ឈ្នះពានដោយមិនដឹងខ្លួន ទោះបីមិនមែនជាវិស្វករផ្នែកបច្ចេកវិទ្យា
- 2018-03-09 07:04:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈ្នះពានដោយមិនដឹងខ្លួន ទោះបីមិនមែនជាវិស្វករផ្នែកបច្ចេកវិទ្យា
ចន្លោះមិនឃើញ
ជយលាភីម្នាក់ក្នុងចំណោមជយលាភីស្ត្រីទាំង ៣ រូបគឺកញ្ញា ចន្ទ ពេញលក្ខ បានប្រាប់មកកាន់ Sabay ថា "គ្រាន់តែឮគេប្រកាសថាឈ្នះពាន ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ បទពិសោធន៍ក៏ស្ទើរ ហើយម្យ៉ាងខ្ញុំក៏មិនមែនជាអ្នកវិស្វករផ្នែកបច្ចេកវិទ្យាអីទេ"។
ជាអ្នកផ្ដល់ប្រឹក្សាផ្នែកបច្ចេកវិទ្យា កញ្ញាចន្ទ ពេញលក្ខបានឈ្នះពានរង្វាន់ផ្នែកសហគមន៍បច្ចេកវិទ្យា (Cambodian Woman ICT For Community Award) សំដៅដល់អ្នកដែលជួយផ្សព្វផ្សាយបច្ចេកវិទ្យាបានទូលំទូលាយដល់សហគមន៍។
ត្បិតតែកញ្ញាមិនមែនជាវិស្វករផ្នែកបច្ចេកវិទ្យាក៏ពិតមែន តែកញ្ញាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាលនៅក្នុងស្រុក លើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញយកទិន្នន័យព័ត៌មាន ចែកចាយព័ត៌មានដល់ប្រជាជន ក៏ដូចជាអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ឬស្ថាប័នរដ្ឋ ក្នុងការយកយកទិន្នន័យមកដោះស្រាយ ឬវិភាគ។
ក្នុងការប្រកួតប្រជែងពានរង្វាន់ស្ត្រីឆ្នើមផ្នែកបច្ចេកវិទ្យា Women In Tech ឆ្នាំ ២០១៨ កញ្ញាប្រាប់ថា បានចូលរួមដោយសារមានការណែនាំពីមិត្តភ័ក្កិ។ ដោយសារពួកគេបានដឹងពីការងារប្រចាំថ្ងៃរបស់កញ្ញាធ្វើការទាក់ទងនឹងបច្ចេកវិទ្យា ទើបបានជំរុញដាក់ពាក្យ រហូតបានជាប់ជយលាភី។
បើតាមម្ចាស់ជយលាភីរូបនេះ ការឈ្នះពាននេះក៏មិនមែនងាយស្រួលដែរ ត្រូវឆ្លងកាត់ការត្រួតពិនិត្យមើលលទ្ធផលការងារ ការរៀបចំគំរោង Proposal និងការបំពេញបែបបទផ្សេងៗ។
កញ្ញា ចាន់ ពេញលក្ខ ឈ្នះពានផ្នែក Cambodian Woman ICT For Community Award។ ចំណែកស្រ្តីពីររូបទៀតដែលឈ្នះពានរង្វាន់ដែរនោះ មានកញ្ញា ឡុង លក្ខិណា ឈ្នះពានផ្នែក Cambodian Woman ICT Entrepreneur Award។
កញ្ញា ឡុង លក្ខិណា ជាសហស្ថាបនិកនៃក្រុមហ៊ុនសេវាកម្ម Joonaak ដែលផ្ដល់សេវាកម្មនិងដំណោះស្រាយផ្នែក eCommerce។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មមកពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។
ចំណែកអ្នកនាង ហ្វាត់ ស៊ីអែម ឈ្នះពានផ្នែក Cambodian Woman ICT Engineer Award។ កញ្ញាជាវិស្វករជំនាញផ្នែកទូរគមនាគមន៍Telecom ដែលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយតាំងពីឆ្នាំ ២០០៩។ អ្នកនាងមានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យមកសិក្សានៅទីក្រុងភ្នំពេញតាំងពីឆ្នាំ ២០០៤ ដោយបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាជំនាញវិស្វកម្ម និងបានបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសពីសកលវិទ្យាល័យន័រតុន៕