ជប៉ុន បញ្ជូន​ប្រតិភូ​សហព័ន្ធ​ការ៉ាតេដូ​ជប៉ុន​ មក​បង្វឹក​កីឡា​ការ៉ាតេ​ដល់​កម្ពុជា

  • 2017-11-29 03:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការ​បរទេស​ជប៉ុន​នឹង​បញ្ជូន​គ្រូបង្វឹក​កីឡាការ៉ាតេ​ជប៉ុន​ចំនួន​៥​រូប​មក​ពី​សហព័ន្ធ​ការ៉ាតេដូ​ជប៉ុន​ដើម្បី​ធ្វើ​ការ​បង្វឹក​កីឡា​ការ៉ាតេ ​ដែល​ជា​កីឡា​យុទ្ធ​សិល្ប៍​ជប៉ុន​ដ៏​ល្បីល្បាញ​បំផុត ដល់​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ​ឆ្នាំ​២០១៧ ក្រោម​កម្មវិធី​ «កីឡា​សម្រាប់​ថ្ងៃ​ស្អែក» ដោយ​កិច្ច​សហការ​ជាមួយ​ខេមរៈ​សហព័ន្ធ​ការ៉ាតេ​ដូ​កម្ពុជា (CKF)។

ការ​បញ្ចូន​គ្រូ​បង្វឹក​កីឡា​ការ៉ាតេ​ជប៉ុន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរត្ន ​ដែល​ជា​ប្រធាន​ CKF​អំឡុង​ពេល​ដែល​ឯកឧត្តម​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​មុន។

គណៈ​ប្រតិភូ​នឹង​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ដល់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ អូន ព័ន្ធមុនីរត្ន​ ប្រធាន​CKF ​និង​ឯកឧត្តម​បណ្ឌិត ហង់​ ជួនណារុន ​រដ្ឋមន្រ្តី​​ក្រសួង​អប់រំ យុវជន ​និង​ កីឡា។​ គ្រូ​បង្វឹក​កីឡា​ការ៉ាតេ​នឹង​បង្វឹក​អត្តពលិក​ការ៉ាតេ​កម្ពុជា​និង​អាជ្ញា​កណ្តាល​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ​ខែធ្នូ ឆ្នាំ​២០១៧ នៅ​មជ្ឈ- មណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា​ការ៉ាតេ​ដែល​ស្ថិត​នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។

ការ​បញ្ចូន​ប្រតិភូ​ទាំងនេះ នឹង​អាច​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​ ក៏​ដូចជា​អភិវឌ្ឍ​ចលនា​ ការ​ឆ្ពោះ​ទៅ​កាន់​កីឡា​អូឡាំពិក ​កីឡា​ប៉ារ៉ា​ឡាំពិក ​តូក្យូ​២០២០ ​និង​កីឡា​ស៊ីហ្គេម ​ដែល​នឹង​រៀបចំ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០២៣៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី