​ខ្សែ​ភាពយន្តល្អ​មើល​​១៥រឿង​​ដែល​មិន​គួរ​រំលង​ក្នុង​ឆ្នាំ២០១៧

  • 2016-12-26 07:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ណា​ខ្លះ​ជា Fan រឿង​កុន​ហូលីវូដ? ផ្អែក​តាម​គេហទំព័រ Brightside ខាង​ក្រោម​នេះ​ជា​ភាពយន្ត​ហូលីវូដ​​ទាំង​១៥​រឿង​ដែល​មិន​គួរ​រំលង​ទស្សនា​ក្នុង​ឆ្នាំ២០១៧។

១. Beauty and The Best

ផលិតកម្ម Walt Disney បាន​ធ្វើ​ឲ្យ​គំនូរជីវចល​ដ៏​ល្បី​របស់​ខ្លួន​ក្លាយ​ទៅ​ជា​រឿង​ដែល​សម្ដែង​ដោយ​មនុស្ស​ពិត​ៗ ជា​រឿង​បែប​វេទមន្ត​និង​ស្នេហា​រវាង​ស្រី​ស្អាត​និង​សត្វ​កំណាច។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​១៦​ខែ​មីនា

២. Thor: Ragnarok

ផលិតកម្ម Marvel Studios ពាំនាំ​មក​នូវ​រឿង​បែប​វីរបុរស Thor សាច់​រឿង​និយាយ​ពី​កូន​ដ៏​ខ្លាំង​ពូកែ​របស់ Odin សហការ​ជាមួយ​នឹង Hulk ដ៏​អស្ចារ្យ​ដើម្បី​រារាំង Ragnarok (ទី​បញ្ចប់​នៃ​ពិភពលោក) ប៉ុន្តែ​ដើម្បី​ស្រោច​ស្រង់​ពិភពលោក វីរបុរស​ទាំង​អស់​នឹង​ត្រូវ​ច្បាំង​ជាមួយ​នឹង​បិសាច​ភ្លើង Surtur ដែល​ចង់​ដុត​កម្ទេច​អាណាចក្រ​ទាំង​៩ (The Nine Realms) និង​សម្លាប់​អ្នក​រស់​នៅ​ទី​នោះ។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​២៥​ខែ​តុលា

៣. Justice League

Batman និង Superman កំពុង​ត្រៀម​​បង្កើត​ក្រុម​ថ្មី​សម្រាប់​ប្រឆាំង​​នឹង​ការ​គំរាម​ពី​តួអង្គ​អាក្រក់ Darkseid ដែល​ចង់​ក្លាយ​ជា​ម្ចាស់​ពិភពលោក​ទាំង​អស់ ហើយ​ថាមពល​របស់ Darkseid គឺ​ខ្លាំងក្លា​រហូត​ដល់​អាច​កម្ទេច​កាឡាក់ស៊ី​ទាំង​មូល។ ដូចនេះ​ដើម្បី​រក​សមាជិក​ដែល​មាន​អំណាច​លើស​ពី​មនុស្ស​ធម្មតា​សម្រាប់​ឲ្យ​ចូល​រួម​ក្នុង​ក្រុម Bruce Wayne ត្រូវ​រុក​រក​គ្រប់​ជ្រុង​នៃ​ផែនដី។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា

៤. The Dark Tower

ជា​រឿង​ដែល​ត្រូវ​តែ​មើល​ខាន​មិន​បាន​សម្រាប់​អ្នក​ដែល​គាំ​ទ្រ​អ្នក​និពន្ធ Stephen King ជា​ភាពយន្ត​ផ្ដោត​លើ​ខ្មាន់​កាំ​ភ្លើង​ម្នាក់​និង​ដំណើរ​ស្វែង​រក​របស់​គាត់​លើ​អគារ​ទិព្វ​មួយ​ដែល​អាច​បញ្ឈប់​ពិភពលោក​ពី​ការ​បំផ្លាញ។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​២៧​ខែ​កក្កដា

