អ៊ីរ៉ង់កើនចំនួនអ្នកឆ្លងវីរុសវិញជាង ១ពាន់នាក់ក្នុងមួយថ្ងៃ ក្រោយបើកទីក្រុងឡើងវិញ

  • 2020-05-07 02:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​អ៊ីរ៉ង់ បាន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩​ថ្មី​ឡើង​វិញ​ច្រើន​បង្អស់​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៨​ខែ​មីនា​មក ក្រោយ​ការ​រឹតបន្ដឹង​ការ​បិទ​ទីក្រុង​ត្រូវ​បាន​សម្រាល។

បើ​ទោះ​បី​ជា​អាជ្ញាធរ ណែ​នាំ​ឲ្យ​មាន​រក្សា​គម្លាត​សង្គម​ក្រោយ​បើក​ទីក្រុង​ឡើង​វិញ​យ៉ាង​ណា​ក្ដី ចំនួន​ករណី​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​ឡើង​ដល់​ជាង ១ ២០០​នាក់​ក្នុង​មួយ​ថ្ងៃ​អស់​រយៈ​ពេល ៥​ថ្ងៃ​មក​ហើយ។ ចំនួន​នេះ​កើនឡើង ១០%​ច្រើន​ជាង​ចំនួន​ប្រចាំ​ថ្ងៃ​ក្នុង​រយៈ​ពេល​ដូចគ្នា​កាល​ពី​សប្ដាហ៍​មុន។ យ៉ាង​ណា​មិញ ចំនួន​អ្នក​ស្លាប់​មិន​បាន​កើនឡើង​វិញ​នោះ​ទេ។ អ៊ីរ៉ង់​បាន​សម្រាល​ការ​រឹតបន្ដឹង​ដោយ​អនុញ្ញាត​ឲ្យ​អាជីវកម្ម និង​សាលារៀន​មួយ​ចំនួន បើក​ដំណើរ​ការ​ឡើង​វិញ​ដើម្បី​ជួយ​ទប់ទល់​សេដ្ឋកិច្ច​របស់​ប្រទេស ដែល​កំពុង​រង​សម្ពាធ​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ប្រទេស​អ៊ីរ៉ង​បាន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​សរុប ១០១ ៦៥០ ដោយ​ក្នុង​នោះ​មាន​អ្នកស្លាប់ ៦ ៤១៨នាក់ ហើយ​ព្យាបាល​ជា​សះ​ស្បើយ ៨១ ៥៨៧នាក់៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ រ័ត្ន