កីឡាករ៥នាក់នេះ អាចនឹងត្រូវ Man Utd លក់ចេញពេលចប់រដូវកាល
- 2017-04-16 00:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ៥នាក់នេះ អាចនឹងត្រូវ Man Utd លក់ចេញពេលចប់រដូវកាល
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United បានចំណាយលុយជិត២០០លានផោន កាលដើមរដូវកាលនេះ ដោយទិញចូលកីឡាករល្បីៗមួយចំនួន។ បច្ចុប្បន្ន Man Utd មានកីឡាករច្រើន ប៉ុន្តែលេងពុំសូវសហការគ្នាល្អនោះទេ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Jose Mourinho ដូច្នេះពេលចប់រដូវកាលនេះ អាចនឹងត្រូវលក់ចេញច្រើន។ ថ្ងៃនេះ Sabay សូមបង្ហាញឈ្មោះកីឡាករ៥នាក់ ដែលបិសាចក្រហម អាចនឹងលក់ចេញ៖
១. Matteo Darmian៖ ខ្សែការពារជម្រើសជាតិអ៊ីតាលីរូបនេះ ពុំសូវបានចូលលេងទេរដូវកាលនេះ ទើបលេងបាន១៧ប្រកួតប៉ុណ្ណោះ។ Darmian អាចនឹងចេញទៅក្លឹប Inter Milan។
២. Chris Smalling៖ ខ្សែការពារកណ្តាលរូបនេះ លេងបានយ៉ាងល្អ កាលជំនាន់អ្នកចាត់ការ Louis van Gaal ប៉ុន្តែក្រោមការដឹកនាំរបស់ Mourinho រូបគេបង្កកំហុសច្រើន ដូច្នេះ Man Utd អាចនឹងលក់ចេញ ហើយទិញខ្សែការពារថ្មីលំដាប់ World Class ចូលវិញ។
៣. James Wilson៖ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះ ផ្ទេរទៅ Derby County លក្ខខ័ណ្ឌខ្ចីជើង ប៉ុន្តែបានរងរបួសរហូតចប់រដូវកាល។ បច្ចុប្បន្នរូបគេកំពុងសម្រាកព្យាបាលនៅក្លឹប Man Utd ប៉ុន្តែកីឡាករជម្រើសជាតិអង់គ្លេស U-21 អាចនឹងត្រូវបិសាចក្រហមលក់ចេញ ព្រោះ Marcus Rashford កំពុងតែលេងល្អហើយ។
៤. Ashley Young៖ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ធ្លាប់លេងជាខ្សែបម្រើ ឬខ្សែប្រយុទ្ធ កាលជំនាន់អ្នកចាត់ការ Van Gaal ប៉ុន្តែបច្ចុប្បន្នរូបគេកំពុងលេងជាខ្សែការពារឆ្វេងបណ្ដោះអាសន្ន។ ដូច្នេះចប់រដូវកាលនេះ Young វ័យ៣១ឆ្នាំ អាចនឹងត្រូវលក់ចេញ ជំនួសវិញដោយកីឡាករថ្មីវ័យក្មេង។
៥. Adnan Januzaj៖ កីឡាករជម្រើសជាតិបែលហ្សិក វ័យ២២ឆ្នាំរូបនេះ កំពុងលេងឲ្យក្រុម Sunderland ក្នុងលក្ខខ័ណ្ឌខ្ចីជើងបច្ចុប្បន្ន ប៉ុន្តែរូបគេលេងពុំសូវបានល្អទេ។ ហើយបើនៅក្រុម Man Utd គឺរឹតតែពិបាកប្រជែងយកតំណែងជម្រើសដំបូងទៀត ដូច្នេះបិសាចក្រហម អាចនឹងលក់រូបគេចេញតែម្តង ក្រោយចប់រដូវកាលនេះ៕