CEO ២​រូប​ ប្រថុយ​រកស៊ី​ទាំង​វ័យ​ក្មេង​រហូត​ជោគជ័យ បំផុសគន្លឹះឱ្យយុវជនហ៊ានចាប់ផ្ដើម

  • 2017-07-04 07:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ធ្វើ​អ្នក​ជំនួញ​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ គឺ​ត្រូវ​ស្វែង​យល់​ សិក្សា​រៀន​សូត្រ​ជា​ច្រើន​ទើប​អាច​ចាប់​ផ្ដើម​បាន​។ ក្រឡេក​មក​មើល​យុវវ័យ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ តែង​លើក​យក​បញ្ហា​រកស៊ី​នេះ​មក​និយាយ ហើយ​ក៏​មាន​យុវជន​វ័យ​ក្មេង​ជា​ច្រើន​ចង់​រកស៊ី​។ ដូច្នេះ​ដើម្បី​ផ្ដល់​ជា​គំនិត​ជុំវិញ​បញ្ហា សូម​ទៅ​ស្ដាប់​ការ​លើក​ឡើង​របស់​ CEO វ័យ​ក្មេង​២​រូប​កំពុង​ជោគជ័យ​ខ្លាំង​ដូច​ខាង​ក្រោម​៖

១. គង់ សូរីតា

គង់ សូរីតា ម្ចាស់​ក្រុម​ហ៊ុន OCEAN Technology  បាន​ចាប់​ផ្ដើម​ប្រថុយ​រក​ស៊ី​តាំង​ពី​អាយុ​ជាង ២០​ឆ្នាំ ហើយ​ថែម​ទាំង​មិន​មាន​ជំនាញ​ផ្នែក​អាជីវកម្ម​ទៀត​ផង តែ​ដើម្បី​ក្លាយ​ជា​អ្នក​រកស៊ី​ជោគជ័យ​ទាំង​វ័យ​ក្មេង អ្នក​ស្រី​មាន​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន៖

  • កត្តា​អាជីវកម្ម មុន​នឹង​ចាប់​ផ្ដើម​ តើ​បាន​សិក្សា​ច្បាស់​លាស់​ឬ​នៅ? អ្នក​ស្រី​លើកឡើង​ថា អ្នក​ខ្លះ​គ្រាន់​តែ​ឃើញ​គេ​បើក​ក៏​បើក​ដែរ ធ្វើ​អ្វី​តាម​ការ​ចង់​ដោយ​គ្មាន​គម្រោង​ផែនការ​ច្បាស់លាស់​ជា​មុន​។

  • ត្រូវ​សិក្សា​​ឱ្យ​បាន​ច្បាស់លាស់​ទៅ​លើ​អាជីវកម្ម​ ថា​តើ​ទី​តាំង​ដែល​កំពុង​ធ្វើ​នោះ​សមស្រប​ដែរ​ឬ​ក៏​អត់ ជួន​កាល​អាជីវកម្ម​ខ្លះ​មិន​ត្រូវ​ជាមួយ​ទីតាំង ដែល​អាច​ទាក់ទាញ​អតិថិជន​នោះ​ទេ​។

  • ការ​សិក្សា​ពី​អតិថិជន​ ថា​តើ​អតិថិជន​គោល​ដៅ​ជា​នរណា ផលិត​ផល​ សេវាកម្ម ឬ​ទំនិញ​នោះ​តម្រូវ​ទៅ​ខាង​ណា។

  • គំនិត​ច្នៃ​ប្រឌិត​របស់​ម្ចាស់​ក៏​សំខាន់​ដូច​គ្នា ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​សេវាកម្ម ឬ​ទំនិញ មាន​ភាព​ទាក់ទាញ។ ឧទាហរណ៍​អ្នក​លក់​ចេកចៀន ដើម្បី​ឱ្យ​កាន់​តែ​ទាក់​ទាញ អាច​បន្ថែម​តម្លៃ​ផ្សេងៗ​ដូចជា ស្លាក​យីហោ ​ការ​វេច​ខ្ចប់ សោភ័ណភាព គុណភាព។

