មាន​ពិត! មនុស្ស​ពិសេស អាយុ ៤ឆ្នាំ ចេះ​អាន ៤​ភាសា

  • 2017-08-17 08:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​កូរ៉េ Kim Ung-yong មាន​ភាព​ឆ្លាតវៃ​លើស​ពី​ការ​ស្មាន ព្រោះ​លោក​ចាប់​ផ្ដើម​និយាយ​តាំង​ពី​អាយុ ៤​ឆ្នាំ និង​ចេះ​ដោះ​ស្រាយ​លំហាត់​រូប​វិទ្យា​នៅ​អាយុ ៣​ឆ្នាំ។ រឹត​តែ​ពិសេស​ទៅ​ទៀត​នោះ គឺ​នៅ​អាយុ ៤​ឆ្នាំ លោក​អាច​អាន​ភាសា​កូរ៉េ អាល្លឺម៉ង់ ជប៉ុន និង​អង់គ្លេស ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

លោក Kim Ung-yong កើត​នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៩៦២ ដែល​គិត​មក​ទល់​សព្វ​ថ្ងៃ​មាន​អាយុ ៥៥​ឆ្នាំ ហើយ​រឿង​រ៉ាវ​របស់​លោក​បាន​ចារ​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​។ លោក​បាន​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា  Guinness World Record ជា​ក្មេង​ដែល​មាន IQ ខ្ពស់​បំផុត រហូត​ដល់ ២១០។ ក្រោយ​មក​កំណត់ត្រា IQ នោះ​ត្រូវ​លុប​ចេញ​បញ្ជី​វិញ​ក្នុង​ឆ្នាំ​១៩៩០ ព្រោះ​ការ​វាស់​ស្ទង់​សមត្ថភាព​ខួរ​ក្បាល​មិន​សុក្រឹត និង​មិន​អាច​ចាត់​ទុក​បុគ្គល​ណា​ជា​ម្ចាស់​កំណត់ត្រា។

យ៉ាង​ណា​ក្ដី លោក Kim បាន​ក្លាយ​ជា​បុគ្គល​ល្បី​ឈ្មោះ​ទាំង​វ័យ​ក្មេង នៅ​ទូទាំង​ប្រទេស​កូរ៉េ រហូត​ដល់​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ចំនួន​ហៅ​ទៅ​សម្ភាស និង​ឲ្យ​ដោះស្រាយ​លំហាត់​មុខ​អ្នក​ទស្សនា។ នៅ​អាយុ ៨​ឆ្នាំ លោក Kim ត្រូវ​បាន NASA អញ្ជើញ​ឲ្យ​ធ្វើ​ការ​ជាមួយ។ នៅ​ពេល​នោះ លោក Kim បាន​យល់​ព្រម និង​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ហើយ​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ Colorado State University ត្រឹម​អាយុ ៨​ឆ្នាំ។

យ៉ាង​ណា​ក្ដី លោក​បំពេញ​ការងារ​ផ្នែក​ស្រាវជ្រាវ​ឲ្យ NASA រយៈ​ពេល ១០​ឆ្នាំ ក៏​ត្រលប់​ទៅ​ប្រទេស​កូរ៉េខាងត្បូង​ដែល​ជា​ដែន​ដី​កំណើត​វិញ។ មូលហេតុ​ដែល​លោក Kim លាឈប់​ពី NASA ព្រោះ​គិត​ថា ការងារ​ដែល​លោក​កំពុង​ធ្វើ អាច​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​នាំ​ឲ្យ​ខូច​ខាត​ដល់​ពិភពលោក។

លោក Kim មិន​ចូល​ចិត្ត​ធ្វើការ​នៅ NASA ក៏​ព្រោះ​មាន​មូលហេតុ​មួយ​ទៀត​ថា លោក​ដោះ​ស្រាយ​បញ្ហា​គណនា​លឿន​​ដូច​ម៉ាស៊ីន តែ​បែរ​ជា​ថ្នាក់​លើ​របស់​លោក ជា​អ្នក​យក​គុណ​សម្បត្តិ​ទៅ​វិញ។ ត្រលប់​មក​ប្រទេស​កូរ៉េ​វិញ ប្រជាជន​បាន​សម្ដែង​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ហេតុ​អ្វី​លោក​មិន​លើក​មុខ​មាត់​ប្រទេស​ជាតិ​តាម​រយៈ​ការងារ​នោះ ហើយ​អ្វី​ដែល​រឹត​តែ​ឈឺ​ក្បាល​គឺ​សារព័ត៌មាន​ចាប់​ផ្ដើម​ជីក​កកាយ​ការ​វិល​ត្រលប់​របស់​លោក។

