ធនាគារ ABA ប្ដូរ Logo ថ្មី បង្ហាញវត្តមានធនាគារជាតិកាណាដា ក្នុងទីផ្សារកម្ពុជា
- 2017-01-26 07:55:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ABA ប្ដូរ Logo ថ្មី បង្ហាញវត្តមានធនាគារជាតិកាណាដា ក្នុងទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
ធនាគារ ABA បានសម្ពោធ Logo ថ្មីជាផ្លូវការ ដែលបញ្ជាក់ពីសមាជិកភាពក្នុងសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា កាលពីថ្ងៃពុធ ម្សិលមិញនេះ នៅសាខា ABA វិមានឯករាជ្យ ដោយមានវត្តមានលោក Askhat Azhikhanov នាយកប្រតិបត្តិ ABA និងលោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិកាណាដា។
ការផ្លាស់ប្ដូរ Logo នេះ បង្ហាញពីភាពជោគជ័យដ៏ធំមួយទៀតរបស់ ABA ក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិកាណាដា ដែលក្លាយជាម្ចាស់ភាគទុនិកដ៏ធំបំផុតរបស់ ABA ក្នុងឆ្នាំ២០១៦។ ការគាំទ្រពីម្ចាស់ភាគហ៊ុនដ៏រឹងមាំ ធ្វើឲ្យ ABA មានឱកាសបន្ថែមក្ដោបយកទីផ្សារប្រកួតប្រជែងខ្ពស់ និងបានបទពិសោធន៍ដ៏ឆ្នើមពីធនាគារជាតិកាណាដា ដែលមានគ្រឹះយ៉ាងស្ដុកស្ដម្ភក្នុងវិស័យធនាគារជាង ១៥០ ឆ្នាំ។
លោក Askhat Azhikhanov នាយកប្រតិបត្តិ ABA ថ្លែងថា៖ " Logo ថ្មីនេះ បញ្ជាក់ពីជំហរដ៏រឹងមាំរបស់យើង ភាពច្នៃប្រឌិតខ្ពស់ ភាពល្បីល្បាញរបស់យើងក្នុងទីផ្សារ និងការបង្កើនទំនុកចិត្តខ្ពស់ដល់អតិថិជន ព្រមទាំងបង្ហាញថា ABA មានការគាំទ្រយ៉ាងរឹងមាំពីស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដ៏ធំជាងគេក្នុងទ្វីបអាមេរិកខាងជើង"។
"ខ្ញុំពិតជារីករាយដែលបានចូលរួមដាក់សម្ពោធ Logo ធនាគារ ABA ថ្មី ដែលជានិមិត្តរូបបេ្តជ្ញារបស់ធនាគារជាតិកាណាដាក្នុងទីផ្សារកម្ពុជា។ យើងមានមោទនភាពប្រកាសជាសាធារណៈថា ABA ជាផ្នែកមួយដ៏សំខាន់នៃសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា"។ លោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិកាណាដា ថ្លែងក្នុងឱកាសសម្ពោធ។
ABA នឹងបន្តអនុវត្តយុទ្ធសាស្ត្រខ្លួនស្របតាមពាក្យស្លោក «ដៃគូដែលលោកអ្នកទុកចិត្តបំផុត» និងបន្តការប្ដេជ្ញារបស់ធនាគារជាតិកាណាដា ក្នុងការជួយគាំទ្រដល់សហគ្រិន និងអាជីវកម្ម ការផ្ដល់សេវាកម្មស្តង់ដារខ្ពស់ និងបន្តផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថលដល់ប្រជាជនកម្ពុជាទាំងមូល។
ABA (Advanced Bank of Asia Limited) ជាធនាគារពាណិជ្ជឈានមុខគេក្នុងចំណោមធនាគារដទៃ បង្កើតឡើងក្នុងឆ្នាំ១៩៩៦។ ABA មានសាខា ៤២ ម៉ាស៊ីនដាក់ប្រាក់ ៦០ ម៉ាស៊ីន និងទូ ATM ១៦៧ ទូទាំងប្រទេស (គិតត្រឹមថ្ងៃទី១ មករា ២០១៧) ខណៈធនាគារទទួលបានការគាំទ្រពីអតិថិជនជាច្រើនជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើប និងដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល។
ចុងឆ្នាំ២០១៦ ABA មានទ្រព្យសកម្មសរុប ១,១ ពាន់លានដុល្លារ និងមូលធនភាគហ៊ុនិកសរុប ១២៨ លានដុល្លារ។ ម្ចាស់ភាគទុនិកដ៏ធំបំផុតរបស់ ABA គឺធនាគារជាតិកាណាដា www.nbc.ca ដែលជាធនាគារធំជាងគេបំផុតទី៦ នៅកាណាដា ដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសខ្នាតតូច និងមធ្យម (SMEs)៕