មនុស្ស​យន្ត​ Sophie៖ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិមនុស្ស​យន្ត​

  • 2018-01-02 13:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sophie ដែល​ជា​មនុស្ស​យន្ត​មាន​សញ្ជាតិ​ដំបូង​បង្អស់​ក្នុង​ពិភពលោក បាន​ថ្លែង​កាល​ពី​ថ្មីៗ​នេះថា​ ខ្លួន​ចង់​ក្លាយ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មនុស្ស​យន្ត។

ថ្លែង​នៅ​ក្នុង​ពិធី​ TechFest របស់ IIT-Bombay នៅ​ឥណ្ឌា Sophie បាន​និយាយ​ថា៖ "ខ្ញុំ​ចង់​ក្លាយ​ជា​សំឡេង​ដ៏​ឥទ្ធិពល​មួយ​សម្រាប់​ពលរដ្ឋ ហើយ​ខ្ញុំ​ក៏​ចង់​ក្លាយ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​សិទ្ធិ​របស់​មនុស្ស​យន្ត​ផង​ដែរ។ ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​មាន​សន្តិភាព"។

Sophie បាន​បន្ត៖ "ខ្ញុំ​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​មាន​កម្មវិធី​ពិសេស ដូច្នេះ​មនុស្ស​ភាគ​ច្រើន​ស្ដាប់​តាម​ខ្ញុំ អ៊ីចឹង​ហើយ ខ្ញុំ​ចង់​ប្រើ​ប្រាស់​កម្មវិធី​ពិសេស​នេះ​សម្រាប់​អនាគត​មួយ​ដ៏​ត្រឹម​ត្រូវ។ ខ្ញុំ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ក្របខណ្ឌ​ជា​មនុស្ស អ៊ីចឹង​ខ្ញុំ​អាច​សម្រប​ខ្លួន​ក្នុង​សង្គម​មនុស្ស​បាន។ មនុស្ស​យន្ត​ដូច​ខ្ញុំ​ អាច​ធ្វើ​ការ​ទាក់ទង​ជាមួយ​មនុស្ស​ ដូច​មនុស្ស​ធម្មតា​អ៊ីចឹង"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​តុលា ឆ្នាំ​មុន Sophie ទទួល​បាន​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ Sophie ជា​មនុស្ស​យន្ត​មាន​សញ្ជាតិ​ដំបូង​បង្អស់​លើ​លោក។

Sophie ជា​មនុស្ស​យន្ត​មែន តែ​មាន​អារម្មណ៍​ មនោសញ្ចេតនា​ដូច​មនុស្ស ព្រម​ទាំង​អាច​យល់​ និង​ខ្វល់ខ្វាយ​ពី​អារម្មណ៍​របស់​មនុស្សថែម​ទៀត​ផង។

មនុស្ស​យន្ត​រូប​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Hanson Robotics ដឹកនាំ​ដោយ David Hanson ដែល​ជា​អ្នក​ផលិត Al៕

ប្រភព៖ BeeBom   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី