នេះ​ជា​មូល​ហេតុ​ធំ​ៗ​ទាំង​៧​ ពី​ក្រោយ​ការ​បែកបាក់​​ក្រុម​ចម្រៀង​កូរ៉េ K-Pop

  • 2017-05-24 02:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ឆ្នាំ ២០១៦ និង ២០១៧ គេ​សង្កេត​ឃើញ​ថា​ក្រុម​ចម្រៀង​កូរ៉េ​ល្បី​ៗ ជា​ច្រើន​ក្រុម​បាន​បាក់​បែក​ជា​បន្ត​បន្ទាប់​មិន​ឈប់​ឈរ។ ជាក់​ស្ដែង​ក្រុម​ចម្រៀង​ដ៏​ល្បី 2NE1 និង​ KARA បាន​បាក់​បែក​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំ ២០១៦ បន្ទាប់​មក​មាន​ដូចជា​ក្រុម​ 4 Minutes ក្រុម Rainbow សុទ្ធ​តែ​ត្រូវ​បាន​បាក់​បែក​ក្រុម​ក្នុង​ឆ្នាំ ២០១៦​ ដូច​គ្នា​។ លុះ​ឈាន​មក​ដល់​ឆ្នាំ​ ២០១៧ ក្រុម​ចម្រៀង​ដូច​ជា T-Ara, Wonder Girl សុទ្ធ​តែ​បាក់​បែក​គ្នា​មិន​ឈប់​ រហូត​ដល់​ពេល​ថ្មីៗ​នេះ​ក្រុម​ចម្រៀង​ Sistar ក៏​បាន​ប្រកាស​ថា​នឹង​បែក​គ្នា​ផង​ដែរ។

ក្រុម​ចម្រៀង Sistar

អីចឹង​តើ​មក​ពី​មូល​ហេតុ​អ្វី​ទៅ បាន​ក្រុម​ចម្រៀង​ K-Pop ចាស់​ៗ​ទាំង​នេះ​បែក​បាក់​មិន​ឈប់​បែប​នេះ?

១. ដោយ​សារ​ផុត​កុង​ត្រា​

ជា​ធម្មតា​តារា​សម្រាប់​ផលិត​កម្ម​នីមួយៗ​នៅ​កូរ៉េ​ចាំ​បាច់​ត្រូវ​តែ​ចុះ​កុង​ត្រា​ ដែល​ពេល​វេលា​ជា​មធ្យម​សម្រាប់​ក្រុម​ចម្រៀង​មួយ​គឺ​រយៈ​ពេល​៧ឆ្នាំ​។ សមាជិក​ក្រុម​ចម្រៀង​មួយ​ចំនួន​ធំ​បាន​ចាក​ចេញ​ពី​ក្រុម​ដោយ​សារ​តែ​កុង​ត្រា​បាន​បញ្ចប់​ ក្នុង​នោះ​មាន​ដូច​ជា Minzy សមាជិក​ក្រុម​ 2NE1, Jia សមាជិក​ក្រុម​ Miss A ជា​ដើម​សុទ្ធ​តែ​ចេញ​ពី​ក្រុម​ហ៊ុន​បន្ទាប់​ពី​កុង​ត្រា​ត្រូវ​បាន​បញ្ចប់។​​​

២. ដោយ​សារ​គំនាប​ផលិតកម្ម​

មូល​ហេតុ​មួយ​ទៀត​នោះ​គឺ​ដោយ​សារ​តែ​ផលិតកម្ម​ចម្រៀង​កូរ៉េ​មួយ​ចំនួន​បាន​ដាក់​គំនាប​ខ្លាំង​ទៅ​លើ​ សមាជិក​ឫ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ក្រុម​ចម្រៀង​។ ជាឧទាហរណ៍​ដូច​ជា​ក្រុម​ចម្រៀង​ The Ark ដែល​ទើប​តែ​នឹង​បាន​ចាប់​ផ្ដើម​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៦ ហើយ​ក៏​ត្រូវ​រំសាយ​ចេញ​មក​វិញ​ដោយ​សារ​តែ​ផលិតកម្ម​មិន​យក​ចិត្ត​ទុក​ដាក់។ ព្រម​ទាំង​ក្រុម​ចម្រៀង TVXQ ជា​ដើម​ ដោយ​សារ​តែ​មាន​បញ្ហា​ច្រើន​ក្រុម​នេះ​បាន​បាក់​បែក​សមាជិក​ជា​២ក្រុម TVXQ ដែល​មាន​សមាជិក​២​នាក់ និង JYJ ដែល​មាន​សមាជិក​៣នាក់។ ប៉ុន្តែ​ក្រុម​ចម្រៀង​នោះ​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​យូរ​ឡើយ ដោយ​សមាជិក​ស្រវា​រក​កន្លែង​ថ្មី​ដូច​ជា​ធ្វើ​ជា​តារា​សម្ដែង​ជាដើម។​

៣. លែង​មាន​ប្រជា​ប្រិយ​ភាព​

នេះ​ក៏​ជា​មូល​ហេតុ​ចម្បង​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​ជា​ច្រើន​ត្រូវ​បាន​រំសាយ។ ឧទាហរណ៍​ដ៏​ល្អ​មួយ​គឺ​ក្រុម​ចម្រៀង 4 Minutes ដោយ​សារ​អាល់ប៊ុម​ចុង​ក្រោយ​ទទួល​បាន​ចំនួន​ទិញ​តិច​ពេក ដូច្នេះ​ផលិត​កម្ម​ Cube ក៏​សម្រេច​រំសាយ​ក្រុម​នេះ​ចោល​។ បញ្ហា​នេះ​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ចង់​ចេញ​ពី​ក្រុម​ដោយ​សារ​គាប់​ជួន​នឹង​ផុត​កំណត់​កុង​ត្រា​ទៀត​នោះ។​

៤. សមាជិក​ចង់​ច្រៀង​ Solo​

សមាជិក​ក្រុម​ចម្រៀង​ខ្លះ​មិន​ពេញ​ចិត្ត​ទេ​ ព្រោះ​កាល​ពី​នៅ​ក្នុង​ក្រុម​ខ្លួន​មិន​មាន​ភាព​លេច​ធ្លោ​ឫ​អាច​ធ្វើ​អ្វី​ដែល​ជា​ Styleរបស់​ខ្លួន។ មួយ​ទៀត​គឺ​អាច​ដោយ​សារ​ខ្លួន​ជោគជ័យ​ពេល​ចេញ​អាល់ប៊ុម​ចម្រៀង​ Solo។ តួយ៉ាង​ដូច​ជា​ HyunA និង Hyolin ជា​ដើម​សុទ្ធ​តែ​ធ្លាប់​ចេញ​បទ​ចម្រៀង​ Solo ហើយ​ទទួល​បាន​ជោគជ័យ​ ដូច្នេះ​ហើយ​ពួក​គេ​មិន​ញញើត​នឹង​ការ​ចាក​ចេញ​ពី​ក្រុម​នោះ​ទេ។​ ​

៥. ក្រុម​ចម្រៀង​ស្រី​ទទួល​បាន​ការ​គាំ​ទ្រ​តិច​ជាង​ក្រុម​ចម្រៀង​ប្រុស​

បើ​តាម​ផ្នត់​គំនិត​មួយ​ទៀត​នោះ​គឺ​ក្រុម​ចម្រៀង​ប្រុស​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ជាង​ក្រុម​ចម្រៀង​ស្រី។ នេះ​អាច​ដោយ​សារ​តែ​អ្នក​គាំ​ទ្រ​វិស័យ K-Pop គឺ​ភាគ​ច្រើន​ជា​នារី។ តួ​យ៉ាង​ក្រុម​ចម្រៀង​ 2NE1 និង​ក្រុម​ចម្រៀង​ Big Bang គឺ​ជា​ក្រុម​ចម្រៀង​ដែល​ស្ថិត​នៅ​ផលិត​កម្ម​ជាមួយ​គ្នា​និង​ ធ្លាប់​ទទួល​បាន​ប្រជាប្រិយ​ភាព​មិន​ចាញ់​គ្នា ប៉ុន្តែ​ក្រុម​ចម្រៀង​ Big Bang គឺ​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ជាង​ទូទាំង​ពិភពលោក។

៦. រឿង​អាស្រូវ​

ឧទាហរណ៍​មួយ​ដែល​រសើប​បំផុត​នោះ​គឺ​ករណី​រឿង​អាស្រូវ​របស់ Park Bom។ នេះ​ក៏​ជា​មូល​ហេតុ​មួយ​ដែរ​ដែល​បណ្ដាល​ឲ្យ​ 2NE1 បែក​បាក់​ក្រុម។ Bom ត្រូវ​គេ​ចោទ​ថា​ជួញ​ដូរ​គ្រឿង​ញៀន​ដោយ​សារ​តែ​មាន​ការ​យល់​ច្រឡំ​មួយ​ចំនួន​។ រឿង​អាស្រូវ​នេះ​បាន​បង្អាក់​ការ​ត្រលប់​មក​វិញ​របស់ ក្រុម​ចម្រៀង​នេះ​រហូត​ដល់​មាន​ការ​បែក​បាក់។​

៧. ការ​ផ្លាស់​ប្ដូរ​របត់​របស់ K-Pop​

តារា​ចម្រៀង​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ចម្រៀង​ល្បីៗ ដូច​ CL ពី​ក្រុម​ 2NE1, G-Dragon ពី​ក្រុម​ Big Bang និង Taeyeon ពី​ក្រុម​ Girls' Generation សុទ្ធ​តែ​ជា​បណ្ដា​តារា​ K-Pop ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចេញ​បទ​ចម្រៀង​និង​អាល់ប៊ុម​លក្ខណៈ​ Solo។ ដូច្នេះ​ហើយ​ទើប​​ក្រុម​ចម្រៀង​ចាស់​ៗ​ បាន​បំបែក​ក្រុម​ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​​ Solo ប៉ុន្តែ​ស្វាគមន៍​នូវ​ក្រុម​ចម្រៀង​​ K-Pop ចំណូល​ថ្មី​ដែល​កំពុង​ល្បី​ដូច​ជា Black Pink, Twice, និង BTS ជាដើម៕

ក្រុម​ចម្រៀង 2NE1

ចុច​អាន៖ ព័ត៌មាន​ទាក់​ទង​តារាកូរ៉េ

ចុច​អាន៖ SISTAR បង្ហោះ​សារ​ចុងក្រោយ​ទៅកាន់ Fan ជុំវិញព័ត៌មានរំសាយក្រុម

ចុច​អាន៖ មក​ស្គាល់​អង្គ​រក្ស​របស់​ប្រធានាធិបតី​របស់​កូរ៉េ​ថ្មី​​សង្ហា​មិន​ចាញ់​​តារា​សម្ដែង

ប្រភព៖ CNN | Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី