យុវជន​ពិការ​ភ្នែកនិងក្តីប្រាថ្នា​រៀន​នៅ​ថ្នាក់​ឧត្តម​សិក្សា

  • 2017-09-04 04:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង សារូន ​ជា​យុវជន​ពិការភ្នែក​ទាំងសងខាងមួយ​រូប​ដែល​មិន​អស់​សង្ឃឹម​ក្នុង​ជីវិត និង​ថែម​ទាំង​មាន​ក្តី​ប្រាថ្នា​រៀន​បន្ត​នៅ​មហាវិទ្យា​ល័យ​ដូច​យុវជន​ដទៃទៀត​ដែរ។ យ៉ាង សារូន ឆ្នាំ​នេះ​មាន​វ័យ​២៣​ឆ្នាំ និង​ជាបេក្ខជន​ប្រ​ឡង​បាក់ឌុប​ ឆ្នាំ​នេះ​ផងដែរ។

សារូន​មាន​សង្ឃឹម​ពី​៦០​ទៅ​៧០​ភាគ​រយ​ថា​ខ្លួន​នឹង​ប្រឡង​ជាប់ ហើយ​រំពឹង​ថា​ខ្លួន​នឹង​អាច​រៀន​បន្ត​នៅ​សាកល​វិទ្យា​ល័យ​មួយ​នៅ​ខេត្ត​កំពង់​ចាម លើ​មុខវិជ្ជា​អក្សរ​សាស្រ្តខ្មែរ។ តើ​សារុន​ នឹង​បាន​ថវិកាពី​ណា​ដើម្បី​ផ្គត់​ផ្គង់​ការសិក្សា​បើ​ខ្លួន​ជា​ជន​ពិការ​ភ្នែក​ទាំង​សង​ខាង​បែប​នេះ?

(យ៉ាង សារូន កំពុង​ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយ​មួយ​របស់អង្គការគ្រួសារ​ថ្មី/រូបភាព​៖ ផ្តល់​ឲ្យ)

សារូន ឲ្យ​ដឹងថា​បើ​សិនជា​គាត់​ប្រ​ឡង​ជាប់នោះ​ គាត់​នឹង​ទទួល​បាន​ការ​ជួយ​ឧត្ថម្ភ​ពី​អង្គការ​មួយលើ​​ការ​សិក្សា​របស់​គាត់​រយៈ​ពេល​មួយ​ឆ្នាំ។ សម្រាប់​ឆ្នាំ​បន្ទាប់​ សារូន រំពឹង​លើ​ទំនាញ​លេង​ភ្លេងពិណពាទ្យ​របស់​ខ្លួន​ដើម្បី​រក​ចំណូល​សម្រាប់​បន្ត​កាសិក្សា។

សារូន រៀប​រាប់​ប្រាប់​ Sabay យ៉ាង​ដូច្នេះ​ទៀត​ថាៈ «បន្ទាប់​ពី​ខ្ញុំ​រៀន​ចំ​បរិញ្ញាបត្រ​អក្សរ​សាស្ត្រ​ខ្មែរ​ ខ្ញុំ​នឹង​រក​ការ​ងារ​ធ្វើ​នៅ​តាម​ស្ថាប័ន​រដ្ឋ ឬ​ឯកជន​ដែលគេ​ទទួល​ខ្ញុំ​​ជា​ពិសេស​ខ្ញុំ​ចង់​ប្រឡង​ធ្វើ​ជា​គ្រូបង្រៀន​ដែរ​ ហើយ​ខ្ញុំ​នឹង​ដាក់​ពាក្យ​បង្រៀន​នៅ​សាលា ​ឬ ​អង្គការ​ដែល​គេ​បង្រៀន​សិស្ស​ពិការ​ភ្នែក​ ម្យ៉ាង​ទៀត​បើ​មាន​ឱកាស​ខ្ញុំ​នឹង​រក​ដៃគូ​ម្នាក់​ទៀត​ដើម្បី​រៀប​ចំ​ឯក​សារ​សម្រាប់​អ្នក​ពិការ​ដែល​​ជា​ចំណេះ​ដឹង​ខ្ញុំ​ខំ​រៀន​នៅ​មហាវិ​ទ្យា​ល័យ ទុក​សម្រាប់​អ្នក​ពិការ​ផ្សេងៗ​ទៀត​យក​ទៅ​ស្រាវ​ជ្រាវ​បន្ត​»។

សារូន ត្រូវ​បាន​អង្គការ​គ្រួសារ​ថ្មី ទទួល​យក​មក​ឲ្យ​សិក្សា ​និង​ស្នាក់នៅ​ក្នុង​អង្គការ​នេះ​តាំងពី​ សារូន រៀន​ថ្នាក់​ទី​១​មក​ម្លេះ។ បច្ចុប្បន្ន សារូន កំពុង​រង់​ចាំដោយ​អន្ទះសា​នូវ​លទ្ធផល​ប្រ​ឡង​បាក់​ឌុប ដោយ​រំពឹង​ថា​នឹង​បាន​លទ្ធផល​ដូច​ក្តីប្រាថ្នា។

បើ​តាម​ក្រ​សួង​អប់​រំ លទ្ធផល​ប្រ​ឡង​បាក់ឌុប​នឹង​បិទផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​កញ្ញា នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​តាម​បណ្តា​ខេត្ត​ដទៃទៀត​នឹ​ង​ត្រូវ​បិទ​ផ្សាយ​នៅថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧៕

អត្ថបទ​ដោយ៖ ឌឿន អ៊ី

អត្ថបទពេញនិយម