កាបូប​ពិសេស​មួយ​នេះ កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​ឥណ្ឌា​មិន​ដែល​ភ្លេច​យក​តាម​ខ្លួន

  • 2017-06-28 04:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្បួន​ការពារ​ប្រធានាធិបតី​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ពិត​ជា​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ដើម្បី​ធានា​សុវត្ថិភាព​ថ្នាក់​ដឹក​នាំ​កំពូល ១០០%។ ចំណែក​កង​អង្គរក្ស​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា តែង​យក​កាបូប​ពណ៌​ខ្មៅ​មួយ​ជាប់​ខ្លួន​ជា​និច្ច ព្រោះ​វា​អាច​ការពារ​ពេល​មាន​អាសន្ន។

កាបូប​ដែល​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី​ឥណ្ឌា​កាន់​នោះ គឺ​ជា​របាំង​ការពារ​គ្រាប់​កម្រិត​ទី៣ សម្រាប់​ប្រើ​ក្នុង​ពេល​មាន​ការ​វាយ​ប្រហារ​ណា​មួយ។ ពេល​លោក​នាយករដ្ឋមន្ត្រី Narendra Modi ចេញ​ទៅ​ណា​ម្ដង​ម្ដង អង្គរក្ស​ផ្ទាល់​របស់​លោក​តែង​កាន់​កាបូប​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​កៀក​បំផុត ដើម្បី​ត្រៀម​ទប់​ទល់​ការ​ប៉ុន​ប៉ង​នានា។

​កាបូប​ការពារ​កម្រិត៣ នេះ អាច​ប្រឆាំង​គ្រាប់​កាំភ្លើង​ខ្លី​គ្រប់​ប្រភេទ និង​កាំភ្លើង​វែង​មួយ​ចំនួន ប៉ុន្តែ​មិន​អាច​ទប់​ជាប់​គ្រាប់​កាំភ្លើង​បាញ់​ស៊ីប​ពី​ចម្ងាយ​ឡើយ។ ពេល​មាន​ការ​គំរាម​កំហែង​ណា​មួយ អង្គរក្ស​នាយករដ្ឋមន្ត្រី​គ្រាន់​តែ​ចុច​ប៊ូតុង​ភ្លាម កាបូប​នោះ​នឹង​ធ្លាក់​មក​ជា​ច្រើន​ថ្នាក់ ក្លាយ​ជា​របាំង​ការពារ​គ្រាប់​ជុំវិញ​ខ្លួន​នាយករដ្ឋមន្ត្រី។

ចំណែក​ក្រុម​មួយ​ទៀត ដែល​គេ​ដាក់​ឈ្មោះ​ថា CAT (Counter Assault Team) នឹង​ឆ្លើយ​តប​ការ​វាយ​ប្រហារ​នោះ​ភ្លាម​ៗ ដោយ​ប្រើប្រាស់​អាវុធ​ទំនើប​នានា ដូច​ជា Fn-2000, P-90, Glock-17, Glock-19 និង Fn-Five Seven។ សមាជិក​នៃ​ក្រុម CAT សុទ្ធតែ​ទទួល​ការ​ហ្វឹកហ្វឺន​យ៉ាង​ពិសេស មុន​ចេញ​ប្រតិបត្តិការ។

យ៉ាង​ណា​ក្ដី ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា កាបូប​នោះ​មាន​បង្កប់​ប៊ូតុង​បញ្ជា​គ្រាប់​នុយក្លេអ៊ែរ ដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា​អាច​សម្រេច​ចិត្ត​ភ្លាម​ៗ​នៅ​ពេល​មាន​ហេតុការណ៍​បន្ទាន់​ណា​មួយ ប៉ុន្តែ​ប្រភព​នោះ​ត្រូវ​បាន​គេ​ច្រាន​ចោល៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន​អត្ថបទ៖

អត្ថបទ៖ គង់ វិសាល