តំបន់​ទេសចរណ៍ ៣​កន្លែង​វិល​វិញ​មិន​ឆ្ងាយ​ពី​ភ្នំពេញ ល្អ​បំផុត​សម្រាប់រដូវ​ភ្ជុំបិណ្ឌ

  • 2017-09-07 03:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​ភ្ជុំបិណ្ឌ មក​ដល់​ម្ដង​ៗ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​គ្រួសារ តែង​​ធ្វើ​បុណ្យ​​សាង​កុសល នៅ​តាម​ទីវត្ត​អារាម​នានា ហើយ​ក៏​ជា​ឱកាស​ជួប​ជុំ​គ្នា​ដើម្បី​ដើរ​លេង​កម្សាន្ត។ ថ្ងៃ​នេះ​ Sabay សូម​នាំ​ប្រិយ​មិត្ត​ទៅ​តំបន់​ទេសចរណ៍​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ ​និង​ជា​កន្លែង​សក្ការ​ដ៏​សំខាន់ ៣​កន្លែង​នៅ​ជិត​រាជធានី​ភ្នំពេញ អាច​ធ្វើ​ដំណើរ​វិល​ល្ងាច​បាន។ តើ​តំបន់​ទេសចរណ៍​ទាំង​នោះ​មាន​ទីតាំង​នៅ​ឯណា​ខ្លះ? តោះ​ទៅ​ដើរ​លេង​ទាំង​អស់​គ្នា!

១. ភ្នំ​ជីសូរ្យ

ខេត្ត​តាកែវ​ជា​ទឹក​ដី​ប្រវត្តិសាស្ត្រ ដ៏​ចំណាស់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​សក្ដានុពល​ទេសចរណ៍​មិន​ចាញ់​ខេត្ត​ផ្សេងៗ​នោះ​ទេ។ ជាក់​ស្ដែង ភ្នំ​ជីសូរ្យ គឺ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​​ពេញ​និយម​មួយ​ស្ថិត​នៅ​ក្នុង ភូមិ​ស្លា ​ឃុំ​រវៀង​ ស្រុក​សំរោង មាន​ចម្ងាយ​ប្រហែល ៦២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រាជធានី​​​​ភ្នំពេញ​។

ឡើងទៅ​ដល់​កំពូល​ភ្នំ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ នឹង​ភ្លាំង​ភ្លឹក​គយគន់​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​បំព្រង គ្រប​ដណ្ដប់​ដោយ​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ។ ជា​ពិសេស​នោះ​បង​ប្អូន​ទេសចរ​ នឹង​បាន​ទស្សនា​ប្រាសាទ​បុរាណ​មួយ​ឈ្មោះ​ថា "ប្រាសាទ​ភ្នំ​ជីសូរ្យ" កសាង​ឡើង​ដោយព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ តាំង​ពី​សតវត្ស​ទី​១១​មក​ម្ល៉េះ។ សម្រស់​ធម្មជាតិ បន្ថែម​ដោយ​ក្បូរក្បាច់​រចនា​ដ៏​ល្អ​វិចិត្រ​នៅ​លើ​តួ​ប្រាសាទ បាន​ធ្វើ​ឱ្យ​ទីតាំង​មួយ​នេះ រំលេច​ចេញ​ជា​ផ្ទាំង​ទស្សនីយភាព​គយគន់​មិន​ចេះ​ជិន​ណាយ។

