ពលករ​ខ្មែរ សម្រុក​​ចេញ​ពី​ថៃ​​ច្រើន​​លំដាប់​ទី២ បន្ទាប់​ពី​មីយ៉ាន់ម៉ា (វីដេអូ)

  • 2017-07-03 04:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ​ជា​ច្រើន​លាន​នាក់ កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង ក្រោយ​រដ្ឋាភិបាល​យោធា​ថៃ បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង និង​ចាប់​ផ្ដើម​ពង្រឹង រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​ឡើង​វិញ។

យោង​តាម​មន្ត្រី​អន្តោប្រវេសន៍​ថៃ ពលករ​ខុស​ច្បាប់​ជាច្រើន​ម៉ឺន​នាក់ ដែល​សម្រុក​ចេញ​ពីថៃ ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​​​ខ្លួន​ក្នុង​មួយ​ថ្ងៃ​ៗ ភាគ​ច្រើន​ ជា​ពលរដ្ឋ​មីយ៉ាន់ម៉ា និង​កម្ពុជា ប៉ុន្តែ​ប្រភព​មិន​បាន​បញ្ជាក់​ពី​តួលេខ​ឡើយ។

បទ​បញ្ជា​ថ្មី​នេះ ត្រូវ​បាន​ដាក់​ចេញ​ចាប់​តាំង​ពី​ថ្ងៃ ១៧ មិថុនា ដើម្បី​​គ្រប់គ្រង​ពលករ​បរទេស ចូល​មក​ធ្វើ​ការ​ក្នុង​ទឹក​ដី​ខ្លួន ចំណែក​ថៅកែ ដែល​ទទួល​ពលករ​គ្មាន​ឯកសារ​គ្រប់គ្រាន់​មក​បម្រើ​ការងារ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រមាណ ៨ សែនបាត ស្មើ​ជាង ២៣ ៥០០ ដុល្លារ​អាមេរិក។

បទបញ្ជា​នេះ​ដែរ ធ្វើ​ឲ្យ​អ្នក​រកស៊ី​ជាច្រើន​ក្នុង​ប្រទេស​ថៃ បង្ខំចិត្ត​បញ្ឈប់​ពលករ​​ខុស​ច្បាប់​របស់​ខ្លួនទាំងអស់ មុន​​នឹង​​អាជ្ញាធរ​ចាប់​ផ្ដើម​វិធាន​ការ​ក្ដៅ។

ទោះបីជា​យ៉ាងណា រដ្ឋាភិបាល​យោធា​​ថៃ អះអាង​ថា បទ​បញ្ជា​នេះ គឺ​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់ សម្រាប់​ពលករ​បរទេស មក​បម្រើការ​ក្នុង​ប្រទេស​ខ្លួន ខណៈ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ ទទួល​ស្គាល់​ថា ពលករ​បរទេស គឺ​ជា​គ្រឹះ​មួយ​ផ្នែក​ដ៏​សំខាន់ សម្រាប់​សង្វាក់​ពលកម្ម​ក្នុង​ប្រទេស។

ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ថៃ រាប់​បញ្ចូល​ទាំង មីយ៉ាន់ម៉ា កម្ពុជា ឡាវ គឺ​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ សម្រាប់​កម្លាំង​ពលកម្ម​ស្នូល ក្នុង​ឧស្សាហកម្ម​ជា​ច្រើនរាប់​បញ្ចូល​ទាំង ឧស្សាហកម្ម​គ្រឿង​សមុទ្រ ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ សុភា

ប្រភព៖ Reuters

អត្ថបទពេញនិយម