ត​សៀម​រាប ។ តាម​​ការ​ឲ្យ​ដឹង​​​ពី​ នាយក​ប្រតិបត្តិ​នៃ​​អង្គការ​ខាង​លើ បាន​បន្ថែម​ថា ​សម្រាប់​សហគមន៍​​ សាលា​រៀន មន្ទីរ​ពេទ្យ​​​​ដែល​ត្រូវ​ការ សាប៊ូ eco-soap គឺ​ផ្ដល់​ជូន​​​ដោយ​ពុំ​គិត​​ថ្លៃ តាម​រយៈ​ការ​ទាក់​ទង​​ផ្ទាល់​ ​​អង្គការ​អ្នក​ត្រួស​ត្រាយ​កម្ពុជា​ ​​​ឬ​តាម​លេខ​ទូរស័ព្ទ 012 943 110 ៕

អត្ថបទ៖ មាន រតនា

អត្ថបទថ្មី