សមាគមគ្រូពេទ្យទារកកម្ពុជា ប្ដេជ្ញាជួយកាត់បន្ថយអត្រាមរណៈទារកទើបកើត
- 2017-11-27 10:37:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមគ្រូពេទ្យទារកកម្ពុជា ប្ដេជ្ញាជួយកាត់បន្ថយអត្រាមរណៈទារកទើបកើត
ចន្លោះមិនឃើញ
សមាគមគ្រូពេទ្យទារកកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាពរវាង ទារក ម្ដាយ និងគ្រូពេទ្យឲ្យកាន់តែប្រសើរនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ សមាគមនេះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ចូលរួមគាំទ្រដោយឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និង សាស្រ្តាចារ្យ វេជ្ជបណ្ឌិត គិលានុប្បដ្ឋយិការ ពេទ្យ ឆ្មប និងនិស្សិត មកពីមន្ទីរពេទ្យ ស្ថាប័ន និងសកលវិទ្យាល័យវេជ្ជសាស្រ្តសំខាន់ៗជាច្រើន។
លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ ជាប្រធានសមាគមគ្រូពេទ្យកម្ពុជា បានមានប្រសាសន៍ថា សមាគមគ្រូពេទ្យទារកកម្ពុជា ជាសមាគមដែលបង្កើតឡើងដោយក្រុមគ្រូពេទ្យជំនាញខាងសម្ភព និងគ្រូពេទ្យជំនាញខាងកុមារ និងទារក ក្រោមគោលបំណង ៣សំខាន់ៗ គឺ៖
បង្កើតឲ្យមានទំនាក់ទំនងជិតស្និតរវាងគ្រូពេទ្យម្តាយ (សម្ភព) និងគ្រូពេទ្យកុមារ និងទារក (កូន)
លើកកម្ពស់សុខភាពម្តាយ និងកូន ដោយបង្កើនការចេះដឹងផ្នែកថែទាំព្យាបាលទារកតាមរយៈវគ្គបណ្តុះបណ្តាលបន្ត សិក្ខាសិលា សន្និសីទ ដែលមានគ្រូពេទ្យជំនាញមកពីក្នុង និងក្រៅប្រទេសមកចែករំលែកបទពិសោធន៍
បង្កើតឲ្យមានគោលការណ៍ណែនាំថ្នាក់ជាតិ ក្នុងការអនុវត្តថែទាំទារកតែមួយ។
លោកស្រីសាស្រ្តាចារ្យ បញ្ជាក់ថាៈ "បេសកកម្មរបស់សមាគមគ្រូពេទ្យទារកកម្ពុជា គឺចូលរួមធានានិរន្តរ៍ភាពសង្គមក្នុងការកាត់បន្ថយអត្រាមរណៈរបស់ទារកទើបនឹងកើត”។
ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ថ្លែងគាំទ្រចំពោះការបង្កើតសមាគមគ្រូពេទ្យទារកកម្ពុជានេះឡើងផងដែរ ដោយសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សមាគមនឹងពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណៈរបស់ទារកទើបកើត តាមរយៈសកម្មភាពដែលចូលរួមដោយគ្រូពេទ្យជំនាញជាច្រើនក្នុងពេលខាងមុខ៕