ពូកែ​មែន!​សិស្ស​ពិការ​ភ្នែក​ នឹង​គរថ្លង់​មួយ​ក្រុម​ប្រឡង​បាក់ឌុបជាប់​ទាំងអស់​គ្នា

  • 2017-09-12 02:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ពិការ​ភ្នែក និងគរ ថ្លង់​ ចំនួន​១១​រូប​មក​ពី​អង្គការ​មួយ​ក្នុង​ខេត្ត​កំពង់​ចាម​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់ឌុប​ទាំងអស់​គ្នា​ ដែល​អ្នក​ទាំង​នោះថា​នេះ​ជា​ជោគ​ជ័យ​មួយ​សម្រាប់ជីវិត​របស់​ពួកគាត់។

​អ្នក​ទាំង​១១​នាក់​នេះជា​សិស្ស​ដែល​​ស្នាក់​នៅ​ និង​រៀន​សូត្រ​ក្នុង​អង្គការ​គ្រួសារថ្មី​នៅខេត្ត​កំពង់ចាម​ដែល​ក្នុង​នោះ​​​មាន​បួន​នាក់​ជានារី និងមាន​សិស្ស​ប្រុស​ពី​នាក់​ជាជន​ពិការ​ផ្នែក​គរថ្លង់។ ក្នុងចំណោម​សិស្ស​ទាំង​១១នាក់​​​មាន​បួន​នាក់​ទទួល​បាន​និទ្ទេស​ D និង​មាន​៧​នាក់​បាន​និទ្ទេស​E។ ​​​

កញ្ញា ហឿន ចាន់​ណាត ប្រាប់​ Sabayថា​កញ្ញាបាន​ទទួល​និទ្ទេស​E ក្នុង​ការ​ប្រ​ឡង​បាក់​ឌុប​នេះ​ ហើយ​ថាកញ្ញា​ពិតជា​មាន​សេចក្តី​រីករាយ​ក្រោយ​ទទួល​បាន​លទ្ធ​ផល​នេះ។ កញ្ញា​ឲ្យ​ដឹង​ថា​ក្រោយ​ដឹង​លទ្ធ​ផល​នេះ កញ្ញា​ចង់​បន្ត​ការ​សិស្សា​នៅ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ខេត្ត​កំពង់​ចាម​ លើ​មុខ​វិជ្ជា​ភាសា​អង់គ្លេស។

កញ្ញា​បន្ថែមថាៈ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​គ្មាន​អ្វី​ប្រៀប​បាន​ទេ...ខ្ញុំ​ស្រ​ឡាញ់​មុខ​វិជ្ជា​ភាសា​អង់គ្លេស​ បើ​ខ្ញុំ​រៀន​ចប់ ខ្ញុំ​អាច​ប្រើ​ប្រាស់​បាន​ខ្ញុំ​នឹង​អាច​រស់​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​បាច់ពឹង​លើ​អ្នក​ដទៃ»។​

សម្រាប់​យុវសិស្ស យ៉ាង សារួន ជាសិស្ស​ពិការ​ភ្នែក​ និង​ជា​សិស្ស​ក្នុង​អង្គការ​ជាមួយ​ កញ្ញា ចាន់​ណាត ដែរនោះ និយាយ​ទាំងរីករាយ​ថា​ខ្លួន​​ទទួល​បាន​និទ្ទេស​D សម្រាប់​ការ​ប្រឡង​បាក់​ឌុប​នេះ​។ យុវជន​រូប​នេះ​​បន្ត​ថា​​ខ្លួន​​ចង់​បន្ត​ការសិក្សា​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង​ចង់ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់ក្រោយ​បញ្ចប់​ការ​សិក្សា​នេះ។ ទោះ​យ៉ាងណា​សារួន ​​​មិន​ដឹង​ថា​មាន​ស្ថាប័ន​ណា​ព្រមទទួល​យក​រូប​គាត់​ឬយ៉ាងណា។​​

(យ៉ាង សារួន ទទួលបាន​និទ្ទេស​ D/ រូបភាព៖ ឌឿន អ៊ី)

សារួន បន្ថែមថាៈ «ខ្ញុំ​ដឹងថា​ជំនាញ​ដែល​ខ្ញុំ​អាច​ទទួល​បាន​គឺ​អក្សរសាស្រ្ត​ខ្មែរ តែ​នៅ​ថ្ងៃ​ខាង​មុខ​មិន​ដឹង​ថា​មាន​ស្ថានប័ន​រដ្ឋ ឬ​ឯកជន​ណា​អាចទទួល​ខ្ញុំ​បាន​នោះទេ ព្រោះ​ភ្នែក​ខ្ញុំ​ពិការ»។

ចំណែក​យុវតី​ ស៊ឹង ឡុង​អេង​ ជា​សិស្ស​ម្នាក់​ដែល​ភ្នែក​របស់គាត់​អាច​មើល​អក្សរ​ឃើញ​ព្រាលៗ​នៅ​ពេល​ពាក់​​វែនតា និង​មើល​បាន​តែ​ក្នុង​រយៈចំងាយ​ជិតៗតែ​ប៉ុណ្ណោះ។ កញ្ញា​ ឡុងអេង រៀបរាប់​ទាំង​ទឹកមុខ​ញញឹមថា​កញ្ញា​ប្រឡង​បាន​និទ្ទេស​D និង​ថា​កញ្ញា​មាន​បំណង​ប្រឡធ្វើ​ជា​គ្រូ​បង្រៀន​​បន្ត​ទៀត​។ កញ្ញា​ថា​បើ​កញ្ញា​បាន​ធ្វើជា​គ្រូ​បង្រៀន​ នោះកញ្ញា​នឹង​មាន​ប្រាក់ខែជាទុន​សម្រាប់​រៀន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​នាពេល​ខាង​មុខ តែ​ថា​បើ​កញ្ញា​ប្រ​ឡង​ធ្វើគ្រូ​មិន​ជាប់ទេនោះ​កញ្ញា​ក៏​នៅ​តែ​ស្វះស្វែង​រក​ថវិកា​ដើម្បីរៀន​បន្ត​នៅ​មហាវិទ្យាល័​លើ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរដដែល​។

(កញ្ញា ស៊ឹង ឡុងអេង ថតពេល​ដោះវែនតា នៅ​ពេល​យក​ចង្ហាន់ទៅ​វត្ត​ជាមួយ​មិត្ត​ភក្តិ​ពិការ​ដទៃ/រូបភាព៖​ផ្តល់​ឲ្យ)

​កញ្ញា​បន្តថាៈ «ខ្ញុំ​មានការ​សប្បាយចិត្ត​ខ្លាំង​បំផុត​ដែលបាន​បញ្ចេញ​សមត្ថភាព​ក្នុង​ការ​ប្រឡង​ជាប់​បាក់ឌុបនេះ...បើ​មិន​ជាប់​គ្រូទេ​ខ្ញុំ​នឹង​ពិបាក​ក្នុងការ​ចំណាយ​​នៅពេល​ខ្ញុំ​រៀន​បន្ត»។​​​

អត្ថបទ​ដោយ៖ ឌឿន អ៊ី

អត្ថបទពេញនិយម
អត្ថបទថ្មី