និរ័ត្តន៍ ស្ទុះឡើង សូម្បីខ្លួនឯងមិននឹកស្មាន
- 2016-12-01 00:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និរ័ត្តន៍ ស្ទុះឡើង សូម្បីខ្លួនឯងមិននឹកស្មាន
ចន្លោះមិនឃើញ
គួបផ្សំនឹងសន្ទុះនៃបទចម្រៀង កាន់តែទទួលបានគាំទ្រច្រើនពីទស្សនិកជនមួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីក្នុងផលិតកម្មថោន និរត្តន៍ ប្រាប់ថានាងរំភើបចិត្តឥតឧបមា និងមិនដែលនឹកស្មានថាខ្លួនឯង អាចមានឱកាសបានច្រៀងក្នុងផលិតកម្មធំមួយ មានទស្សនិកជនចូលចិត្ត និងឲ្យតម្លៃបែបនេះឡើយ។
និរ័ត្តន៍ ថ្លែង៖ “ខ្ញុំសប្បាយចិត្តដែលបងប្អូនគាត់គាំទ្រនិងលើកទឹកចិត្តដល់ខ្ញុំ សឹងតែមិនជឿថាខ្លួនឯងអាចមកដល់ចំណុចនេះ ទោះបីមិនលេចធ្លោខ្លាំង ប៉ុន្តែខ្ញុំសប្បាយចិត្តបង។ ហើយខ្ញុំក៏មិនដែលភ្លេចពួកគាត់ឡើយ ទៅណាមកណា ខ្ញុំតែងស្វាគមន៍ ឬ ញញឹម មិនចឹងទេ តែងនិយាយលេងសើចជាមួយពួកគាត់រហូត នេះជាការតបស្នងដ៏ធំបំផុត សម្រាប់ពួកគាត់"។
មកដល់ពេលនេះតារាស្រីមកពីខេត្តកំពង់ចាមរូបនេះប្រាប់ថា នាងច្រៀងបានច្រើនបទគួរសមដែរ ដែលក្នុងនោះនាងធ្លាប់បានចាប់ដៃគូជាមួយតារាប្រុស ករុណា ពេជ្រ ដូចជាបទ "អ្វីៗយើងត្រូវយល់ព្រមគ្នា" រួមទាំងលោក កែវ វាសនា ត្រៀមនឹងចេញបន្តពីបទ "កុលាបពុលដី" ទៀតផង។ ថ្មីៗនេះ នីរ័ត្នន៍ មានបទចម្រៀងចេញច្រើន ដែលក្នុងនោះនាងប្រាប់ថាប្រិយមិត្តចូលចិត្ត និងចាំគាំទ្រពេលដែលចេញលក់ផងដែរ។
ម្ចាស់បទ "ស៊ីចេកផឹកទឹក" អះអាងថាដំបូងឡើយ ទម្រាំបានក្លាយជាចំណែកមួយរបស់ផលិតកម្ម ថោន សព្វថ្ងៃ និរត្តន៍ ប្រាប់ថាឆ្លងកាត់រឿងរ៉ាវក៏ដូចជាផ្លាស់ប្តូរការងារច្រើន ពីធ្វើការរោងចក្រ បន្ត ធ្វើជាអ្នកលក់គ្រឿងបន្លាស់ទូរស័ព្ទក្នុងហាងមួយ។
រហូតដល់ក្នុងឆ្នាំ ២០១៤ នាងបានដាក់ពាក្យប្រឡងក្នុងកម្មវិធីមួយដែលរៀបចំដោយក្រុមហ៊ុន ថោន ទីបំផុតនាងបានក្លាយពិធីការីនីប្រចាំវិទ្យុ ថោន ហើយបន្តមកទៀត ក៏បានវិវត្តន៍ខ្លួន មកជាតារាចម្រៀងដូចបច្ចុប្បន្នតាមរយៈកម្មវិធីប្រឡងមួយរបស់វិទ្យុថោន។ យ៉ាងណាមិញត្បិតថា បងប្អូនគាំទ្រច្រើនជាងមុន ប៉ុន្តែនាងអះអាងថាមិនទាន់អាចជួយឲ្យជីវភាពប្រសើរខ្លាំងឡើយ ព្រោះនាងត្រូវរ៉ាប់រងបន្ទុកគ្រួសារទាំងមូល៕