បើ​ទោះ​បី​បាន​សញ្ញាប័ត្រ​បណ្ឌិត​ពី​អាមេរិក តែ​ក្មេង​ដែល​មាន​សមត្ថភាព​ពិសេស​នោះ មិន​អាច​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ណា​មួយ​ក្នុង​ប្រទេស​កូរ៉េ​ឡើយ ព្រោះ​គ្មាន​សញ្ញាប័ត្រ​កម្រិត​វិទ្យាល័យ។ បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​ឡើង​វិញ លោក Kim បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​កូរ៉េ ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល។

ការ​សម្រេច​ចិត្ត​របស់​លោក Kim ទៅ​រៀន​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល ធ្វើ​ឲ្យ​ប្រជាជន​ខក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ចាត់​ទុក​ថា ជា​កំពូល​មនុស្ស​តែ​អត់​ប្រយោជន៍។ គ្មាន​នរណា​ខ្វល់​ថា លោក Kim សប្បាយ​ចិត្ត​នឹង​ការ​រៀន​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ឡើយ ព្រោះ​ពួក​គេ​ចង់​ឲ្យ​បុគ្គល​ដែល​មាន​ខួរ​ក្បាល​ខ្ពស់​លើស​គេ​នេះ ទៅ​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​សម្រាប់​សង្គម​ជាតិ។

ចំណែក​លោក Kim បាន​និយាយ​ថា៖ "​ខ្ញុំ​ចង់​ប្រាប់​អ្នក​គ្រប់​គ្នា​ថា ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​អ្វី​ដែល​ខ្ញុំ​ធ្វើ តែ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​ចាត់​ទុក​សុភមង្គល​របស់​ខ្ញុំ ជា​បរាជ័យ​ទៅ​វិញ?”។ លោក Kim ចាត់​ទុក​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ ជា​រឿង​មាន​ប្រយោជន៍ និង​ធ្វើ​ឲ្យ​ចិត្ត​របស់​លោក​ស្ងប់​សុខ​ក្នុង​សន្តិភាព។

លោក Kim មិន​ដែល​បាន​រស់​នៅ​ក្នុង​ជីវិត​សាមញ្ញ​ដូច​មនុស្ស​ធម្មតា​ឡើយ។ លោក​មិន​បាន​រៀន​តាម​លំដាប់​លំដោយ​ដូច​ក្មេង​ដទៃ ដែល​ចាប់​ផ្ដើម​ពី​ថ្នាក់​បឋម​សិក្សា រួច​បន្ត​ទៅ​វិទ្យាល័យ និង​បន្ត​ចូល​ទៅ​សាកលវិទ្យាល័យ។ លោក​ចាប់​ផ្ដើម​ភ្លាម​ដោយ​ការ​ទទួល​សញ្ញាប័ត្រ​បណ្ឌិត ព្រម​ទាំង​ការ​លើក​សរសើរ​ពី​មនុស្ស​គ្រប់​ទិសទី។ ជាមួយ​គ្នា​នោះ នៅ​ពេល​លោក​ត្រលប់ អ្នក​ដដែល​សរសើរ​លោក បែរ​ជា​រិះ​គន់​លោក មិន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ស្រមើ​ស្រមៃ។

លោក Kim បាន​និយាយ​ថា៖ "​អ្នក​គ្រប់​គ្នា​ដូច​ជា​ចាប់​អារម្មណ៍​លើ IQ ពេក​ហើយ... សង្គម​មិន​គួរ​វាយ​តម្លៃ​អ្នក​ណា​ម្នាក់ តាម​រយៈ​សមត្ថភាព​ខុស​ប្លែក​ខុស​ស្តង់ដារ​នោះ​ទេ។ គ្រប់​គ្នា​មាន​កម្រិត​រៀន​ខុស​គ្នា មាន​ក្ដី​សង្ឃឹម ទេពកោសល្យ និង​ក្ដី​ស្រមៃ​ខុស​គ្នា ហើយ​យើង​គួរ​តែ​គោរព​លើ​រឿង​នេះ"។

លោក Kim

​​​បច្ចុប្បន្ន លោក Kim មាន​អាយុ ៥៥​ឆ្នាំ ហើយ​បាន​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​សាស្ត្រាចារ្យ នៅ​សាកល​វិទ្យាល័យ Shinhan University។ រឿង​រ៉ាវ​របស់​លោក Kim អាច​ធ្វើ​ឲ្យ​មនុស្ស​គ្នា​យល់​បាន​ថា IQ ខ្ពស់ មិន​មែន​ជា​កម្លាំង​គ្មាន​ដែន​កំណត់​ឡើយ។ វា​គ្រាន់​តែ​ជា​ទេពកោសល្យ​​ពិសេស​មួយ​ដូច​ជា អ្នក​ពូកែ​ខាង​កីឡា ឬ​ដូរ្យតន្ត្រី​ដែរ៕

ចុចអានអត្ថបទ៖

ប្រភព៖ storypick   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី