លោកតា៨៥ឆ្នាំ បាត់បង់ជីវិតព្រោះចង់ក្លាយជាបុរសចាស់​ជាងគេឡើងភ្នំអេវើរ៉េស

  • 2017-05-09 02:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​តា​ជនជាតិ​នេប៉ាល់​ Min Bahadur Sherchan អាយុ ៨៥​ឆ្នាំ​ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ជុំរុំ​ចង្កេះ​ភ្នំ​អេវើរ៉េស បន្ទាប់​ពី​ព្យាយាម​ឡើង​ទៅ​កំពូល​ភ្នំ​ដើម្បី​ក្លាយ​ជា​មនុស្ស​ចាស់​ជាង​គេ​បំផុត​ក្នុង​លោក​ តែ​ត្រូវ​គាំង​បេះ​ដូង​ស្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

លោក​តា​ធ្លាប់​កាន់​ពាន​​អ្នក​ឡើង​ភ្នំ​ចាស់​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ ២០០៨ ​នៅ​អាយុ ៧៦​ឆ្នាំ។ ​ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៣ កំណត់​ត្រា​នេះ ​ត្រូវ​​បាន​ជន​ជាតិ​ជប៉ុន​ឈ្មោះ Yuichiro ​បំបែក​បាន​នៅ​​អាយុ ៨០​ឆ្នាំ។

មុន​ពេល​ចេញ​ដំណើរ​ទៅ​ឡើង​ភ្នំ លោក​តា Sherchan និយាយ​ថា "ខ្ញុំ​អាច​ត្រលប់​មក​វិញ​ស្លាប់ ឬ​​អាច​ឡើង​ភ្នំ​​អេវើរ៉េសបាន​ជោគជ័យ"។

សាក​សព​លោក​តា​ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​ទីក្រុង​កាត្មាន់ឌូ នៅ​ថ្ងៃ​អាទិត្យ។ ពិធី​​បុណ្យ​សព​បាន​ប្រារព្ធ​នៅ​បរិវេណ Thakali Service Society ​ក្នុង​ទីក្រុង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ មិត្តភ័ក្ដិ អ្នក​គាំទ្រ​រាប់​រយ​នាក់​ទៀត​ផង។

ការ​ស្លាប់​របស់​​លោក​តា Sherchan បាន​ធ្វើ​ឲ្យ​មាន​ការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​នេប៉ាល់​ ឲ្យ​កំណត់​​អាយុ​អ្នក​ចង់​ឡើង​ភ្នំ​ខ្ពស់​ដែល​មាន​បរិយាកាស​អាក្រក់ ត្រជាក់ និង​ខ្វះ​អុកស៊ីហ្សែន​នេះ។ គួរ​បញ្ជាក់​ថា ច្បាប់​នេប៉ាល់​បាន​កំណត់​អ្នក​ឡើង​ភ្នំ​​យ៉ាង​តិច​ត្រូវ​មាន​អាយុ ១៦​ឆ្នាំ ​តែ​មិន​បាន​កំណត់​អាយុ​ច្រើន​បំផុត​​ឡើយ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