ម្ចាស់​សិប្បកម្មឆ្នាំង​មួយ​កន្លែង​ ទោះ​បរាជ័យ​ម្តង​ក៏​មិន​រាថយ

  • 2017-10-17 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​សិប្បកម្ម​ធ្វើ​ឆ្នាំ​ង​មួយ​កន្លែង​នៅ​ក្នុងខេត្ត​កំពង់​ចាម​បាន​តស៊ូធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​ដើរ​ឡើង​វិញ​ក្រោយពី​របរនេះបាន​ដួល​រលំជាង​១០​ឆ្នាំ។

លោក គឹម ចន ជា​ម្ចាស់​សិប្បកម្ម​ឆ្នាំង​មួយ​កន្លែង​ក្នុង​ឃុំពាមជីកង​ ស្រុក​កងមាស ខេត្ត​កំពង់ចាម។ លោក​ថា​លោក​បាន​រៀន​ជំនាញ​នេះ​តាំងពីទសវត្ស​ឆ្នាំ​១៩៨០ នៅពេ​ល​ដែល​លោក​បាន​បំរើការជា​កម្មករ​ក្នុង​សិប្បកម្មឆ្នាំង​មួយ​នៅពេល​នោះ។

(កម្មករ​កំពុងអង្គុយ​ខាត់ឆ្នាំង​បន្ទាប់​យកចេញពី​ពុម្ព)

លោក​ឲ្យ​ដឹងទៀតថា​រហូត​ដល់​ឆ្នាំ​១៩៩១ លោក​សម្រេច​ឈប់ធ្វើជា​កម្មករឲ្យគេ តែ​ងាកមក​បើក​សិប្បកម្មខ្លួនឯង​វិញ។ ទោះយ៉ាងណា លោក​ថា​សិប្បកម្មនេះ​មិន​មានជីវិត​យូរអង្វែង​ទេ ពោល​គឺនៅ​ឆ្នាំ​១៩៩៦ លោក​ក៏​បាន​បិទ​សិប្បកម្មនេះ​វិញ ដោយ​ថា​ខាត​ដើម។ មូល​ហេតុ​ដែល​ខាតនេះ​លោក​ថា​មកពី​មិនសូវ​មាន​អតិថិជន និង​អ្នក​បញ្ជា​ទិញ​យកទៅលក់​បន្ត​ ដោយ​​ថាលោកជា​អ្នក​ទើប​រកស៊ី​ថ្មី។ មួយ​វិញ​ទៀត លោក​ថា​ពេលនោះ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​នៅ​មិន​ទាន់​មាន​ជីវភាព​ធូរធារ​មាន​ថវិកា​ចាយ​វាយ​ប៉ុន្មាន​ដែរ។

(ពុម្ពទុក​សម្រាប់​ចាក់​ឆ្នាំង​តាម​ប្រ​ភេទទំហំមួយៗ)

ទោះជា​ត្រូវ​បិទ​ទ្វារសិប្បកម្មនេះ​ក្តី ក៏​លោក​នៅ​ចិញ្ចឹម​ចិត្ត​បើក​សិប្បកម្មនេះ វិញ​នៅថ្ងៃណាមួយ។ លុះ​ដល់​ឆ្នាំ​២០០៨ លោក​សម្រេច​បើក​សិប្បកម្មនេះ​ឡើង​វិញ ដោយ​លោក​បាន​ទាក់ទង​បាន​អ្នក​ទិញ​ច្រើន​សម្រាប់​យក​លក់​បន្ត និង​បាន​ជួល​អ្នកជំនាញ​បី​នាក់​បន្ថែម​ផង។

(គំនរឆ្នាំង​ដែល​ផលិត​រួច)

លោក​ឲ្យ​ដឹង​ថា​ ឆ្នាំង​របស់​លោក​ភាគ​ច្រើន​យកទៅ​លក់​នៅ​ឯ​ខេត្ត​ព្រះវិហារ និង​សៀមរាប។ លោក​និយាយ​ដោយ​ទឹក​មុខ​ញញឹម​ថា ឆ្នាំង​ដែល​ផលិត​បាន​គឺ​មាន​ឈ្មួញ​កណ្តាល​មក​ទិញ​ដល់​ផ្ទះ។​ លោក​បន្ថែមថាៈ «ឃើញ​ថា​ការ​បើក​សិប្បកម្ម​ឡើង​វិញ​របស់​គ្រួសារ​ខ្ញុំលក់​ដាច់​គ្រាន់​បើ​ ជាពិ​សេស​ទី​ផ្សារ​ធំ ​លក់​ដាច់​ជាង​គេ​គឺ​ខេត្ត​សៀមរាប​ និងព្រះវិហារ​...ពេល​ខ្ញុំ​ធ្វើ​រួច​មាន​ម៉ូយ​មក​យក​ដល់​ផ្ទះ​មិន​បាច់​ហត់​ដើរ​លក់​»។

លោក​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​២០​ថ្ងៃ​សិប្បកម្ម​របស់​លោក​អាច​ផលិត​ឆ្នាំ​ងបាន​ចន្លោះពី​៤០០ ទៅ​៥០០​ឆ្នាំ​ងទៅតាម​ប្រ​ភេទ និង​ទំហំ​ផ្សេងៗ ហើយ​ចំនួន​នេះ​លោក​ថា​លក់​មិន​ដែល​សល់​នោះទេ។ លោក​ចាត់ទុកថា​សិប្បកម្មនេះ​បាន​ជួយ​ឲ្យ​គ្រួសារ​លោក​មាន​ជីវភាព​សមរម្យ និង​បានជួយ​អ្នកភូមិ​ខ្លះ​ឲ្យ​មាន​ការងារ​ធ្វើ​ផង​ដែរ៕

អត្ថបទដោយ៖ ឌឿន អ៊ី

អត្ថបទពេញនិយម