មណ្ឌលគិរី​ទិសដៅ​ទេសចរណ៍​ដ៏​ពិសិដ្ឋ​នៅ​រដូវ​ចុង​ឆ្នាំ!

  • 2014-11-08 16:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាលស្មៅ​ដ៏​ក្រាស់​ពណ៌​ខៀវ​​ខ្លះ​ និង​ក្រហម​ប្រឿង​ៗ​ខ្លះ​ អម​សងខាង​ផ្លូវ​ជាតិ​មួយ​ខ្សែ​ តែង​ទ្រេត​យោល​យោគ​ទៅ​មក​ តាម​ជំនោរ​ខ្យល់​បក​បោក​នៃ​ខែ​កត្តិក។ ពេល​ទៅ​ដល់​វាល​ស្មៅ​លាត​សន្ធឹង​លើ​ហ្វូង​ភ្នំ​តូច​ធំ​នេះ​កាល​ណា​ សញ្ញា​ប្រាប់​ថា​ ការ​ធ្វើ​ដំណើរ​ជិត​បាន​ទៅ​ដល់​គោល​ដៅ​ហើយ។ មិន​យូរ​ប៉ុន្មាន​ ទីក្រុង​ដ៏​តូច​មួយ​នឹង​លេច​បន្តិច​​ម្ដង​ៗ​នៅ​ចំពោះ​មុខ​គេ។ នោះ​គឺ​ក្រុង​សែន​មនោរម្យ​ ទី​រួម​ខេត្ត​មណ្ឌល​គិរី។

 

 

ទិដ្ឋភាព​ទាំង​ឡាយ​ដែល​អ្នក​ដំណើរ​បាន​ប្រទះ​ឃើញ​នៅ​អម​សងខាង​ផ្លូវ​ មុន​ទៅ​ដល់​ទី​រួម​ខេត្ត​នេះ​ គឺ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ខេត្ត​មណ្ឌល​គិរី​មាន​ឈ្មោះ​បោះ​សំឡេង​ ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​នៅ​រដូវ​រងា​ នា​ខែ​កត្តិក​នេះ​តែ​ម្ដង។

 

ម្ចាស់​ផ្ទះ​សំណាក់​​ប៊ូស្រា​ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែល​មាន​ភ្ញៀវ​ខ្មែរ​និយម​មក​ស្នាក់​នៅ​ភាគ​ច្រើន​ លោក​ រាជ​ សំណាង​ ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​បុណ្យ​​​​អុំ​ទូក​​នេះ​មាន​ភ្ញៀវ​បាក់​មក​ជួល​បន្ទប់​របស់​លោក​​ជា​ច្រើន​ស្នាក់​នៅ។ ជា​ទម្លាប់​រាល់​ឆ្នាំ​​សម្បូរ​មនុស្ស​បុក​មក​លេង​ណាស់​ក្នុង​ឱកាស​បុណ្យ​ទាន​​អីចឹង។ លោក​ក៏​បាន​​ត្រៀម​បន្ទប់​បម្រុង​សម្រាប់​ឆក​យក​ភ្ញៀវ​ក្នុង​ឱកាស​នេះ។

 

 

 

 

អ្នក​ទទួល​ភ្ញៀវ​​ផ្ទះ​សំណាក់​ Bungalow​ Nature Lodge ​ដែល​សម្បូរ​ភ្ញៀវ​​បរទេស​ភាគ​ច្រើន​ លោក​ លុញ ចិន្ត្រា​ ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​​តែង​កើន​ឡើង​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នេះ​ នៅ​ពេល​ណា​រដូវ​ប្រាំង​ចាប់​ចូល​មក​ដល់​ ព្រោះ​តំបន់​កម្សាន្ត​ខ្លះ​ចាប់​ផ្ដើម​ស្ងួត​ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​អាច​ដើរ​កម្សាន្ត​បាន​យ៉ាង​ស្រួល។

 

ចិន្ត្រា​បញ្ជាក់​ថា៖ “បើ​មិន​បាន​កក់​សំបុត្រ​ទុក​ជាមុន​ទេ​ នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​បែប​នេះ​ គឺ​គ្មាន​បន្ទប់​ស្នាក់​​នៅ​ទេ​ សុទ្ធ​តែ​ភ្ញៀវ​ទាំង​អស់”។

 

មគ្គុទ្ទេសក៍​ទេសចរណ៍​​នៅ​ខេត្ត​មណ្ឌល​គិរី​នេះ​ លោក​ ប៊ុត​ វណ្ណលាង​ ឲ្យ​ដឹង​ថា​ កន្លែង​កម្សាន្ត​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ទាំង​ខ្មែរ​ និង​បរទេស​ គឺ​មាន​ទឹក​ជ្រោះ​ប៊ូស្រា​ ទឹក​ធ្លាក់​រមនា​ ចម្ការ​កាហ្វេ​ សមុទ្រ​ឈើ​ ភ្នំ​ដោះ​ក្រមុំ​ និង​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច។ នៅ​ពេល​ភ្ញៀវ​ត្រឡប់​ពី​កម្សាន្ត​នៅ​តំបន់​ទាំង​នេះ​វិញ​ គេ​និយម​ទៅ​​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​អូរ​រមិស​ ដែល​អាច​ទស្សនា​ការ​សម្ដែង​របាំ​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​បាន។

 

លោក​វណ្ណលាង​បញ្ជាក់​ថា៖ “ពេល​ខ្លះ​គេ​ក៏​ជិះ​ដំរី​​ចូល​ក្នុង​ព្រៃ​មើល​ទេសភាព​កម្សាន្ត​លេង​ដែរ​ ដូច្នេះ​ការ​ដើរ​កម្សាន្ត​របស់​អ្នក​ទេសចរណ៍​ខ្លះ​អាស្រ័យ​លើ​ការ​កុម្ម៉ង់​របស់​គេ។ គេ​ចង់​ទៅ​កម្សាន្ត​នៅ​ទី​ណា​ យើង​នាំ​ទៅ​កន្លែង​ហ្នឹង”។

 

នា​ពេល​កន្លង​មក​ ខេត្ត​មណ្ឌល​គិរី​នេះ​ត្រូវ​បាន​គេហទំព័រ​ធ្វើ​ដំណើរ​កម្សាន្ត​ល្បី​លំដាប់​ ពិភព​លោក​ នោះ​គឺ​ Lonely Planet ​សរសើរ​ថា​ជា​ខេត្ត​មាន​ទេសភាព​ស្អាត​ ដោយ​ប្រៀប​ធៀប​ខេត្ត​នេះ​ថា​៖ “នៅ​រដូវ​ប្រាំង​ គឺ​ដូច​ប្រទេស​ Wales ​(ចក្រភព​អង់គ្លេស) ​ដោយ​មាន​ពន្លឺ​ព្រះ​អាទិត្យ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​ ឯ​រដូវ​វស្សា​វិញ​ គឺ​ដូច​​រដ្ឋ​Tasmania ​របស់​ប្រទេស​អូស្ត្រាលី​ ដោយ​មាន​ភ្លៀង​ធ្លាក់​ច្រើន”។

 

យុវជន​ ចាន់​ ដារា​ អាយុ​២៧​ឆ្នាំ​ ដែល​ធ្លាប់​ទៅ​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គិរី​នេះ​តាំង​ពី​ឆ្នាំ​២០១១​ ឲ្យ​ដឹង​ថា​ នៅ​ខែ​វិច្ឆិកា​អីចេះ​ ខេត្ត​នេះ​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ និង​ចុះ​អព្ភ​ សឹងតែ​ដូច​នៅ​បរទេស​ទៅ​ហើយ។

 

យុវជន​រូប​នេះ​បញ្ជាក់​ថា៖​ “ដង​ផ្លូវ​ឆ្ពោះ​ទៅ​សែន​មនោរម្យ​មាន​វាល​ស្មៅ​ខ្ពស់​ទាប​ វែង​អន្លាយ​​ស្រស់​ស្អាត​ណាស់។ ដី​​ពណ៌​ក្រហម​​ ស្អាត​ និង​គ្មាន​ធូលី​​ហុយ​ទេ។ បើ​យើង​ចូល​ចិត្ត​ថត​រូប​ទៀត​ មណ្ឌល​គិរី​នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ឱកាស​បុណ្យ​អុំ​ទូក​នេះ”៕

 

-អាន​អត្ថបទ៖ ១៧​ចំណុច ដែល​អ្នក​គួរ​ដឹង​មុន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​

 

អត្ថបទ៖ មាស រ័ត្ន

អត្ថបទពេញនិយម