គន្លឹះសំខាន់ៗ ដើម្បីប្រឡងចូលក្នុងស្ថាប័នរដ្ឋឱ្យជាប់ជាស្ថាពរ
- 2017-02-01 03:51:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសំខាន់ៗ ដើម្បីប្រឡងចូលក្នុងស្ថាប័នរដ្ឋឱ្យជាប់ជាស្ថាពរ
ចន្លោះមិនឃើញ
មាននិស្សិត និងយុវជនជាច្រើនបន្ទាប់ពីបញ្ចប់ការសិក្សា ភាគច្រើនមានគោលបំណងចង់បម្រើការងារនៅតាមក្រសួង ឬស្ថាប័នរដ្ឋណាមួយដែលត្រូវជំនាញរបស់ខ្លួន។ ដូច្នេះ តើមានគន្លឹះ ឬ ចំណុចអ្វីខ្លះដែលត្រូវត្រៀម ដើម្បីអាចប្រឡងជាប់ជាស្ថាពរ ? ខាងក្រោមនេះជាបទពិសោធន៍ជាក់ស្ដែងរបស់យុវជនពីរនាក់ដែលប្រឡងជាប់ជាស្ថាពរក្នុងស្ថាប័នរដ្ឋពីរកន្លែងផ្សេងគ្នា។
១. ស្រាវជ្រាវឯកសារដែលពាក់ព័ន្ធ
លោក ជី ដានិត ទើបតែប្រឡងជាប់ជាស្ថាពរចូលបម្រើការងារជាមន្ត្រីក្របខ័ណ្ឌរដ្ឋ ក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី ផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ បានប្រាប់ថា ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង រឿងដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺការស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងជំនាញដែលត្រូវប្រឡង។ ឯកសារទាំងនោះមានដូចជា វិញ្ញាសាដែលគេធ្លាប់ប្រឡងកាលពីឆ្នាំចាស់ តាមដានឱ្យជាប់នៅក្នុងគេហទំព័រក្រសួងនីមួយៗ ស្គាល់ពីស្ថាប័ននោះឱ្យច្បាស់ ជាពិសេសច្បាប់ ឬអនុក្រឹត្យដែលមានចែងនៅក្នុងក្រសួងនីមួយៗនោះក៏មិនត្រូវមើលរំលងដែរ ព្រោះសុទ្ធតែអាចចេញពេលប្រឡងទាំងអស់។
២. តាមដានសិក្ខាសាលា និងអង្គប្រជុំនានា
នៅត្រង់ចំណុចនេះ កញ្ញា ស៊ិន សុមាល័យ ដែលទើបតែប្រឡងជាប់ជាស្ថាពរក្លាយជាមន្ត្រីពេញសិទ្ធិ គណៈកម្មការមូលបត្រកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រាប់ថា ប្រសិនបើចង់ប្រឡងចូលក្នុងក្រសួងណាមួយ គឺត្រូវព្យាយាមតាមដានឱ្យជាប់នៅពេលដែលមានសិក្ខាសាលា អង្គប្រជុំនានា។ ម៉ាល័យ បន្តទៀតថា ជាទូទៅក្នុងសិក្ខាសាលា ឬអង្គប្រជុំមួយ តែងលើកឡើងពីបញ្ហាប្រឈម ទិសដៅ ចក្ខុវិស័យ និងព័ត៌មានផ្សេងៗទៀតជាច្រើន ទាំងអស់នេះហើយនឹងក្លាយជាវិញ្ញាសាប្រឡងចេញមិនហួសឡើយ។
៣. តាមដានព័ត៌មានក្នុងសង្គមឱ្យបានច្រើន
ដានិត យុវជនវ័យក្មេងទើបតែប្រឡងចូលក្នុងស្ថាប័នរដ្ឋជាលើកដំបូង តែទទួលបានជោគជ័យរូបនេះបន្តទៀតថា ចំពោះវិញ្ញាសាវប្បធម៌ទូទៅ ភាគច្រើនជាសំណួរទាក់ទងនឹងរឿងរ៉ាវ ឬព្រឹត្តិការណ៍ជាតិសំខាន់ៗ។ ដូច្នេះហើយប្រសិនបើពិតជាតាំងចិត្តចង់ក្លាយជាមន្ត្រីក្នុងស្ថាប័នរដ្ឋពិតមែន ត្រូវតែព្យាយាមយកចិត្តទុកដាក់ និងកត់ត្រានូវរាល់ព្រឹត្តិការណ៍ ឬអ្វីៗដែលកើតឡើងថ្មីៗទាក់ទងនឹងបញ្ហាប្រទេសជាតិ គឺសុទ្ធតែអាចក្លាយជាវិញ្ញាសាពេលប្រឡង។
