ហុង ផេង «ខ្ញុំ​ជឿ​លើ​សមត្ថភាព​របស់​ខ្ញុំ​​ ហើយ​ខ្ញុំ​នឹង​ប្រឹង​​ដើម្បី​​ជាប់​ជម្រើស​ជាតិ​វិញ​»

  • 2017-09-14 02:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«ខ្ញុំ​ជឿ​លើ​សមត្ថភាព​របស់​ខ្ញុំ​​ ហើយ​ខ្ញុំ​នឹង​ប្រឹង​​ដើម្បី​​ជាប់​ជម្រើស​ជាតិ​វិញ​» ។ ជា​សម្ដី​របស់​ ហុង​ ផេង អតីត​​ខ្សែ​ការពារ​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា ​បង្ហាញ​ជំនឿ​ចិត្ត​របស់​ខ្លួន​​ក្នុង​ការ​ប្រឹងប្រែង​​ហ្វឹកហាត់​ដើម្បី​បាន​ជាប់​ជម្រើស​ជាតិ​​កម្ពុជា​។

ហុង ផេង (លេខ ២៥)

​​​ខ្សែ​ការពារ​កណ្ដាល​​របស់​បឹង​កេត​រូប​នេះ បាន​វិល​ត្រឡប់​មក​ជួយ​ក្រុម​វិញ​កាល​ពី​ម្សិល​មិញ​ ដោយ​ជួយ​​​បឹង​កេត​​យក​ឈ្នះ​ខេត្ត​ឧត្ដរមានជ័យ​ ៨-២ ក្នុង​ពាន​រង្វាន់​ Hun Sen Cup 2017 ក្រោយ​សម្រាក​ព្យាបាល​របួស​ដាច់​សរសៃពួរ​ជើង​​តាំង​ពី​​ដើម​ខែ​សីហា ឆ្នាំ​២០១៦​។ ជា​មួយ​ការ​វិល​ត្រឡប់​​ចូល​ទីលាន​វិញ​នេះ ហុង ផេង​ បាន​និយាយ​ថា រូប​គេ​រំពឹង​​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ ដោយ​តាំង​ចិត្ត​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​សមត្ថភាព​​ពី​មុន​ត្រឡប់​មក​វិញ ដើម្បី​អាច​ឲ្យ​គ្រូ​ជម្រើស​ជាតិ​​មើល​ឃើញ​។

​ខ្សែ​ការពារ​ពាក់​លេខ ២៥ ​នៅ​បឹង​កេត​រូប​នេះ​បន្ថែម​ថា ​ការ​បង្ហាញ​ខ្លួន​លើក​​ដំបូង​ក្រោយ​ជា​ពី​របួស​នេះ​ ផេង មើល​ឃើញ​​​សមត្ថភាព​របស់​គេ​​មាន​​ប្រហែល ៩០% នៃ​​សមត្ថភាព​ពី​មុន។ ​ចំណុច​​ខ្វះខាត​ខ្លះ​ៗពាក់ព័ន្ធ​ទៅ​នឹង​​កម្លាំង និង​ភាព​រហ័សរហួន​លើ​ទីលាន​​ គឺ​ត្រូវ​ពង្រឹង​ឡើង​វិញ ដើម្បី​អាច​បាន ១០០ %​ ដូច​ពី​មុន។

​បច្ចុប្បន្ន​បឹង​កេត​ស្ថិត​នៅ​លេខ ៤ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១៥ ​លើក​ដោយ​មាន ២៧ ពិន្ទុ​។ ប្រកួត​បន្ទាប់​នា​សប្ដាហ៍​ទី​១៦ បឹង​កេត​ នឹង​ត្រូវ​តទល់​ជា​មួយ​​ក្រសួង​ការពារ​ជាតិ ប៉ុន្តែ ​ហុង ផេង ទំនង​មិន​បាន​លេង​នោះ​ទេ ដោយ​សារ​សមត្ថភាព​មិន​ទាន់​ល្អ​ដូច​ពី​មុន ១០០%៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​