៥. xXx: Return of Xander Cage

Xander Cage ត្រឡប់​មក​វិញ​ ហើយ​កំពុង​ស្វែង​រក​ជើង​ខ្លាំង​ដើម្បី​ជួយ​រូប​គេ​ក្នុង​បេសកកម្ម​មួយ ដូច្នេះ​ហើយ Xander Cage ត្រូវ​តែ​បញ្ចុះ​បញ្ចូល​អ្នក​ទាំង​នោះ​ដើម្បី​ដើរ​តាម​គេ។ ប្រសិន​ជា​អ្នក​ជា​អ្នក​ចូលចិត្ត​មើល​ឈុត​ឆាក​បែប​កាប់​ចាក់ រថយន្ត​ដេញ​ចាប់​គ្នា​និង​ឈុត​ឆាក​ព្រឺព្រួច​ផ្សេង​ៗ រឿង " xXx: Return of Xander Cage” ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ទស្សនា​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​១៧​ខែ​មករា

៦. Pirates of the Caribbean: Dead Men Tell No Tales

កាពីទែន Jack Sparrow ជួប​សំណាង​អាក្រក់​ទៀត​ហើយ​ដោយសារ​តែ​កាពីទែន​ដ៏​គួរ​ឲ្យ​ខ្លាច Salazar មេក្រុម​របស់​ចោរ​សមុទ្រ​ខ្មោច​ដែល​គ្រោះថ្នាក់​បំផុត​និង​ជា​សត្រូវ​ចាស់​របស់​កាពីទែន Jack ផង​ដែរ​បាន​រួច​គេច​ពី​តំបន់​ត្រីកោណ​របស់​អារក្ស​ហើយ​ប្ដេជ្ញា​ថា​នឹង​សម្លាប់​ចោរ​សមុទ្រ​ទាំង​អស់​រួម​ទាំង Jack មិន​ឲ្យ​សល់​ម្នាក់​ឡើយ។ ក្ដី​សង្ឃឹម​រស់​ចុង​ក្រោយ​គឺ​មាន​តែ​យក​វត្ថុ​អស្ចារ្យ​ម្យ៉ាង​ដែល​មាន​តំណាល​ត​គ្នា​ថា​អាច​គ្រប់​គ្រង​មហាសាគរ​ទាំង​អស់​​មក​គ្រប់គ្រង។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​២៤​ខែ​ឧសភា

៧. Wonder Woman

Diana ជា​ព្រះនាង​ក្នុង​ព្រៃ​អាម៉ាហ្សូន​ដែល​រស់​នៅ​ជាមួយ​អ្នក​ចម្បាំង​តាំង​ពី​តូច​លើ​ទឹកដី​នៃ​កោះ​មួយ ប៉ុន្តែ​នាង​បាន​សម្រេចចិត្ត​ចាកចេញ​ពី​កន្លែង​ដែល​នាង​រស់​នៅ​ដើម្បី​ជួយ​ពិភពលោក បន្ទាប់​ពី​បាន​ជួប​អាកាសយានិក​ប្រុស​វ័យ​ក្មេង​មួយ​រូប​ដែល​យន្តហោះ​របស់​គេ​ធ្លាក់​នៅ​ក្បែរ​ឆ្នេរ​​និង​បាន​ប្រាប់​ពី​រឿង​ដ៏​ធ្ងន់ធ្ងរ​ដែល​ផែនដី​ទាំង​មូល​នឹង​ត្រូវ​កម្ទេច​ដល់​នាង។ Diana និង​វីរបុរស​ដទៃ​ទៀត​នឹង​តស៊ូ​ក្នុង​ចម្បាំង​​នេះ​ជា​ក្រុម​តែ​មួយ​ហើយ​ពួក​គេ​នឹង​រក​ឃើញ​ថាមពល​ពិត​ប្រាកដ​ដែល​ពួក​គេ​មាន​និង​ស្វែង​យល់​ពី​អ្វី​ដែល​ពួក​គេ​នឹង​តតាំង។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​១​ខែ​មិថុនា

៨. Tulip Fever

នារី​វ័យ​ក្មេង​ម្នាក់​បាន​រៀបការ​ទាំង​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​បុរស​ចំណាស់​ជា​អ្នក​មាន​ទ្រព្យ​ម្នាក់ ប៉ុន្តែ​ជីវិត​របស់​នាង​បាន​ស្រស់​ថ្លា​ឡើង​វិញ ក្រោយ​ពី​ស្វាមី​ជា​អ្នក​មាន​របស់​នាង​បាន​ជួល​ជាង​គំនូរ​វ័យ​ក្មេង​​ម្នាក់​មក​គូរ​រូប​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ។ ការ​កើត​កួច​ចិត្ត​ស្នេហា​ក៏​កើត​មាន​ឡើង​រវាង​នាង​និង​អ្នក​គំនូរ​វ័យ​ក្មេង​នោះ តើ​អ្នក​ទាំង​២​នឹង​ជួប​រឿង​អ្វី​ខ្លះ​ហើយ​មាន​អ្វី​កើតឡើង?

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ

៩. Star Wars: Episode VIII

Rey បាន​ដើរ​ចូល​ពិភព​ដ៏​ធំ​ក្នុង Star Wars: The Force Awakens ហើយ​នាង​នឹង​បន្ត​ដំណើរ​ផ្សង​ព្រេង​របស់​នាង​ជាមួយ​នឹង Finn, Poe ​និង Luke Skywalker នៅ​ក្នុង​ភាគ​បន្ទាប់​នៃ​រឿង​ភាគ Star Wars ។ តើ Rey ជា​នរណា​ហើយ​មាន​ប្រភព​មក​ពី​ណា? រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​សំនួរ​នេះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​លោក​អ្នក​ភ្ញាក់​ផ្អើល​មិន​ខាន។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​១៥​ខែ​ធ្នូ

១០. Submergence

James ត្រូវ​បាន​ក្រុម​ជីហាដ​ចាប់​បង្ខាំង​ខ្លួន​នៅ​ក្នុង​ប្រទេស​សូម៉ាលី ចំណែក​ឯ​គូស្នេហ៍​របស់​លោក​ឈ្មោះ Danielle កំពុង​តែ​ត្រៀម​ចុះ​មហា​សមុទ្រ​ដ៏​សែន​ជ្រៅ​ដើម្បី​ជួយ James ។ ទោះ​បី​ពួក​គេ​នៅ​ឆ្ងាយ​ពី​គ្នា​រាប់​រយ​គីឡូម៉ែត្រ​យ៉ាងណា ស្នេហា​របស់​ពួក​គេ​នឹង​នៅ​ជាមួយ​គ្នា​និង​ផ្ដល់​កម្លាំង​ចិត្ត​ដើម្បី​តស៊ូ​និង​រស់​នៅ។

ថ្ងៃ​ចាក់​បញ្ចាំង៖ មិន​ទាន់​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

១១. Ghost in the Shell

ទោះ​បី​ជា​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​គុណ​ប្រយោជន៍​ជា​ច្រើន​បែប​ក្ដី វា​​ក៏​នៅ​មាន​ផល​ប៉ះពាល់​ពិបាក​ដែរ។ ជន​ដ៏​អាក្រក់​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Puppeteer ចេះ​ប្រើប្រាស់​វិធី "Ghost Hacking” និង​អាច​បញ្ជា​រាងកាយ​មនុស្ស​តាម​ប្រព័ន្ធ​នោះ​ដោយ​មិន​ដឹង​ខ្លួន។ ដោយ​សមត្ថភាព​មួយ​នេះ រូប​គេ​ចាប់​ផ្ដើម​លូក​ដៃ​ចូល​ក្នុង​នយោបាយ ហើយ​មាន​តែ​ប៉ូលិស​ស្រី​តែ​ម្នាក់​តែ​ប៉ុណ្ណោះ​ដែល​អាច​កម្ចាត់​បុរស​ដ៏​អាក្រក់​ម្នាក់​នេះ។

ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​២៩​ខែ​មីនា

១២. Kong: Skull Island

ដំណើរ​រុក​រក​ធម្មតា​លើ​កោះ​ដែល​គ្មាន​ឈ្មោះ​មួយ​ត្រូវ​បាន​ក្លាយ​ជា​មហន្តរាយ។ តាំង​ពី​ដំបូង ក្រុម​អ្នក​រុករក​ទាំង​នោះ​យល់​ថា​កោះ​នោះ​ហាក់​បី​ដូចជា​មិន​ស្វាគមន៍​ពួកគេ​ឡើយ ហើយ​ពួក​គេ​រឹត​តែ​មិន​ដឹង​ថា​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​គឺ​ម្ចាស់​កោះ​​ព្រោះ​ក្រុម​អ្នក​រុករក​ទាំង​នោះ​បាន​ឈាន​ចូល​ដែន​របស់ Kong ។ ​ ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​៨​ខែ​មីនា

១៣. The Boss Baby

Tim ជា​ក្មេង​អាយុ​៧​ឆ្នាំ​រស់​នៅ​ក្នុង​ជីវិត​ធម្មតា​គឺ​មាន​ឪពុក​ម្ដាយ​ថ្នាក់ថ្នម​ស្រលាញ់ ជា​ក្មេង​ដែល​មាន​ការ​ស្រមើស្រមៃ​ហើយ​ជីវិត​មើល​ទៅ​​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ពេល​ដែល​ក្មេង​ប្រុស​​​អាយុ​ប្អូន Tim ចូល​មក​រស់​នៅ​ក្នុង​គ្រួសារ​របស់​គេ។ ក្មេង​ម្នាក់​នោះ​ចេះ​ពាក់​អាវ​ធំ ចេះ​ដោះស្រាយ​បញ្ហា​ជំនួញ​និង​​ចេះ​បញ្ជា​ឪពុក​ម្ដាយ​របស់​គេ​រហូត​ដល់​ថ្នាក់ Tim ពិបាក​នឹង​យល់​ថា​នរណា​ជា​មិត្ត​របស់​គេ​ហើយ​នរណា​មិនមែន​មិត្ត។

​​​ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​១៣​ខែ​មករា

១៤. Guardians of the Galaxy Vol.2

Peter Quill ឬ Starlord បង្កើត​ក្រុម​ខ្លួន​ឯង រក​មិត្ត​ពិត​ប្រាកដ ហើយ​ចុង​ក្រោយ​ទទួល​បាន​ការ​គោរព​ពី​អ្នក​គ្រប់​គ្នា។ អ្វី​ដែល Peter Quill ពិបាក​ចិត្ត​នោះ​គឺ​រឿង​គ្រួសារ​ គេ​ដឹង​ថា​ឪពុក​របស់​គេ​បាត់​ខ្លួន​នៅ កន្លែង​ណាមួយ​ក្នុង​លំហអាកាស ប៉ុន្តែ​ឪពុក​របស់ Peter Quill ជា​នរណា?

​​​ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ

១៥. Power Rangers

ក្រុម​សិស្ស​សាលា​មួយ​ក្រុម​ដែល​មាន​ប្រឈម​នឹង​បញ្ហា​និង​ភាព​ភ័យ​ខ្លាច​រៀង​ខ្លួន​ស្រាប់​តែ​មាន​ថាមពល​ដ៏​ចម្លែក​អស្ចារ្យ​មួយ​បាន​ផ្ដល់ឲ្យ​ពួក​គេ។ ផែនដី​​កំពុង​ជួប​នឹង​គ្រោះថ្នាក់ មាន​តែ​ក្មេង​១​ក្រុម​នេះ​ទេ​ដែល​អាច​ជួយ​សង្គ្រោះ​ផែនដី​ពី​គ្រោះថ្នាក់​នេះ​បាន។

​ថ្ងៃ​ចាក់​បញ្ចាំង៖ ថ្ងៃ​ទី​១៣​ខែ​មីនា

ចង់​មើល​រឿង​ណា​ជាង​គេ?

ប្រែ​សម្រួល៖ សីលា