៤. បង្កើតសំណួរ និងឆ្លើយដោយខ្លួនឯង
មន្ត្រីជាប់ក្របខ័ណ្ឌ នៃគណៈកម្មការមូលបត្រកម្ពុជា កញ្ញា ស៊ិន សុមាល័យ លើកឡើងថា ដើម្បីឱ្យមានទំនុកចិត្តក្នុងពេលប្រឡង និងកាន់តែច្បាស់បន្ថែមទៀតនោះ បន្ទាប់ពីស្រាវជ្រាវវិញ្ញាសាដែលរកបានទាំងប៉ុន្មាន គឺត្រូវរៀនបង្កើតសំណួរ និងឆ្លើយដោយខ្លួនឯង។ នៅពេលដែលធ្វើបែបនេះ អាចធ្វើឱ្យមានជំនឿចិត្តក្នុងការប្រឡង។ តាមបទពិសោធន៍ជាក់ស្ដែងរបស់កញ្ញាផ្ទាល់ ពេលដល់ថ្ងៃប្រឡងអ្វីដែលកញ្ញាបានត្រៀម គឺពិតជាចេញក្នុងពេលប្រឡងមែន ហើយបានជំរុញឱ្យការសរសេរ និងធ្វើវិញ្ញាសាទាំងនោះប្រកបដោយទំនុកចិត្ត កាត់បន្ថយភាពភ័យខ្លាចទៀតផង។
៥. ប្រឹងរៀនឱ្យខ្លាំងពីមហាវិទ្យាល័យ
លោក ជី ដានិត បានឱ្យដឹងទៀតថា តាមបទពិសោធន៍ជាក់ស្ដែងរបស់លោកគឺត្រូវរៀនឱ្យច្បាស់ពីសាកលវិទ្យាល័យឱ្យហើយ។ ត្រង់ចំណុចនេះមានន័យថា ពេលដែលដាក់ពាក្យប្រឡងចូលក្នុងក្រសួងណាមួយ គឺត្រូវដាក់ឱ្យត្រូវជំនាញដែលកំពុងសិក្សា ព្រោះពេលប្រឡងប្រាកដជាមានសំណួរទាក់ទងនឹងជំនាញ។ ដូច្នេះហើយត្រូវចេះឱ្យច្បាស់ ពេលប្រឡងប្រាកដជាអាចធ្វើបាន មិនមែនឆ្លើយ ឬធ្វើលំហាត់ក្នុងវិញ្ញាសាប្រឡងបន្លំៗនោះទេ។
៦. ពង្រឹងភាសាអង់គ្លេស
ត្រង់ចំណុចនេះ ដានិត ដដែល បន្តទៀតថា នៅតាមក្រសួងនីមួយៗបច្ចុប្បន្ននេះសុទ្ធតែត្រូវការភាសាអង់គ្លេស។ ហេតុដូច្នេះហើយ ត្រូវចេះភាសាអង់គ្លេសឱ្យច្បាស់ ទើបអាចឆ្លងកាត់វិញ្ញាសាក្នុងពេលប្រឡងបាន ដូចជា ការសរសេរសំណេរ សំណួរចម្លើយ សំណួរជ្រើសរើសជាដើម។
៧. សរសេរសារណានៅក្នុងក្រសួងណាមួយដែលចង់ប្រឡងចូល
កញ្ញា ស៊ិន សុមាល័យ បានលើកឡើងបន្ថែមទៀតថា បើមានគោលបំណងចង់ធ្វើការក្នុងស្ថាប័នរដ្ឋមែន នៅពេលសរសេរសារណាបញ្ចប់ការសិក្សាគួរជ្រើសរើសក្រសួងណាមួយដែលត្រូវជំនាញយកសរសេរស្រាវជ្រាវ។ ជាក់ស្ដែង មុននឹងកញ្ញាបានប្រឡងជាប់ជាស្ថាពរ ជាមន្រ្តី គណៈកម្មការមូលបត្រកម្ពុជា ក្រុមរបស់កញ្ញាបានដាក់ពាក្យស្នើសុំធ្វើការស្រាវជ្រាវទៅលើប្រធានមួយ នៅក្នុងស្ថាប័នមួយនេះ។ ការស្រាវជ្រាវអនុវត្តជាក់ស្ដែងនេះហើយ ជាទុនដ៏សំខាន់ដើម្បីប្រឡងចូលបានជោគជ័យ និងមានអាទិភាពផងដែរ។
៨. យកចិត្តទុកដាក់ក្នុងការសរសេរ
លោក ជី ដានិត បន្ថែមទៀតថា ក្នុងពេលប្រឡងរឿងដែលសំខាន់បំផុតនោះគឺការសរសេរ។ ដានិតប្រាប់ថា សរសេរកុំឱ្យខុសច្រើន កុំលប់ សរសេរឱ្យត្រូវចំណុច កុំអូសបន្លាយវែងឆ្ងាយ គឺត្រូវសរសេរឱ្យចំៗតែម្ដង៕