មិនចង់អស់លុយច្រើន ទៅដើរលេង៣កន្លែងនេះ ដឹងតែចំណាយអស់តិចបំផុត
- 2017-12-08 08:13:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់អស់លុយច្រើន ទៅដើរលេង៣កន្លែងនេះ ដឹងតែចំណាយអស់តិចបំផុត
ចន្លោះមិនឃើញ
ឲ្យតែពេលចង់ដើរលេងម្ដងៗ រឿងចំណាយគឺជាចំណុចសំខាន់បំផុត មិនថាអ្នកណាក៏ចង់ដើរលេងកន្លែងដែលសប្បាយ ហើយតម្លៃស្នាក់នៅ និងម្ហូបអាហារមានតម្លៃសមរម្យ។ មិនឲ្យអំពល់ទុក្ខច្រើនរឿងដើរលេងទេ ថ្ងៃនេះបងសប្បាយសូមនាំប្រិយមិត្ត ទៅកាន់តំបន់ទេសចរណ៍៣កន្លែងនៅកម្ពុជា មិនត្រឹមតែមានទេសភាពស្អាតនោះទេ ថែមទាំងចំណាយអស់តិចទៀតផង។
១. កោះទ្រង់នៅខេត្តក្រចេះ
កោះទ្រង់ ស្ថិតនៅទល់មុខចំក្រុងក្រចេះ មានទេសភាពស្រស់ស្អាត ជាទីកម្សាន្តដ៏ជក់ចិត្តបំផុតមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរទៅលេងនៅខេត្តក្រចេះ ជាពិសេសការស្នាក់នៅគឺធូរថ្លៃមែនទែន ត្រឹមតែ៣ដុល្លារប៉ុណ្ណោះក្នុង១យប់។
ធ្វើដំណើរដោយជិះទូក ឆ្លងទន្លេមេគង្គប្រហែល១គីឡូម៉ែត្រ នឹងទៅដល់កោះធម្មជាតិដែលស្ថិតនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះមានខ្យល់អាកាសបរិសុទ្ធ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ជាពិសេសមានវាលខ្សាច់ដ៏ធំធេងទៀតផង។កោះទ្រង់ មានផ្ទៃដីទំហំ ២២៣ហិកតារ ដែលបែងចែកជាពីរភូមិ (ក្បាលកោះ និងចុងកោះ)។
ភ្ញៀវជាច្រើននិយាយថា នៅក្រចេះក្រៅពីអន្លង់ផ្សោតកាំពី កោះទ្រង់ជាបេះដូងទេសចរណ៍ទាក់ទាញភ្ញៀវលំដាប់ទី២ និងជាកសិទេសចរណ៍ធម្មជាតិ ដែលមានក្រូចថ្លុងដ៏ល្បីផ្អែមឆ្ងាញ់ និងដំណាំបន្លែជាច្រើនមុខទៀតដូចជា ស្ពៃ សណ្តែក ត្រសក់ ប៉េងប៉ោះ -ល-។
ចំពោះមធ្យោបាយធ្វើដំណើរកម្សាន្តជុំវិញកោះ មានចម្ងាយសរុបប្រហែល១០គីឡូម៉ែត្រ ភ្ញៀវមាន៤ជម្រើសគឺ ជិះរទេះគោថ្លៃជាងគេ ១៥ដុល្លារ, រទេះសេះ១០ដុល្លារ, ម៉ូតូឌុប៥ដុល្លារ និងជិះកង់មានតម្លៃពី១ទៅ២ដុល្លារ តាមកង់ចាស់ឬថ្មី។ រីឯម្ហូបអាហារ ភ្ញៀវអាចកុម្ម៉ង់តាមចិត្តចង់ មានត្រីនិងមាន់ ហើយមានតម្លៃធូរថ្លៃសមរម្យជាទីបំផុត។
២. ក្ដាតឡាតង់
ចម្ងាយប្រហែល២០ពីគីឡូម៉ែត្រពីក្រុងកំពត កន្លែងកម្សាន្តក្នុងស្រុកទឹកឈូមួយនេះបានផ្ដល់នូវសេវាស្នាក់អាស្រ័យជាកញ្ចប់ចាប់ពីតម្លៃ៣៥ដុល្លារ ទៅ៥៥ដុល្លារ ដោយផ្ដល់ការស្នាក់នៅចំនួនមួយយប់ពីរថ្ងៃបូករូមទាំងអាហារបីពេលផង។ ក្រៅពីនេះ ក្ដាតឡាតង់(KDARD LA TENTE) ក៏ផ្តល់ជូនផងដែរនូវការកម្សាន្តដើរចាក់បង្គានាពេលរាត្រី និងការកម្សាន្តតាមកន្លែងទឹកធ្លាក់ធម្មជាតិមួយចំនួនទៀតផង។
