យុវជន​បោះបង់​ការ​សិក្សា​ក៏​មាន​ការងារ​ធ្វើ និង​មាន​មុខរបរ​ពិតប្រាកដ​ក្រោយ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​​​

  • 2017-07-19 02:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​ថា ថ្ងៃ​នេះ ​គឺជា​កូន​ជាងគេ ស៊ីឈ្នួល​គេ តែ​ថ្ងៃក្រោយ អាច​ក្លាយ​ខ្លួន​ជា​អ្នក​រក​ស៊ី​ជំនួញ​ជួញដូរ​ធំ​ដុំ អាច​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន​ដូចជា​៖ ជាង​ម៉ូតូ​ខ្លួនឯង ចុងភៅ​ខ្លួនឯង ជាង​កាត់ដេរ​ខ្លួនឯង​ជាដើម។ ទាំង​នេះ​ជា​គំរូ​ល្អ និង​ធ្វើ​ឲ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ​។ ពេល​នេះ​យើង​យក​អ្នក​ដែល​មិន​បាន​រៀន​សូត្រ​វែងឆ្ងាយ ប៉ុន្តែ​គាត់​បាន​ក្លាយ​ខ្លួន​ជា​អ្នក​រកស៊ី​មាន​មុខរបរ​ពិត​ប្រាក​ក្រោយ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ​។​

​ ជា​អ្នក​ខេត្ត​សៀមរាប កញ្ញា ខឹក សៀ​ប អាយុ​ ២២​ឆ្នាំ ដែល​សម្រេច​បោះបង់ចោល​ការសិក្សា​ត្រឹម​ថ្នាក់​ទី​ ៩ ព្រោះ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត បាន​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ ផ្នែក​ចុងភៅ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​អង្គការ ភ្លែន​អន្តរជាតិ​កម្ពុជា​។ ក្រោយ​ចូល​រៀន​ជំនាញ​ផ្នែក​ចុងភៅ​បាន ៤​ខែ សៀប​បាន​ចូល​ធ្វើការ​ជា​បុគ្កលិក​ផ្នែក​ចុងភៅ​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​សៀម​រាម​។​ ​

កញ្ញា​បន្តថា បន្ទាប់ពី​បាន​ចូល​ធ្វើការ​កញ្ញា​មាន​អារម្មណ៍​សប្បាយចិត្ត ព្រោះ​គិតថា​ខ្លួនឯង​មាន​ឱកាស​បាន​ចូល​ធ្វើការ​ផ្នែក​ចុងភៅ​នៅ​ក្នុង​សណ្ឋាគារ​មួយ​ដែល​មាន​លំ​ដាប​គ្រាន់បើ ហើយ​កញ្ញា រំពឹង​ថា ក្រោយ​បញ្ចប់​ការសិក្សា​ជំនាញ​ផ្នែក​ចុងភៅ​នេះ​រួម​ទាំង​មាន​បទពិសោធន៍ និង​មាន​ដើមទុន​គ្រប់​គ្រាន់​កញ្ញា​នឹង​បើក​ភោជនីយដ្ឋាន​ផ្ទាល់ខ្លួន​មួយ​នៅ​ខេត្ត​សៀមរាប​នា​ថ្ងៃ​អនាគត​។​

​ សម្រាប់ យុវតី ឃួន រដ្ឋា អាយុ​១៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប រស់​នៅ​ភូមិ​នគរភាស​១ ឃុំ​នគរ​ភាស ស្រុក​អង្គ​រ​ជុំ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ អគ្គិសនី តាម​រយៈ​អង្គការ ភ្លែន​អន្តរជាតិ​កម្ពុជា រយៈពេល​ ៤ខែ បាន​លើក​ឡើង​ថា «​ខ្ញុំ​ចាប់​យក​ជំនា​ញ​អគ្គិសនី ខ្ញុំ​គិត​ថា​ជំនា​ញ​នេះ​មិនសូវ​មាន​អ្នក​រៀន តែ​ខ្ញុំ​មើល​ឃើញ​ថា វា​មាន​ទីផ្សារ​ច្រើន ហើយ​បន្ទាប់ពី​ខ្ញុំ​រៀន​រយៈពេល​ ៤​ខែ ខ្ញុំ​ក៏​ទទួល​បាន​ការងារ​ធ្វើ​។» ​ ​

ដោយ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត យុវ​ជន លាំ ប្រិ​យ៍ អាយុ​២៤​ឆ្នាំ បាន​សម្រេចចិត្ត​ឈប់​រៀន ហើយ​ចាប់​យក​ជំនាញ​វិជ្ជាជីវៈ ផ្នែក​ជួសជុល​គោ​យន្ដ តាម​រយៈ​អង្គការ ភ្លែន​អន្តរជាតិ​កម្ពុជា បាន​លើក​ឡើង​ថា បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា​ជំនាញ​រយៈពេល ៤ ខែ​ជាមួយ​អង្គការ ភ្លែន​អន្ដរជាតិ គេ​យក​ជំនាញ​នោះ​ទៅ​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​នៅ​ភូមិ​កំណើត​របស់​គេ ដែល​កំពុងតែ​មាន​តម្រូវ​ការ​ចាំបាច់​។​

យុវជន លាំ ប្រិយ៍

យុវជន​រូប​នេះ​បន្ត​ថា ក្រោយពេល​ខ្ញុំ​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ជួសជុល​គោ​យន្ដ​ខ្ញុំ​ទទួល​ប្រាក់កម្រៃ​អាច​ឲ្យ​ខ្ញុំ និង​គ្រួសារ​មាន​ជីវភាព​ធូរធារ​ជាង​មុន ដោយ​មិនបាច់​ធ្វើការ​ចំណាកស្រុក ឫ​ស៊ីឈ្នួល​គេ​ដូច​ពីមុន ហើយ​ទៅ​ថ្ងៃមុខ​ខ្ញុំ​មាន​គោល​បំណង​ពង្រីក​កន្លែង​ជួសជុល​គោ​យន្ដ​ឲ្យ​ធំ និង​អាច​មាន​ទទួល​បង្រៀន​កូនជាង​ផងដែរ​។​ ​

ដូច្នេះ​យុវជន​បោះ​បង់​ចោល​ការសិក្សា​ដោយសារ​រៀ​ន​មិន​បាន​ពូកែ រៀន​មិន​ចូល ឫ​ដោយសារ​មិន​មាន​លទ្ធភាព​រៀន​បន្ត អាច​រិះគិត​ឡើង​វិញ​ថា ខ្លួន​ចូលចិត្ត​ធ្វើ​អ្វី និង​សង្កេតមើល​និន្នាការ​ឱកាស​ទីផ្សារ ថា​រៀន​វិជ្ជាជីវៈ រៀន​ជំនា​ញ​ណាមួយ ដូចជា​ចុងភៅ ជាង ម៉ាស៊ីន ជាង​ទូរសព្ទ​វិញ​ប្រសើរ​ជាង ចំណេញ​ទាំង​ពេលវេលា ចំណេញ​ទាំង​លុយកាក់ បាន​ទាំង​ជំនាញ​ពិតប្រាកដ​មាន​អនាគត​ល្អ​ប្រសើ​ថែម​ទៀ​ត​៕

អត្ថបទ៖ ហេង នាង (CCJ)

អត្ថបទថ្មី