យប់​​នេះ​សី Chinlone នាំ​មេដាយ​មាស ២ សំរឹទ្ធ ៤ មក​ពី​ជើង​ឯក​អាស៊ី នៅ​មីយ៉ាន់ម៉ា

  • 2014-11-06 15:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កីឡា​សី Chilone នឹង​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង ១០ យប់​ថ្ងៃ​ទី ៦ វិច្ឆិកា នេះ​ពី​ប្រទេស​មីយ៉ាន់ម៉ា ក្រោយ​ដណ្ដើម​បាន​មេដាយ​មាស ២ គ្រឿង និង មេដាយ​សំរឹទ្ធ ៤ គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​សី Chinlone ជើង​ឯក​អាស៊ី (1st Asian Chinlone Championship 2014)។

ក្រុម​សី Chinlone កម្ពុជា ក្រោយ​ទទួល​មេដាយ (រូបថត៖ FB)

 

យោង​តាម​លោក ជាតិ ខេមរា គ្រូ​បង្វឹក​ក្រុម​កម្ពុជា បាន​ប្រាប់​មក​ថា ក្រុម​បុរស នឹង​ចេញ​មក​មុន ហើយ​ត្រូវ​មក​ដល់​នៅ​ម៉ោង ១០ យប់​នេះ ចំណែក​ក្រុម​នារី នឹង​​មក​ដល់​ ៩ ព្រឹក​ថ្ងៃ​ទី ៧ វិច្ឆិកា ស្អែក​នេះ។

 

មេដាយ​ដែល​កម្ពុជា​ដណ្ដើម​បាន​នោះ​មាន ផ្នែក​បុរស មេដាយ​មាស ១ គ្រឿង និង សំរឹទ្ធ ១ គ្រឿង ចំណែក​ផ្នែក​នារី​វិញ មេដាយ​មាស ១ គ្រឿង និង សំរឹទ្ធ ៣ គ្រឿង។ កម្ពុជា​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ២ នៃ​ប្រទេស​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ នៅ​ពី​ក្រោម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា និង នៅ​ពី​លើ​ក្រុម​​ថៃ។

 

សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​កម្ពុជា​បាន​បញ្ជូន​កីឡា​សី Chinlone (ស៊ីឈិនឡុង) ចំនួន​១២​នាក់​​ក្នុង​នោះ​​កីឡាករ​៦​នាក់ និង​កីឡាការិនី​៦​នាក់​​ទៅ​ចូលរួម​ប្រកួត​លើក​ដំបូង​នេះ ដែល​រៀបចំ​នៅ​​ទីក្រុង Nay Pyi Taw ចាប់​ពី​ថ្ងៃ​ទី ២ ដល់ ៥ វិច្ឆិកា ឆ្នាំ ២០១៤ កន្លង​ទៅ។

 

ការ​ប្រកួត​ជើង​ឯក​អាស៊ី​ខ្នាត​សី Chinlone មាន​ប្រទេស​ចូលរួម​ចំនួន ១២ ដូចជា ប៉ាគីស្ថាន, ជប៉ុន, ឥណ្ឌូណេស៊ី, ឥណ្ឌា, ថៃ, មីយ៉ាន់ម៉ា, កូរ៉េខាងត្បូង, សិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី, ឡាវ និង ក្រុម​ភ្ញៀវ ប្រេស៊ីល។ តាម​គម្រោង​ការ​រៀបចំ​ការ​ប្រកួត​​នេះ​​ដើម្បី​ពិចារណា​​ដាក់​​បញ្ចូល​ ប្រភេទ​កីឡា Chinlone ទៅ​ព្រឹត្តិការណ៍​​កីឡា​អាស៊ី ​(Asian Games)។

 

សី Chilone ជា​កីឡា​ប្រពៃណី​មួយ​​របស់​ប្រទេស​មីយ៉ាន់ម៉ា ហើយ​បាន​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង​ក្នុង​​ព្រឹត្តិការណ៍​កីឡា​សីហ្គេម​ឆ្នាំ ២០១៣ កន្លង​ទៅ​ដែល​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ កាល​នោះ​ក្រុម​​កម្ពុជា ដណ្ដើម​បាន​មេដាយ ប្រាក់ ២ គ្រឿង និង សំរឹទ្ធ ៤ គ្រឿង៕

 

 

អត្ថបទ៖ ម៉ឺន រស្មី