តាត ឧត្ដម ជាម្ចាស់រមណីយដ្ឋានធម្មជាតិនេះ ឲ្យដឹងថា កញ្ចប់ស្នាក់ និងលំហែកាយនៅ ក្តាតឡាតង់ មានចន្លោះ ពី៣៥ដុល្លារ ដល់ ៥៥ដុល្លារ ភ្ញៀវនឹងទទួលបាន ការស្នាក់នៅ១យប់ ២ថ្ងៃក្នុងតង់ ផ្ទះបឹងកាឡូ ផ្ទះកុងតេន័រ រួមនឹងអាហារ ៣ពេល។ កន្លែងកម្សាន្តនេះមានផ្ទះបឹងកាឡូ ៤បន្ទប់ដែលក្នុង ១បន្ទប់អាចគេងបាន៤នាក់ ផ្ទះកុងតេន័រ១ដែលអាចគេងបាន ៥នាក់ និងតង់ស្នាក់នៅ៤០ដែលតង់១អាចគេងបាន ២នាក់។
ក្ដាតឡាតង់(KDARD LA TENTE)ជាកន្លែងកម្សាន្តបែបធម្មជាតិលើផ្ទៃដីជាប់សមុទ្រជិត២ហិតា។ ទើបតែបង្កើតបានប្រហែលមួយឆ្នាំ កន្លែងកម្សាន្តនេះអាចទាក់ទាញភ្ញៀវទេចរបានចន្លោះពី១២០នាក់ទៅ១៥០នាក់ក្នុងមួយខែៗដោយ៣០ភាគរយជាភ្ញៀវបរទេស។
៣. រមណីយដ្ឋានបឹងសំរឹទ្ធិ
រមណីយដ្ឋានបឹងសំរឹទ្ធិ ជាតំបន់កម្សាន្តបែបកែច្នៃមួយកន្លែងកំពុងល្បីល្បាញខ្លាំងនៅក្នុងខេត្តកំពង់ធំ ស្ថិតនៅក្នុងភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍។ ដូច្នេះប្រសិនបើប្រិយមិត្តចង់ទៅកម្សាន្ត នៅបឹងសំរឹទ្ធិនោះ គឺចំណាយត្រឹមតែ ៣ម៉ឺនរៀលប៉ុណ្ណោះ នឹងទទួលបានសេវាកម្មដ៏អស្ចារ្យពីរមណីយដ្ឋានមួយនេះ ដូចជា អាងហែលទឹកមនុស្សធំ-កូនក្មេង ទរំអិល ខ្សែកាបឆ្លងបឹង ប៉េដាឡូ ជិះកង់ សួនកុមារ និង ខ្យូសជុំវិញបឹងសម្រាប់អង្គុយលេងជាដើម។ ក្រៅពីសេវាកម្មកម្សាន្ត បឹងសំរឹទ្ធិ មានសេវាស្នាក់នៅ និង ម្ហូបអាហារផងដែរ។
ចំពោះសេវាកម្មស្នាក់នៅ គឺបែងជា ៤ ប្រភេទ៖
១. ដំណាក់កោះរំដួល ក្នុង១បន្ទប់តម្លៃ ៦០ដុល្លារ
២. បឹងហ្គាឡូស្ទឹងជីនិត ក្នុង១បន្ទប់តម្លៃ ៥០ ដុល្លារ
៣. អូតែល សំរឹទ្ធិ ក្នុង១បន្ទប់តម្លៃ ២០ ដុល្លារ
រមណីយដ្ឋានបឹងសំរឹទ្ធ ក៏មានភោជនីយដ្ឋានខ្លួនឯងដែរ ដែលភ្ញៀវមកកម្សាន្តនៅរមណីយដ្ឋានមួយនេះ អាចកុម្ម៉ង់ម្ហូបតាមតម្រូវការ ដែលផ្ដល់សេវាកម្មល្អ ប្រកបដោយអនាម័យខ្ពស់ និង តម្លៃសមរម្យ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
មកស្គាល់សម្បត្តិធម្មជាតិដ៏មហាសាលទាំង៧នៅកម្ពុជា ត្រូវដាក់ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង
នាំឲ្យស្គាល់ កន្លែងកម្សាន្តបែបស្រុកស្រែ២កន្លែង ទេសភាពស្អាត ម្ហូបឆ្ងាញ់គ្មានគីមី
កន្លែងដើរលេងថ្មី៤កន្លែង ជិះមិនប៉ុន្មានម៉ោង ល្បីស្អាតខ្លាំងហើយអស់លុយតិចទៀត