អ្នកចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង មិនគួររំលងរមណីយដ្ឋានភ្នំសំកុះ ខេត្តពោធិ៍សាត់
- 2020-05-20 04:28:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង មិនគួររំលងរមណីយដ្ឋានភ្នំសំកុះ ខេត្តពោធិ៍សាត់
ចន្លោះមិនឃើញ
រមណីយដ្ឋានសំកុះ មានអ្វីពិសេសសម្រាប់ភ្ញៀវទេសចរ? តាមពិតទៅភ្នំសំកុះ ត្រូវបានរាជរដ្ឋាភិបាលដាក់ចូលជាដែនជម្រកសត្វព្រៃ ដូច្នេះ តំបន់មួយនេះ ត្រូវបានថែរក្សា ការពារ សត្វព្រៃ និង រុក្ខជាតិ ពីការបំផ្លិចបំផ្លាញពីមនុស្ស។ ម៉្លោះហើយ ភ្ញៀវទេសចរចង់ទៅកម្សាន្តនៅភ្នំសំកុះ អាចស្វែងយល់បានពី សត្វព្រៃកម្រជាច្រើនប្រភេទនៅក្នុងប្រទេសកម្ពុជា ជាពិសេសសត្វដំរី។
លោក នួន លីម មន្ត្រីកិច្ចសន្យារបស់មន្ទីរទេសចរណ៍នៅខេត្តពោធិ៍សាត់ បានប្រាប់ Sabay ថា សហគមន៍អូរសោមមានតំបន់កម្សាន្តបែបធម្មជាតិជាច្រើន ដូចជា ទឹកធ្លាក់ ល្អាងក្រពើ ភូមិជនជាតិ និងចម្ការ ជាច្រើន ហើយអ្វីដែលទាក់ទាញទេសចរចង់មកកម្សាន្តជាងគេនោះ គឺភ្នំសំកុះ។ ភ្នំសំកុះស្ថិតនៅតាមជួរភ្នំក្រវ៉ាញ ដែលមានកម្ពស់ខ្ពស់លេខ ២ បន្ទាប់ពីភ្នំឱរ៉ាល់ ដូច្នេះភ្ញៀវទេសចរចង់មកកម្សាន្តនៅទីនេះ ត្រូវផ្សងព្រេងចូលព្រៃមើលសត្វព្រៃ ពិតៗ ដែលជាប្រភេទសត្វព្រៃនៅកម្ពុជា ដូចជា ដំរី, ប្រមា, សំពោច, ក្ដាន់, កន្ធាយ, និង អាចមើលអំពិលអំពែក នាពេលរាត្រីផងដែរ។
ចំពោះសេវាកម្មមកកម្សាន្តភ្នំសំកុះ គឺសហគមន៍អូរសោម មានអ្នកណែនាំភ្ញៀវរង់ចាំស្វាគមន៍ភ្ញៀវទៅកម្សាន្ត ដោយមានម៉ូតូ ម្ហូបអាហារ ៣ពេល តង់ និង អង្រឹង សម្រាប់គេងកម្សាន្ត ក្នុងព្រៃ ក្នុងម្នាក់ ១០ម៉ឺនរៀល រយៈពេល ១យប់ ២ថ្ងៃ។ ភ្ញៀវទេសចរទាំងឡាយចង់ធ្វើដំណើរទៅភ្នំសំកុះ មិនអាចជិះរថយន្តឡើងបានទេ គឺត្រូវជិះម៉ូតូ រួចដើរ ដោយជើងចូលក្នុងព្រៃ។
ទាក់ទងនឹងសុវត្ថិភាពភ្ញៀវ លោក លីម និយាយថា នៅពេលភ្ញៀវទៅកម្សាន្តនៅភ្នំសំកុះ គឺអ្នកនាំភ្ញៀវបានហៅក្រុមមន្ត្រីបរិស្ថាន1-2 នាក់ ដោយមានកាំភ្លើងយកទៅជាមួយ ដើម្បីការពារភ្ញៀវក្នុងព្រៃ។ «តាមពិតទៅវាមិនអីទេ តែយើងយកកាំភ្លើងតាម គ្រាន់តែចង់ការពារប្រសើរជាងព្យាបាលប៉ុណ្ណោះ»។ លោក លីម និយាយ។
តំណាងសហគមន៍អូរសោម លោក លីម បាននិយាយទៀតថា កន្លងមកភ្ញៀវទេសចរមកកម្សាន្តភ្នំសំកុះ ភាគច្រើនជាភ្ញៀវបរទេស ដែលចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ភ្ញៀវខ្មែរ មកពីបណ្ដារាជធានី និងខេត្តនានា បានមកកម្សាន្តច្រើនដែរ ដែលទំនងដោយសារការផ្សព្វផ្សាយ៕
វីដេអូ
ចុចអាន៖ តំបន់ទេសចរណ៍ «ទឹកធ្លាក់ឆាយប្រុយ» កំណប់ពិសេស នៅវាលវែង ខេត្តពោធិ៍សាត់