រមណីយដ្ឋានប្រវត្តិសាស្រ្តខ្មែរ៨នេះ ស្ថិតក្នុងបញ្ជីត្រៀមដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 2017-07-14 01:12:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រមណីយដ្ឋានប្រវត្តិសាស្រ្តខ្មែរ៨នេះ ស្ថិតក្នុងបញ្ជីត្រៀមដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ចន្លោះមិនឃើញ
ស្របពេលដែលប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដាមកនេះ យ៉ាងហោចមានប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្រ្តកម្ពុជាចំនួន ៨ កន្លែងទៀត បានស្ថិតក្នុងបញ្ជីត្រៀម ដាក់បញ្ចូលក្នុងសម្បត្តិបេតិភណ្ឌពិភពលោក។ នេះបើតាមលោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបានឱ្យដឹងថា តំបន់ប្រវត្តិសាស្រ្តទាំង ៨ កន្លែងនោះមាន៖
រមណីយដ្ឋានអង្គបុរី ស្ថិតនៅក្នុងខេត្តតាកែវ។ រមណីយដ្ឋាននេះ មានប្រាសាទភ្នំដា អាស្រមតាឥសី និងមានកំពែងក្រុងជាដើម។ តំបន់នេះត្រូវបានចាក់ទុកជាសម័យកាលដំបូង នៃប្រវត្តិសាស្រ្តខ្មែរ ក្នុងសម័យហ្វូណន។
តំបន់ប្រាសាទបន្ទាយឆ្មា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ប្រាសាទបន្ទាយឆ្មា ត្រូវបានឧទ្ទិសថ្វាយដល់បុត្ររបស់ព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានសោយទិវង្គត ក្នុងការច្បាំងជាមួយនគរចម្ប៉ា។ សមរភូមិរវាងខ្មែរ ចាមត្រូវបានពណ៌នាដោយចម្លាក់លាន។
តំបន់ប្រាសាទបាកាន អតីតព្រះខ័នកំពង់ស្វាយ ស្ថិតនៅខេត្តព្រះវិហារ។ ប្រាសាទបាកាន មានក្បូរក្បាច់រចនា ប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ ដែលបានកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើម ហៅថា ប្រាសាទជ័យស្រីកសាង ដោយព្រះបាទសុរិយវរ្ម័នទី ១(គស១០០២-១០៥០)។
តំបន់ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើខាងជើង ភ្នំគូលែន ខាងកើតក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈ ស្រដៀង នឹងប្រាសាទ អង្គរវត្ត និង ត្រូវបានស្ថាបនាឡើង ដោយព្រះបាទសូរ្យវរ្ម័នទី ២ នាចុងសតវត្សរ៍ទី ១១ និងដើមទសវត្សរ៍ទី ១២ លើផ្ទៃដីទំហំ១៤ ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេព ក្នុងព្រហ្មញសាសនា និកាយវិស្ណុនិយម។
រមណីយដ្ឋានប្រវត្តិសាស្រ្តឧដុង្គ រមណីយដ្ឋានក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ។ ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស។ ឧត្តុង្គជាខ្សែភ្នំមួយ ដែលលាតសន្ធឹងពីជើងទៅត្បូងប្រវែង១ ៥០០ ម៉ែត្រ និងទទឹង ៧០០ ម៉ែត្រ។ ភ្នំអដ្ឋរស្សនេះមានកំពូល ៥ គឺកំពូលចេតីយ៍ ទន្ទឹមនឹងកំពូលត្រៃត្រឹង្គកំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និងកំពូលភ្នំអរិយកាប្បស។ ភ្នំនេះមានរាងដូចជាសត្វនាគ។ នៅលើកំពូលភ្នំមានចេតីយ៍របស់អតីតព្រះមហាក្សត្ររួមមាន ព្រះបាទអង្គឌួង និងព្រះមុនីវង្សជាដើម។ ចេតីយ៍មួយទៀត នៅខាងចុងនៃកំពូលដែលទើបតែបញ្ចប់ចុងឆ្នាំ ២០០២ គឺដាក់តម្កល់ សិរឹកធាតុនៃព្រះម្មាសម្ពុទ្ធ។