២. សេង ពិសិដ្ឋ

លោក សេង ពិសិដ្ឋ បច្ចុប្បន្ន​មាន​អាយុ ២៧​ឆ្នាំ ជា​ម្ចាស់​ក្រុមហ៊ុន​អនុស្សារ​រៀបចំ​ពិព័រណ៍ បាន​លើក​ឡើង​ថា លោក​ក៏​មិន​ខុស​ពី​យុវវ័យ​ទូទៅ​ដែរ ពី​ដំបូង​មិន​ហ៊ាន​ប្រថុយ​រកស៊ី​នោះ​ទេ តែ​ក្រោយ​បាន​សិក្សា​ពី​សង្គម​ច្បាស់​លាស់ ទើប​លោក​ដឹង​ថា តាម​ពិត​មិន​ពិបាក​ចាប់​ផ្ដើម​នោះ​ទេ​ប្រសិន​បើ​យុវជន​ឱ្យ​តម្លៃ​លើ​៥​ចំណុច​នេះ៖

១​. សប្បាយ​ចិត្ត​នឹង​ធ្វើ​អ្វី​មួយ​រយៈពេល​វែង៖ ធ្វើ​អ្វី​មួយ​ដែល​សប្បាយ​ចិត្ត​នឹង​ធ្វើ​ក្នុង​រយៈ​ពេល​វែង​ មាន​ន័យ​ថា ធ្វើ​រឿង​អ្វី​ក៏​ដោយ​មិន​មែន ធ្វើ​តែ​មួយ​ឆាវ​ទេ ​ត្រូវ​ព្យាយាម​អត់ធ្មត់​ធ្វើ​រឿង​នោះ​ឱ្យ​ដល់​គោលដៅ​។ 

២. ​ជំនាញ​ច្បាស់​លាស់​និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង៖ ចេះ​អ្វី​ឱ្យ​ប្រាកដ ​​ហើយ​ជឿជាក់​ថា អាច​ធ្វើ​រឿង​មួយ​ដ៏​ល្អ ធ្វើ​បាន​ដោយ​ឥត​ខ្ចោះ គួរ​តែ​សាក​ល្បង​។ ​

៣. រក្សា​ Personal Branding៖ ធ្វើ​ជា​មនុស្ស​ម្នាក់​សំខាន់​បំផុត​ត្រូវ​ធ្វើ​ខ្លួន​ឯង ឱ្យមាន​កេរ្តិ៍​ឈ្មោះ​ល្អ រក្សា​នូវ​តម្លៃ​របស់​ខ្លួន មិន​ថា​នៅ​ទី​ណា កន្លែង​ណា​នោះ​ទេ ដាច់​ខាត​កុំ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​របស់​ខ្លួន​។ 

 ៤. ខិត​ខំ​សន្សំ​៖ ​មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត ​បង្ហាញ​ បង្អួត​គ្នា គ្នា​រឿង​សម្ភារៈ​និយម​ តែ​ នៅ​ពេល​ដែល​ចង់​ធ្វើ​អ្វី​មួយ​គឺ​គ្មាន​លុយ គ្មាន​ដើម​ទុន​ ហេតុ​នេះ​ហើយ​ការ​សន្សំ​ គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​។

៥. ​ជា​មនុស្ស​ដែល​មាន​សីលធម៌ ​គុណធម៌​ក្នុង​ខ្លួន៖ លោក​និយាយ​ថា៖ "​រឿង សីលធម៌ គុណ​ធម៌​ នេះ​ធ្វើ​ឱ្យ​យើង​ខុស​ប្លែក​ពី​មនុស្ស​ដទៃ ត្រូវ​ធ្វើ​ឱ្យ​មនុស្ស​សំខាន់​នៅ​ជុំវិញ​ខ្លួន​ ជឿជាក់​ថា​យើង​ជា​មនុស្ស​ដែល​មិន​មែន​ចេះ​តែ​និយាយ​ តែ​មិន​ធ្វើ​នោះ​ទេ​៕"​ ​

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