ភាពយន្ត​ខ្មែរ៨រឿង​ ដែល​ធ្លាប់​យក​ទៅ​បញ្ចាំង​ និង​​ឈ្នះ​ពាន​​​​នៅ​បរទេស​

  • 2016-12-01 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ដែល វិស័យ​ភាពយន្ត​នៅ​កម្ពុជា​កំពុង​រីក​ដុះ​ដាល​ និង​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់នោះ ពេល​នេះ​ Sabay នឹង​បង្ហាញ​នូវ​ភាពយន្ត​ចំនួន​៨​ដែល​ធ្លាប់​យក​ទៅ​បញ្ចាំង​នៅ​បរទេស ​និង​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង មិន​តែ​ប៉ុណ្ណោះ​មាន​រឿង​ខ្លះ​ ​ថែម​ទាំង​ឈ្នះ​ពាន​ទៀត​ផង។

១. រឿង​ "ដុំ​ហ្វីល​ចុង​ក្រោយ"

រូបភាព page The last reel

រឿង​ "ដុំ​ហ្វីល​ចុង​ក្រោយ"​ ជា​ខ្សែ​ភាពយន្ត​ដែល​ដឹក​នាំ​ដោយ​ស្ត្រី​ខ្មែរ​ គឺ​លោក​​ស្រី សុទ្ធោ គុល្លិការ។ រឿង​នេះ​​បាន​មាន​វត្ត​មាន​ជា​ច្រើន​លើក​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ ដូចជា ប្រទេស​ជប៉ុន មហោស្រព​អាស៊ី​ខាង​ខាង​កើត​នៅ​អ៊ីតាលី​ មហោស្រព​អន្តរជាតិ​អាស៊ាន​ក្នុង​​នៅ​​ម៉ាឡេស៊ី និង​ មហោស្រព​ភាពយន្ត​ខ្មែរ​នៅ​អាមេរិក។មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រឿង​នេះ​ត្រូវ​បាន​ជ្រើស​រើស​ជា​ភាព​យន្ត​អូស្ការ​កម្ពុ​ជា​ឲ្យ​ចូល​​ប្រកួត​ក្នុង​កម្មវិធី ដណ្ដើម​ពាន​រង្វាន់​អូស្ការ លើកទី៨៨ ផ្នែក​ភាពយន្ត និយាយ​ភាសា បរទេស ល្អ​បំផុត​តំណាង​ឲ្យ​កម្ពុជា។

២. រឿង​ "កោះពេជ្រ"

"​​​​​​​​កោះពេជ្រ" ជា​រឿង​ដែល​និយាយ​ពី​​ខ្សែ​​ជីវិត​កម្មករ​សំណង​ម្នាក់​នៅ​ជនបទ ដែល​មក​ភ្នំពេញ​ធ្វើ​ការ​នៅ​កោះ​ពេជ្រ​ជា​កម្មករ។ រឿង​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​​ជាង​២០​ប្រទេស​ រួម​មាន​បារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ ​​ អ៊ីតាលី​ អូស្ត្រាលី​ កាណាដា កូរ៉េ ប្រេស៊ីល ឥណ្ឌា ជប៉ុន ជាដើម។ រឿង​​ កោះពេជ្រ ក៏​បាន​ទទួល​ពាន់​រង្វាន់​ ខាង​ផ្នែក​និពន្ធ​សាច់​រឿង​បាន​ល្អ​ ពី​មហោស្រព​ទីក្រុង Cannes ប្រទេស​បារាំង​ថែម​ទៀត​ផង។

៣. រឿង "តម្លៃ​ស្នេហ៍"

រឿង "តម្លៃ​ស្នេហ៍" ត្រូវ​បាន​បញ្ចាំង​នៅ​ប្រទេស​ចិន ហើយ​រឿង​នេះ​ក៏បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​៤ ពី​មហោស្រព​ហូលីវូដ​នៅ​អាមេរិក​ ដូចជា “Best Foreign Feature” “Best Editor” “Best Sound Designer” “Best Cinematographers” ។

​៤. រឿង "Goodbye Phnom Penh"

"Goodbye Phnom Penh" ជា​ភាព​យន្ត​ខ្នាត​ខ្លី​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ ១៥នាទី។ ហើយ​ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យក​ទៅ​បញ្ចាំង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត The Asian Film Archive (AFA) ​នៅ​ក្នុង​ប្រទេស សិង្ហបុរី។ ​​​

៥. រឿង "បី​កន្លះ"

រូបភាព៖ FB លោក ឆាយ បូរ៉ា

"បី​កន្លះ" ជា​រឿង​បែប​អប់រំ​ដែល​និយាយ​ពី​ការ​ជួញ​ដូរ​ព្រហ្មចារី​ ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ប្រទេស​សិង្ហបុរី​ចំនួន ៥ដង​រួច​មក​ហើយ​។

៦. រឿង "ប៉ុប​ពី​ទៅ​ហូលីវ៉ូដ"

"ប៉ុប​ពី​ទៅ​ហូលីវ៉ូដ" ជា​ខ្សែ​ភាពយន្ត​បែប​កំប្លែង​និង​និយាយ​ពី​ស្នេហា​ភេទ​ទី​បី។ រឿង​នេះ​ធ្លាប់​បាន​បញ្ចាំង​នៅ​ប្រទេស​ ឡាវ ឥណ្ឌូណេស៊ី វៀតណាម​ មីយ៉ាន់ម៉ា និង​ទីម័រ​ខាង​កើត។

៧. រឿង​ "ស្បែក​គង់"

"ស្បែក​គង់" ជា​​​ប្រភេទ​រឿង​បែប​ព្រេង​ត្រូវ​បាន​យក​ទៅ​បញ្ចាំង​នៅ​ប្រទេស​ថៃ​ និង​ត្រូវ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​។

៨. រឿង​ "ចន្ទ្រា"

"ចន្ទ្រា" ជា​ប្រភេទ​រឿង​ខ្មោច​លាយ​លំ​ជាមួយ​នឹង​ឈុត​ឆាក​ស្នេហា​ត្រូវ​បាន​យក​ទៅ​បញ្ចាំង​ថ្មីៗ​នៅ​គ្រប់​រោង​ភាពយន្ត​ក្នុង​ប្រទេស​ថៃ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី