អូនលែងមានអតីតកាលហើយ (ភាគបញ្ចប់) បិទទំព័រចាស់ ផ្លាស់បើកទំព័រថ្មីដ៏ផ្អែមល្ហែម
- 2017-06-02 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូនលែងមានអតីតកាលហើយ (ភាគបញ្ចប់) បិទទំព័រចាស់ ផ្លាស់បើកទំព័រថ្មីដ៏ផ្អែមល្ហែម
ចន្លោះមិនឃើញ
«អ៊ីចឹងគេជាមនុស្សតែមួយ?» ខ្ញុំសួរបន្ត តែគាត់ក៏ងក់ក្បាលបន្តដូចគ្នា។ បានន័យថា ការសន្និដ្ឋានរបស់ខ្ញុំគឺត្រូវ១០០ភាគរយ។ «ចុះនៅអ៊ីតាលី?» ខ្ញុំបែរជាចង់ដឹងពីក្ដារអុកមួយនេះ។ «បងប្រាប់វា ថាឯងទៅនៅអ៊ីតាលី!» «តែក្រែងបងមិនចូលចិត្តគាត់តាំងពីដើម?» «បងអត់ដែលថា អត់ចូលចិត្តវាទេ! គ្រាន់តែមិនចង់ឱ្យឯងទាក់ទងវាទាំងដែលម៉ាក់បានភ្ជាប់សម្ដីជាមួយគ្រួសារបងវង្ស!»
«គឺបងមិនបាននៅខាងខ្ញុំ!» «តែឯងទើបតែស្គាល់វាក្រោយបងវង្ស» «ចុះឥលូវ បងមកនៅខាងគេធ្វើអី?» «មកពីម៉ាក់មើលមនុស្សខុស! បញ្ញាវង្សធ្វើបាបកូន ទើបម៉ាក់ដឹងថា គេធ្វើដើម្បីចង់ឈ្នះចិត្តកូន មិនមែនស្រលាញ់កូនពិតទេ! តែវុធវិញ គេនៅតែមកសុំទោសម៉ាក់ និងបង្ហាញឱ្យម៉ាក់ដឹងថា គេពិតជាស្រលាញ់កូនម៉ាក់ ទោះបីគេស្គាល់កូនរយៈពេលខ្លីក៏ដោយ! ម៉ាក់ជេរគេ ឬដេញគេ ក៏គេសុំត្រឹមតែមានមនុស្សម្នាក់នៅចាំជួយកូន ពេលនៅបរទេស ព្រោះគេមិនអាចទៅណាបាន ដោយសារម៉ាក់ប៉ាគេក៏បង្ខំគេរៀបការដូចគ្នា!»
«អត់ទេ! ម៉ាក់កុហក!» ខ្ញុំស្រែកតវ៉ាដូចមនុស្សឆ្កួត។ ហេតុអ្វីទេវតាបង្កើតឆាកល្ខោនបែបនេះសម្រាប់ជីវិតខ្ញុំ? តាំងពីដើមមក ម៉េចក៏ជីវិតខ្ញុំជួបតែរឿងរញ៉េរញ៉ៃអស់ទាំងនេះ? «តែឥលូវ វាផ្ដាច់ពាក្យខាងគេហើយ!» បងទូរៀបរាប់បន្ត តែខ្ញុំមិនបានសប្បាយចិត្តទេ។ «វាថានឹងចាំឯងមកវិញ! គ្រប់យ៉ាងនៅអ៊ីតាលី អាសិទ្ធីតែងផ្ញើរូប និងអ្វីដែលពួកឯងឆាតជាមួយគ្នាឱ្យវុធមើល ដូច្នេះវាដឹងថាឯងរស់នៅបានសុខ វាក៏សប្បាយចិត្ត!» «ខ្ញុំចង់នៅម្នាក់ឯង!» ខ្ញុំស្ដីតែប៉ុណ្ណេះ ហើយក៏យកខ្នើយមកសង្កត់លើមុខ លែងនិយាយស្ដីរកអ្នកមានគុណ និងបងប្រុស។ «គិតមើលឡើងវិញទៅ!» ខ្ញុំឮស្នូរក្រោកពីពូក និងស្នូរជើងដើរទៅកាន់មាត់ទ្វារ បានន័យថា ពួកគាត់ចេញទៅវិញ ទុកឱ្យខ្ញុំនៅពិចារណារឿងរ៉ាវទាំងឡាយ។ ខ្ញុំមិនបាននៅខឹងដែលគេកុហក និងបញ្ជូនសិទ្ធីឱ្យទៅជួយការពារខ្ញុំដោយមិនបានប្រាប់មុននោះទេ តែខ្ញុំកំពុងខឹងនឹងវាសនា ហេតុអីពេលខ្ញុំកំពុងនៅស្រលាញ់វុធ បែរជាត្រឹមតែឱ្យយើងនៅក្បែរគ្នាមួយរយៈ យើងមិនបានឆ្លងកាត់ការលំបាក ឬស្ថានភាពគ្រោះថ្នាក់ដូចដែលសិទ្ធី គេនៅចាំជួយខ្ញុំ? ហេតុអីគេត្រលប់មកវិញ ហើយស្ថានភាពត្រូវបានដោះស្រាយ ស្របពេលដែលខ្ញុំកំពុងទទួលស្គាល់ថា ខ្លួនកំពុងលួចស្រលាញ់មនុស្សថ្មីដែលទើបស្គាល់គ្នា តែមានអនុស្សាវរីយ៍ជ្រាលជ្រៅជាងអ្នកដែលខ្ញុំធ្លាប់ស្រលាញ់ខ្លាំង?
អតីតកាលក៏រត់មកប្រសេចប្រសាចជាថ្មី... «បោះចូលទៅ!» គេទម្លាក់កាក់មួយមកលើបាតដៃខ្ញុំ ហើយតឿនឱ្យបោះចូលក្នុងអណ្ដូង។ «ខ្ញុំក៏មានដែរតើ!» «តែចង់ឱ្យបោះអាមួយនេះ!» «គេធ្វើម៉េចខ្លះទៅ?» «បោះពីស្មាខាងឆ្វេងទៅក្រោយក្នុងអណ្ដូងនេះទៅ! បោះកាក់ទី១ បានន័យថា យើងនឹងត្រលប់មកទីនេះម្ដងទៀតនៅថ្ងៃណាមួយ!» «ចុះបើបោះកាក់ទី២?» «ដើម្បីផ្សងរកស្នេហ៍ពិត!» កាលហ្នុង បើខ្ញុំបានបោះកាក់ទី២ចូលក្នុងអាងនោះ ប្រហែលជាមិនស្មុគស្មាញដូចពេលនេះទេ។ ខ្ញុំគួរសម្រេចចិត្តយ៉ាងណា ឬត្រូវលះបង់អ្នកទាំងពីរដើម្បីកុំឱ្យបញ្ហាស្មុគស្មាញនៅកើតមានទៀត?
ចូលទៅកាន់ផេកហ្វេសប៊ុករបស់ប្រលោមលោកsabay ចុចត្រង់នេះ
របៀបងាយៗដើម្បីអានប្រលោមលោកsabay ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ ios ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ Android ចុចត្រង់នេះ