សំបុកពងសត្វទាព្រៃស្លាបស ជិតផុតពូជ រកឃើញនៅតំបន់ខ្ពង់រាបខាងជើងប្រទេសកម្ពុជា
- 2017-07-04 04:17:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុកពងសត្វទាព្រៃស្លាបស ជិតផុតពូជ រកឃើញនៅតំបន់ខ្ពង់រាបខាងជើងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
សំបុកសត្វទាព្រៃស្លាបស ដែលមានពងចំនួន ០៧គ្រាប់ ត្រូវបានគេរកឃើញនៅតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ជាលើកដំបូងក្នុងរយៈពេល ០៥ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីអ្នកភូមិចំនួន០៣នាក់បានរាយការណ៍មកកាន់ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។
សំបុកទាព្រៃស្លាបសនេះ ស្ថិតនៅក្នុងប្រហោង ដើមគគីរ ដែលមានកម្ពស់ប្រមាណ ១២ម៉ែត្រពីដី និងមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្បែរភូមិសំបូរ ឃុំស្រយ៉ោង ស្រុកគូលែន ខេត្តព្រះវិហារ។
លោក អ៊ិន ឡុង អាយុ៣៦ឆ្នាំ និងបានរកឃើញសំបុក បាននិយាយថា៖ **«យើងបានប្រទះឃើញទាព្រៃស្លាបសមួយក្បាលនៅលើដើមឈើ ពេលដើរទៅស្រែ។ យើងបានរាយការណ៍ទៅកាន់អង្គការ WCS អំពីព័ត៌មាននេះ ពីព្រោះយើងដឹងថា វាជាប្រភេទជិតផុតពូជ។ ក្រុមអ្នកអភិរក្សនៃអង្គការ WCS បានមកពិនិត្យសំបុក ហើយជួលពួកយើងទាំង ០៣នាក់ ឲ្យយាមសំបុកនេះ ដោយផ្ដល់ឲ្យប្រាក់កម្រៃឲ្យពួកយើងជាការតបស្នង។»**
បន្ថែមលើនេះ លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៃក្រសួងបរិស្ថាន និងអង្គការ WCS បាននិយាយថា៖ «បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមអ្នកអភិរក្សបានចុះទៅពិនិត្យដល់ទីតាំង។ យើងរីករាយជាខ្លាំងពេលឃើញវត្តមានមេរបស់វានៅទីនោះ និងពងបានចំនួន ០៧គ្រាប់។»
ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ WCS បានឲ្យដឹងថា ទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក ពីព្រោះចំនួនរបស់ពួកវានៅបន្តធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបាត់បង់ទីជម្រក ការរំខាននៅតាមដងព្រែក និងការបរបាញ់ជាដើម។ ទាព្រៃស្លាបស មានចំនួនចន្លោះ ២ ៥០១ ០០០ក្បាលនៅលើសាកលលោក និងមានវត្តមានតិចតួចរស់នៅក្នុងប្រទេសកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារ ដែលរួមបញ្ចូលទាំងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែបផងដែរនោះ គាំទ្រដល់ការរស់នៅរបស់សត្វស្លាបប្រភេទរងគ្រោះជាសាកលជាច្រើនប្រភេទ។ សត្វស្លាបទាំងអស់នោះរួមមាន ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស និងសត្វត្មាត ០៣ប្រភេទ ដែលសត្វស្លាបទាំងអស់នេះសុទ្ធតែជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក សត្វទាព្រៃស្លាបសដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសាកលលោក និងសត្វព្រៃជាច្រើនប្រភេទផ្សេងទៀត។ អង្គការ WCS កំពុងធ្វើការងាររួមគ្នាជាមួយក្រសួងបរិស្ថានដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅតំបន់ខ្ពង់រាបភាគខាងជើងនេះតាមរយៈសកម្មភាពអភិរក្សជាច្រើន។
កម្មវិធីការពារសំបុកសត្វស្លាប គឺជាគម្រោងអភិរក្សមួយបង្កើតឡើងដើម្បីដោះស្រាយបញ្ហាការប្រមូលពងកូនរបស់សត្វស្លាប។ តាមរយៈគម្រោងនេះ ប្រជាសហគមន៍រស់នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព និងឆែប ទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនបើពួកគាត់ទទួលបានជោគជ័យក្នុងការងារត្រួតពិនិត្យ ការពារ និងយាមសំបុកសត្វស្លាបសំខាន់ៗ រហូតដល់ពេលកូនវាញាស់។ ចាប់ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៦ សំបុកចំនួន៣ ៨១៣ និងកូនសត្វស្លាបចំនួន ៦ ៨០៦កូន ទទួលបានការការពារយ៉ាងល្អនៅក្នុងបរិវេណផ្ទៃដីប្រមាណ ៤ ០០០គីឡូម៉ែត្រការ៉េ។
យោងលើការសិក្សាស្រាវជ្រាវកន្លងមក (Clements et al. 2013) យើងបានប៉ាន់ប្រមាណថាកូនសត្វស្លាបប្រភេទរងគ្រោះជាសាកលចំនួនប្រមាណ ៣ ៧០០កូន បន្ថែមទៀត បានញាស់ដែលជាលទ្ធផលចេញពីការការពារសំបុកនេះ ដែលកូននីមួយៗចំណាយអស់ប្រាក់ប្រមាណ ១៣៤ដុល្លារ។
«ទាព្រៃស្លាបស គឺជាប្រភេទរងគ្រោះជិតផុតពូជនៅសាកលលោក ដូចនេះយើងត្រូវបានបន្ថែមការអភិរក្សដើម្បីការពារពួកវាកុំឲ្យបាត់បង់។ ការការពារសំបុកពងកូន និងទីជម្រក មានភាពចាំបាច់ខ្លាំងណាស់ដើម្បីធានាដល់ការរស់នៅ និងបន្តពូជរបស់ពួកវា។ យើងបានជួលអ្នកភូមិទាំង ០៣នាក់នោះឲ្យយាមសំបុកនេះដើម្បីកុំឲ្យមានការរំខាន និងការប្រមូលពងកូនជាដើម។» នេះជាការលើកឡើងរបស់ លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៃក្រសួងបរិស្ថាន និងអង្គការ WCS៕