គួរដឹង! ៧​ ចំណុចនេះ ជួយ​អ្នក​រួច​ជីវិត​ ​ឬ​រួច​ពី​គ្រោះថ្នាក់​ចៃដន្យ​

  • 2017-02-12 09:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គន្លឹះ​៧​ចំណុច​ខ្លី​ៗ​ ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ត្រូវ​បាន​បង្ហាញ​ណែ​នាំ​​ដោយ​ វិបសាយ​ចំណេះ​ដឹង​ទូ​ទៅ Bright Side ដើម្បី​ជា​ការ​ចែក​រំលែក​ សម្រាប់​អ្នក​ដែល​​ ធ្លាប់​ និង​មិន​ធ្លាប់​ជួប​​បញ្ហា​​ទាំង​នោះ​។ ខាង​ក្រោម​នេះ​ជា​តិចនិក​ខ្លះ​ៗ​​ដើម្បី​សុវត្ថិភាព​ និង​ការ​ជួយ​សង្គ្រោះ​ដោយ​ខ្លួន​ឯង៖

១. ចៀស​ឲ្យ​ផុត កុំ​​​ចុច​ទូរសព្ទ​ពេល​ដើរ​តាម​ទី​សាធារណៈ

ទស្សនាវដ្ដី​សុខភាព ព្រម​ទាំង​ការ​ណែ​នាំ​ពី​អ្នក​ជំនាញ​​សុវត្ថិភាព​ជា​ច្រើន​បាន​បង្ហាញ​ថា នៅ​ពេល​អ្នក​​ដើរ​បណ្ដើរ និង​ចុច​ទូរសព្ទ​បណ្ដើរ ខួរ​ក្បាល​​នឹង​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​តែ​លើ​អេក្រង់​ទូរសព្ទ​ប៉ុណ្ណោះ ដោយ​​ពុំ​ចាប់​អារម្មណ៍​នូវ​អ្វី​ជុំ​វិញ​ខ្លួន​ឡើយ​។ ដូច​នេះ​ គួរ​ប្រយ័ត្ន​ ជា​ពិសេស​​ដើរ​តាម​ ទី​សាធារណៈ​ មាន​ឡាន​-ម៉ូតូ និង​​ករណី​ ចោរ​ឆក់​ជា​ដើម។

២. សារ៉េ​កញ្ចក់​ឡាន​ ឲ្យ​​ត្រឹម​ត្រូវ​ អាច​ជួយ​ជីវិត​អ្នក​បាន​

តើ​អ្នក​ដឹង​ទេ? គ្រាន់​​តែ​បង្វិល​កញ្ចក់​​​ឡាន​​អ្នក​ឲ្យ​​ត្រូវ​តាម​ការ​ណែ​នាំ អាច​​នាំ​អ្នក​​បញ្ចៀស​​ពី​​គ្រោះ​ថ្នាក់​ផ្សេង​ៗ​បាន។ ទាំង​កញ្ចក់​ក្រោយ និង​កញ្ចក់​ចំហៀង​គឺ​សំខាន់​ទាំង​អស់ សារ៉េ​ឲ្យ​​ត្រូវ​ ឲ្យ​ល្មម​អ្នក​អាច​ឃើញ​ ឡាន​-ម៉ូតូ ដែល​ជិះ​មក​​ក្បែរ​ ឬ​មក​ខាង​ក្រោយ​​ឡាន​អ្នក វា​អាច​ជួយ​អ្នក​បាន​ច្រើន​។

៣. ជួយ​សង្គ្រោះ​បឋម​​ ពេល​មាន​អ្នក​ស្លាក់​​ចំណី​អាហារ ឬ​វត្ថុ​អ្វី​ក្នុង​​មាត់

​ដាក់​​ដៃ​អោប​​ពី​លើ​ផ្ចិត​​អ្នក​រង​គ្រោះ​ ដាក់​មេ​ដៃ​ចូល​ក្នុង​ (ដូច​រូប​) ក្តាប់​​​ដៃ​ផ្គុំ​គ្នា រួច​អោប​រឹត​​ចន្លោះ​ផ្ចិត និង​ឆ្អឹង​ជំនីរ​​​អ្នក​រង​គ្រោះ ឲ្យ​ខ្លាំង​ ធ្វើ​ដូច​ខាង​លើ​នេះ រហូត​ដល់​អ្នក​​ស្លាក់ ខ្ជាក់​ធ្លាក់​ចំណី ឬ​វត្ថុ​ចេញ​ពី​បំពង់​ខ្យល់​ក្នុង​មាត់​ ចេញ​មក​ក្រៅ​ បើ​សិន​ធ្វើ​តាម​វិធី​ខាង​លើ​ពុំ​មាន​ប្រសិទ្ធ​ភាព​ ត្រូវ​យក​អ្នក​ស្លាក់​ ដាក់​ដេក​​ទ្រោប​លើ​វត្ថុ​អ្វី​មួយ​ ដូច​ជា តុ ឬ​​កៅ​អី​ រួច​រុញ​​សង្កត់​ ពោះ​ (ចន្លោះ​ពី​ផ្ចិត និង​ឆ្អឹង​ជំនីរ​​) រហូត​ជន​រង​គ្រោះ​ ខ្ជាក់​វត្ថុ ឬ​ចំណី​ស្លាក់​ចេញ​ពី​ក្នុង​មាត់​។