រមណីយដ្ឋានបន្ទាយព្រៃនគរ ឬរមណីយដ្ឋានហ្លួងព្រះស្ដេចកន មានទីតាំងស្ថិតនៅភូមិបន្ទាយព្រៃនគរ ឬ ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ។ រមណីយដ្ឋានប្រាសាទបន្ទាយព្រៃនគរ មានកំពែងព័ទ្ធជុំវិញរាងការ៉េ ប្រវែង ២ ៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ។ កំពែងនេះសង់ឡើង ដោយដីល្បាប់ខ្សាច់់ មានកំពស់ ៥ ម៉ែត្រទៅ ៧ ម៉ែត្រ ទទឹង ២០ ម៉ែត្រទៅ ២៥ម៉ែត្រ តែត្រូវបាក់ស្រុតមួយភាគធំ។ នៅលើខ្នងទំនប់ និងសងខាងទំនប់ មានដាំឬស្សីយ៉ាងក្រាស់។
រមណីយដ្ឋានភ្នំគូលែន មានបណ្តោយប្រមាណជា ២៥ គីឡូម៉ែត្រ ហើយនៅស្ថិតចម្ងាយប្រមាណជា ៣៤ គីឡូម៉ែត្រ ទិសឦសាន នៃទីក្រុងសៀមរាបអង្គរសព្វថ្ងៃ គឺជាទីតាំងស័ក្តិសិទ្ធបំផុតមួយ។ គ្រប់យុគសម័យប្រជានុរាស្ត្រខ្មែរ រមែងតែងតែអញ្ជើញទៅធ្វើធម្មយាត្រា ឬបន់ស្រន់ ដើម្បីសេចក្តីសុខសេចក្តីចំរើន។ ការស្រាវជ្រាវខាងវិស័យមនោគមន៍វិជ្ជា សាសនាខ្មែរបុរាណ បានឲ្យដឹងថា លក្ខណៈសំខាន់ នៃភ្នំគូលែនដែលជាប្រភពនៃអូរមួយចំនួន និងស្ទឹងសៀមរាប គឺស្ថិតនៅលើផ្នែកនិមិត្តរូបភាព។ ទឹកដែលហូរចេញពីជ្រលងភ្នំ ជាពិសេសចេញពីអន្លង់ផ្កាយនៅលើខ្នងភ្នំគូលែន ត្រូវហូរចាក់ទៅជ្រោះទឹកធ្លាក់មួយ ដែលជនជាតិខ្មែរចាត់ទុកថា ជាទឹកមន្តដ៏ស័ក្តិសិទ្ធិបំផុត ដោយសារវត្តមានរបស់ចម្លាក់លិង្គ ១ ០០០ និងដោយឡែកចម្លាក់ព្រះនារាយណ៍ផ្ទំនៅក្បែរប្រាសាទក្រោលរមាស ដែលត្រូវបានសាងសង់ឡើង ដោយព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ពិធីសាសនា។
តំបន់ប្រាសាទកោះកេរ្តិ៍មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចម្ងាយ ៧២ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ ២១១ និងផ្លូវលំចម្ងាយ ៤៩គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១ ០០០ ឆ្នាំមកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើន ត្រូវបានកសាងឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី ១០ (៩២៨-៩៤២)។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍ ។ មូលហេតុនៃការដោះដូររាជធានីនេះ ប្រហែលជាមានច្រើន ប៉ុន្តែគេអាចដឹងត្រឹមថា ទ្រង់ជាស្តេចជ្រែករាជ្យក្មួយប្រុសរបស់ខ្លួន គឺបុត្ររបស់ព្រះបាទយសោវរ្ម័ន។
លោក ប្រាក់ សុណ្ណារ៉ា បានបន្ថែមថា ធម្មតានៅពេលកម្ពុជាគ្រោងដាក់ក្រុមប្រាសាទ ឬក៏សម្បត្តិវប្បធម៌ណា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គណៈកម្មាធិការនឹងមើលឈ្មោះក្នុងបញ្ជីត្រៀមអង្គការយូណេស្កូសិន តើមានឈ្មោះក្នុងបញ្ជីត្រៀម ដែលកម្ពុជាបញ្ជូនទៅដែរឬទេ? ឈ្មោះក្នុងបញ្ជីត្រៀម ត្រូវបញ្ជូនទៅមុនយ៉ាងតិច ៥ ឆ្នាំ។ ចំពោះប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្រ្តកម្ពុជាចំនួន ៨ កន្លែងខាងលើ គឺបានបញ្ជូនទៅរយៈពេល ១៥ ឆ្នាំកន្លងមកហើយ៕
បារមីព្រះអង្គធំភ្នំគូលេនខ្លាំង អ្នកលួចព្រះនេត្រព្រះអង្គ ត្រូវជាន់មីនស្លាប់
២ កន្លែងនៅកម្ពុជាទេសភាពស្អាតបំផុត មិនចាញ់បរទេស តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍
ពិតជាអស្ចារ្យ! មូលហេតុបែបនេះហើយ ទើបមានគូទឹកព័ទ្ធជុំវិញប្រាសាទអង្គរវត្ត