គុក ១២ កន្លែង ជុំវិញពិភពលោក មើលទៅមិនដូចជាគុក
- 2017-11-11 07:30:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុក ១២ កន្លែង ជុំវិញពិភពលោក មើលទៅមិនដូចជាគុក
ចន្លោះមិនឃើញ
នៅសហរដ្ឋអាមេរិកពន្ធនាគារគឺជាកន្លែងផ្ដន្ទាទោស។ ប៉ុន្តែនៅប្រទេសអភិវឌ្ឍមួយចំនួន គុកត្រូវបានធ្វើឡើងក្នុងគោលបំណងស្តានីតិសម្បទា ពោលគឺអ្នកទោសទាំងនោះត្រូវបានគេថែទាំដោយយកចិត្តទុកដាក់ទាំងផ្លូវកាយ និង ផ្លូវចិត្ត។
ខាងក្រោមនេះគឺជាទិដ្ឋភាពគុក១២កន្លែងជុំវិញពិភពលោក ដែលមើលទៅមិនដូចជាគុកទេ៖
១ ប្រទេសហ្វាំងឡង់ (Finland)
នៅប្រទេសហ្វាំងឡង់ ពន្ធនាគារ Suomenlinna មិនមានខ្សែលួសបន្លាដើម្បីព័ទ្ធជុំវិញមណ្ឌលឃុំឃាំងទេ។ ផ្ទុយទៅវិញ គេធ្វើរបងទាបៗព័ទ្ធជុំវិញ ដូចផ្ទះក្នុងរឿងភាគកូរ៉េ ហេតុផលនេះហើយ ទើបបានគេហៅថា "គុកបើកចំហ" ។
២ ប្រទេសន័រវែស (Norway)
ពន្ធនាគារ Halden នៅន័រវែសឯណេះវិញ អនុញ្ញាតឱ្យអ្នកទោសចម្អិនម្ហូប លេងវីដេអូហ្គេម ហាត់បាល់បោះ។ និយាយពីបន្ទប់វិញ ស្អាតដូចអន្តេវាសិកដ្ឋាន (កន្លែងនិស្សិតស្នាក់នៅ) គ្រែគេងមានពូក។ គោលបំណង គឺដើម្បីព្យាបាលអ្នកទោសឲ្យដូចជាមនុស្សជាតិទូទៅ ដូច្នេះពួកគេនឹងមានសុខភាពផ្លូវកាយនិងផ្លូវចិត្តរឹងមាំពេលត្រលប់ចូលទៅក្នុងសង្គមវិញ។
៣ ប្រទេសនូវែលហ្សេឡង់(New Zealand)
មិនខុសពី Halden ពន្ធនាគារ Otago របស់ប្រទេសនូវែលហ្សេឡង់ មើលមួយភ្លែតច្រឡំថាជាបន្ទប់គេងរបស់យុវវ័យ។ បន្ទប់មានផាសុខភាព និង បណ្ណាល័យខាងក្នុង រចនាឡើងដើម្បីឲ្យអ្នកទោសមានអារម្មណ៍ថាពួកគេនៅតែជាផ្នែកមួយរបស់សង្គម។
៤ ប្រទេសបូលីវី (Bolivia)
ពន្ធនាគារ San Pedro ប្រទេសបូលីវី អស់រយៈពេល ២០ ឆ្នាំមកហើយគឺជាទីក្រុងតូចមួយសម្រាប់អ្នកទោសប្រមាណ៣ ០០០ នាក់ រួមនឹងគ្រួសាររបស់ពួកគេ ឬ ហៅបែបផ្សេងថាជា សណ្ឋាគារគុក។
៥ ប្រទេសហូឡង់ (Netherlands)
ជនភៀសខ្លួនដែលបានហូរចូលប្រទេសហូឡង់រាប់ពាន់នាក់ ដើម្បីជួយសម្រួលដល់ការបម្លាស់ទីរបស់ពួកគេ គុក De Koepel ត្រូវបានប្រែក្លាយជាកន្លែងជ្រកកោនរបស់ជនភៀសខ្លួន។ វាជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារជាច្រើនទៀតនៅហូឡង់ ដែលបានបិទទ្វារដោយសារតែអត្រាឧក្រិដ្ឋកម្មថយចុះ។
៦ ប្រទេសអូទ្រីស (Austria)
Justice Center នៅអូទ្រីសមិនដូចពន្ធនាគារភាគច្រើន មិនដូចនៅត្រង់ស្ថាបត្យកម្មរបស់វា។ ជាគុកត្រូវបានរចនាឡើងដោយអនុញ្ញាតឱ្យមានពន្លឺគ្រប់គ្រាន់។ នៅច្រកទ្វារចូលពន្ធនាគារមានរំលេចនូវអក្សរចារឹកធំៗដែលបញ្ជាក់ប្រាប់អ្នកទោសថាពួកគេមាន "សិទ្ធិដើម្បីសេចក្ដីថ្លៃថ្នូរ និង ភាពជាមនុស្សជាតិ"។
៧ ប្រទេសអេស្ប៉ាញ (Spain)
ពន្ធនាគារ Aranjuez របស់អេស្ប៉ាញអនុញ្ញាតអោយឪពុកម្ដាយ និង កូនតូចៗ អាចស្នាក់នៅកន្លែង ឃុំឃាំងជុំគ្នា។ ជញ្ជាំងពន្ធនាគាររៀបចំដូច Disney Land ថែមទាំងមានមត្តេយ្យសាលា និង សួនកុមារជាដើម។ គោលបំណងគឺដើម្បីកុំឲ្យក្មេងៗដឹងថាឪពុក ឬ ម្តាយពួកគេជាប់ពន្ធនាគារ។
៨ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
ពន្ធនាគារ Pondok Bambu នៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺជាពន្ធនាគារស្ត្រីដែលគេធ្វើបន្ទប់ប្រណិត សម្រាប់អ្នកទោសអាចជួលស្នាក់នៅបាន ខណៈអ្នកទោសខ្លះបានសូកប៉ាន់ដើម្បីបានទៅនៅក្នុងបន្ទប់ទាំងនោះ។
៩ ប្រទេសវែល (Wales)
ពន្ធនាគារ Her Majesty Parc (HMP) ប្រទេសវែល រៀបចំដូចសាកលវិទ្យាល័យ មានបន្ទប់ជាច្រើន មានក្លឹបហាត់ប្រាណ ទឹកក្ដៅទឹកត្រជាក់ កន្លែងលេងស្នុក និង ពីងប៉ុងជាដើម។
១០ ប្រទេសស៊ុយអែត (Sweden)
ពន្ធនាគារ Sollentuna របស់ស៊ុយអែតមានកន្លែងឲ្យអ្នកទោសចំអិនម្ហូបអាហារផ្ទាល់ខ្លួន មានទូរទស្សន៍ និង កន្លែងហាត់ប្រាណ។ ពន្ធនាគារនៅស៊ុយអែត មិនខុសពីប្រទេស ន័រវែស និង ហ្វាំងឡង់ វាជាមជ្ឈមណ្ឌលលើកកម្ពស់ និង ស្ដារនីតិសម្បទា។
១១ ប្រទេសស្វីស (Switzerland)
ពន្ធនាគារ Champ-Dollon ប្រទេសស្វីស រៀងចង្អៀតបន្តិចនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះរដ្ឋាភិបាលបានចំណាយលុយប្រមាណ ៤០លាន ដុល្លារ ទៀតដើម្បីសង់អាគារបន្ថែម។ គោលបំណងនៃការពង្រីកអាគារគុកនេះ គឺដើម្បីឲ្យបន្ទប់កាន់តែទូលាយ និង មានផាសុខភាព។
១២ ពន្ធនាគារ Bastoy ប្រទេសន័រវែស
ដោយឡែក ពន្ធនាគារ Bastoy របស់ប្រទេសន័រវែសនេះដែរ ជាពន្ធនាគារនៅលើកោះមួយ ហើយអ្នកទោសត្រូវបានតម្រូវឲ្យធ្វើការងារកសិកម្ម នេសាទ ហាត់កីឡាជិះស្គី លេងកីឡាវាយកូនបាល់ (tennis) និង កីឡាជិះសេះជាដើម៕
ប្រភព៖ Business Insider:
ប្រែសម្រួល៖ សុខ លាងហ៊ត