​២. ប្រាសាទ​ស្រី​គ្រប់​លក្ខណ៍​នៅ​ចង្កេះ​ភ្នំ​បាសិត​ត្រៃត្រឹង្ស

​ ធ្វើ​ដំណើរ​ប្រមាណ​ ២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ភ្ញៀវ​ទេសចរ​នឹង​ទៅ​ដល់​ប្រាសាទ​បុរាណ​មួយ​ឈ្មោះ​ថា "ប្រាសាទ​ស្រី​គ្រប់​លក្ខណ៍​" នៅ​ចង្កេះ​ភ្នំ​បាសិត​ត្រៃត្រឹង្ស ​ស្ថិត​នៅ​ក្នុង​ភូមិ​ចម្ការ​ស្វាយ ឃុំ​ជ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ប្រាសាទ​បុរាណ​នៅ​ជិត​បង្កើយ​នេះ កសាង​ឡើង​អំឡុង​ចុង​សតវត្ស​ទី ៧ ដើម​សតវត្ស​ទី​៨ គ្រប​ដណ្ដប់​ដោយ​ដើម​ឈើ​ត្រឈឹងត្រឈៃ​ និង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ហើយ​ក៏​ជា​ទី​សក្ការ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ តែង​ទៅ​បន់ស្រន់​សុំ​សេចក្ដី​នៅ​ទី​នោះ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​នោះ គឺ​មាន​រូង​ភ្នំបុរាណ​មួយ​មាន​ប្រវែង​រហូត​ដល់ ២៤​ម៉ែត្រ​ចាប់​ពី​ប្រាសាទ​ ធ្លាយ​រហូត​ដល់​ភ្នំ​ព្រះរាជ​ទ្រព្យ​ឯណោះ។ បើ​តាម​ចាស់​ៗ​នៅ​កន្លែង​នេះ​ប្រាប់​ថា ​រូង​ភ្នំ​នេះ​មាន​អាយុ​កាល​ប្រហែល​ជា​១៤០០​ឆ្នាំ​មក​ហើយ ដោយ​មាន​ទាក់ទិន​នឹង​រឿង​ប្រវត្តិសាស្ត្រ​ជា​ច្រើន របស់​ប្រទេស​កម្ពុជា​ទៀត​ផង។

៣. ភ្នំ​ប្រុស​ភ្នំ​ស្រី

ភ្នំ​ប្រុស​ភ្នំ​ស្រី គឺ​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​ក្នុង​ភូម​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់​សៀម មាន​ចម្ងាយ​ប្រមាណ​ ៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់ចាម និង​ចម្ងាយ​ប្រមាណ ១១៤​គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ។ វត្ត​ភ្នំ​ប្រុស​មាន​ឈ្មោះ​ជា​ផ្លូវការ​ហៅ​ថា "វត្ត​សុវណ្ណ​គិរី​រតនៈ​ភ្នំ​ប្រុស"។ នៅ​ចំ​ទិស​ខាង​ជើង​​ចម្ងាយ​ប្រមាណ​ ១០០០​ម៉ែត្រ​គេ​អាច​មើល​ឃើញ​ភ្នំ​មួយ​ទៀត​ដែល​មាន​កំពូល​ស្រួច​ឈ្មោះ​ថា​ "ភ្នំ​ស្រី"។ ចំណែក​នៅ​ផ្នែក​ខាង​ជើង​ភ្នំ​ស្រី​ មាន​ជួរ​ភ្នំ​រកេតរកូត​ជា​ច្រើន​ទៀត​​មាន​ឈ្មោះ​ថា ភ្នំ​ដង​រែក ភ្នំ​លី ភ្នំ​ឈូក។

មិន​ត្រឹម​តែ​ជា​តំបន់​ទេសចរ​មួយ​ដ៏​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ មាន​ប្រវត្តិ​រឿងរ៉ាវ​ជា​ច្រើន ​អាច​សិក្សា​រៀន​សូត្រ​ ទាក់​ទង​នឹង​ប្រពៃ​ណី​ស្ដី​ដណ្ដឹង​កូន​ចៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​​ទៀត​ផង។ ​ចំណែក ពុទ្ធ​បរិស័ទ​ទាំង​អស់​ក៏​អាច​ធ្វើ​បុណ្យ​ដាក់​ទាន អុជ​ធូប​សុំ​សេចក្ដី​សុខ នៅ​ក្នុងវត្ត​អារាម​លើ​កំពូល​ភ្នំ ហើយ​ក៏​ជា​ទីតាំង​ដ៏​ល្អ​បំផុត​សម្រាប់​លម្ហែ​កាយ​នា​រដូវ​បុណ្យ​ទាន​នេះ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី