លើកគ្នាមួយគ្រួសារ មកធ្វើនំពុម្ពលក់ ថាចង់រក្សាកេរដូនតា
- 2017-12-08 08:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកគ្នាមួយគ្រួសារ មកធ្វើនំពុម្ពលក់ ថាចង់រក្សាកេរដូនតា
ចន្លោះមិនឃើញ
នំខ្មែរមួយចំនួនដែលអ្នកស្រុកស្ទើរគ្រប់គ្នាពិសេសអ្នកនៅតាមបណ្ដាភូមិស្រុក សុទ្ធតែធ្លាប់ភ្លក្សរសជាតិនោះ ហាក់កំពុងចាញ់ប្រជាប្រិយភាព ជាមួយនំនៅតាមហាងល្បី ដែលហូរចូលពីបរទេសទៅតាមការផ្លាស់ប្ដូរនៃរបត់ជីវិត។
បុរសវ័យ៤៨ឆ្នាំម្នាក់ ព្រោះតែចង់ចូលរួមថែនំកេរដូនតា បានលើកគ្នាទាំងគ្រួសារមកលក់នំពុម្ពខ្មែរនៅផ្សារបឹងត្របែក។
លោក ឃឿន អាយុ ៤៨ មានកូនបីនាក់ក្នុងបន្ទុក ដើមឡើយ ជាគ្រួសារកសិករមួយរស់នៅស្រុកស្អាងខេត្តកណ្ដាល តែក្រោយមកដោយសារមុខរបរពឹងមេឃនេះ មិនសូវកាក់កប ក៏សម្រេចចិត្តមកលក់នំពុម្ព ដើម្បីប្រាក់ចំណូលផង និងលើកស្ទួយនំខ្មែរផង។
បុរសមានកូនបីនាក់រូបនេះ បានសម្រេចយកទីក្រុង ធ្វើជាកន្លែងប្រកបអាជីវកម្ម ព្រោះមើលឃើញថា ទីក្រុងមានទីផ្សារទូលាយជាងនៅស្រុកភូមិ។
ដូចការរំពឹងទុក នំពុម្ពរបស់លោកទទួលបានការគាំទ្រច្រើន និងមានដំណើរការល្អចាប់តាំងពីបើកដំបូងក្នុងឆ្នាំ២០១៥។ នំពុម្ពមួយមានតម្លៃ៧០០រៀល ហើយនៅក្នុងមួយថ្ងៃ លោក ឃឿន អាចលក់នំពុម្ពអស់អង្ករប្រមាណ ប្រាំពីរទៅប្រាំបីគីឡូក្រាម ស្មើប្រមាណ៣០០ ទៅ៤០០នំ។
ផាត់ការចំណាយទៅលើគ្រឿងផ្សំមានដូង អង្ករ ស្ករ ធ្យូង និងថ្លៃភាស៊ី បុរសមេគ្រួសាររូបនេះថា លោកអាចសល់ប្រាក់ចំណេញខ្ទងប្រាំទៅប្រាំមួយម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែថាបើប៉ះចំថ្ងៃស៊យ ក៏ខាត ឬបានត្រឹមរួចដើមតែប៉ុណ្ណោះ។ យ៉ាងណាចំណូលប្រចាំខែ លោកអាចរកជាមធ្យមបានជាង មួយលានទៅពីរលានរៀល។
បើទោះជាផ្ដើមដំបូងហាក់ដំណើរការល្អ ប៉ុន្តែបុរសវ័យ ៤៨ឆ្នាំរូបនេះក៏ត្អូញដែរថា មកទល់បច្ចុប្បន្ននេះការលក់របស់លោកហាក់ធ្លាក់ចុះជាងមុន មកនៅត្រឹមអង្ករ៥គីឡូក្រាមប៉ុណ្ណោះ។ បែបនេះក្ដី លោកអះអាងថាមិនមានគម្រោងបោះបង់មុខរបរនេះឡើយ។
នំពុម្ព របស់លោក ឃឿន មានលក់នៅជ្រុងខាងលិច ក្រៅផ្សារបឹងត្របែក តាមប្របមាត់ប្រឡាយលូទឹកស្អុយ ក្នុងនោះលោក ភរិយា និងកូនប្រុសស្រី២នាក់ផង កំពុងប្រឹងប្រែងតស៊ូលក់នំពុម្ពទាំងអស់គ្នា ដោយជួលផ្ទះស្នាក់នៅរួមគ្នាក្បែរកន្លែងលក់នេះតែម្ដង៕