៤. ពេល​ភ្លើង​ឆាប​ឆេះ​ប្រេង ក្នុង​ខ្ទះ​

មាន​ភ្លើង​ឆាប​ខ្លាញ់​ ឬ​ប្រេង​ក្នុង​ខ្ទះ​ចម្អិន កុំ​ព្យាយាម​ចាក់​ទឹក​​ពន្លត់​ពី​លើ​ ព្រោះ​ទឹក​នឹង​ហូរ​ទៅ​បាត​ខ្ទះ​ និង​ភាយ​​ចំហាយ​មក​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​ឆាប​ភ្លើង​កាន់​តែ​ខ្លាំង​។ បើ​មាន​ភ្លើង​ឆេះ​​​ខ្ទះ​ ភ្លាម​ៗ​បិទ​ហ្គាស៍​ ឬ​ថយ​ភ្លើង​​ យក​គម្រប​ខ្ទះ ឬ​គម្រប​ឆ្នាំង​ទៅ​គ្រប​ពី​លើ​​ភ្លើង ព្រោះ​វា​អាច​បន្ថយ​អុកស៊ីហ្សែន​ ដែល​ធ្វើ​ឲ្យ​ភ្លើង​ស្ងប់​វិញ​។

៥. កុំ​ព្យាយាម​ដក​ អំបែង​មុត ឬ​កាំបិត​ជាប់​ក្នុង​របួស​សាច់​ដោយ​ខ្លួន​ឯង​

ពេល​មុត​កាំបិត ឬ​អំបែង​​អ្វី​មួយ​ជាប់​ក្នុង​សាច់​ សូម​កុំ​ព្យាយាម​ដក​វា​ចេញ​ដោយ​ខ្លួន​ឯង។ នេះ​បើ​តាម​ការ​ណែ​នាំ​ពី​អ្នក​ជំនាញ។ ទុក​ឲ្យ​អំបែង​នោះ​​នៅ​ជាប់​មុខ​របួស​សិន ព្រោះ​វា​បង្ការ​មិន​ឲ្យ​ឈាម​ហូរ​ខ្លាំង​​​។ អ្វី​ដែល​គួរ​ធ្វើ​គឺ ឃាត់​ឈាម បន្ថយ​ការ​ហូរ​ឈាម រហូត​ដល់​អ្នក​ទៅ​ដល់​មន្ទីរ​ពេទ្យ​ ឬ​ក្រុម​សង្គ្រោះ​មក​ជួយ។

៦. ក្នុង​ករណី​ នៅ​ក្នុង​អគារ​ឆេះ​មាន​ផ្សែង​ខ្លាំង

​​​​ឧបមា​ថា​អ្នក​ស្ថិត​នៅ​ក្នុង​ អគារ​ដែល​ភ្លើង​ឆេះ​ មាន​ផ្សែង​ខ្លាំង អ្វី​ដែល​ត្រូវ​ធ្វើ​ជា​មុន​​គឺ​​ត្រូវ​ឱន​ទៅ​ក្រោម​ ចៀស​ពី​ផ្សែង​។ អ្នក​ជំនាញ​បាន​ណែ​នាំ​ថា ផ្សែង​ភ្លើង​​ដែល​ផ្ទុក​ជាតិ​កាបូន​ម៉ូណូ​អុកស៊ីត​ ធ្វើ​ឲ្យ​អ្នក​ពិបាក​ដក​ដង្ហើម​ និង​ពិបាក​ខ្លាំង​។ ឱន​ចុះ​ទៅ​ក្រោម រួច​ព្យាយាម​ផ្លាស់​ទី ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​។

៧. ដើរ​ទៅ​ក្រៅ​ពេល​យប់​ម្នាក់​​ឯង គួរ​តែ​មាន​ពិល​ នៅ​ជា​មួយ​

អ្នក​ជំនាញ​ខាង​សុវត្ថិភាព​បុគ្គល​បាន​ណែ​នាំ​ថា ដើរ​នៅ​ពេល​យប់ ហើយ​មាន​​នរណា​ម្នាក់​មាន​បំណង​មិន​ល្អ​មក​លើ​អ្នក ពិល​អាច​ជួយ​បាន។ ប្រើ​ភ្លើង​ពិល​បញ្ចាំង​ដាក់​មុខ ជន​​ដៃ​ដល់ អាច​ធ្វើ​ឲ្យ​​រូប​គេ ស្រវាំង​ វង្វេង​ស្មារតី ហើយ​ពេល​នោះ​ ជា​ឱកាស​បន្លាយ​ពេល ​ដែល​អ្នក​​ត្រូវ​រត់​ឲ្យ​លឿន​ឲ្យ​គេ​ជួយ៕ ​​

ប្រភព៖ Brightside   ប្រែ​សម្រួល៖ មាន រតនា