នេះហើយគឺជាផ្ទះនៅក្នុងបុរី កំពុងផ្ទុះកូវីដ ១៩ កងកម្លាំងកំពុងយាមកាមយ៉ាងតឹងរ៉ឹងបំផុត

  • 2020-11-29 01:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កងកម្លាំង កំពុងដាក់ពង្រាយ យាមកាមយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងបរិវេណផ្ទះរបស់អគ្គនាយកពន្ធនាគារ ដែលកំពុងតែផ្ទុះជំងឺកូវីដ ១៩ ។ ការដាក់ពង្រាយកងកម្លាំងនេះ គឺជាការអនុវត្តតាមបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចុះសហការជាមួយមន្ត្រីសុខាភិបាលដល់ទីតាំងផ្ទះដែលមានវិជ្ជមានវីរុសកូវីដ១៩ ។

កាលពីយប់រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះក្រុមគ្រូពេទ្យបានស្រាវជ្រាវរកឃើញមានមនុស្ស ៤ នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធធនាគារតេស្តឃើញវិជ្ជមានកូវីដ ១៩ រស់នៅក្នុងបុរីប៉េង ហួត ផ្លូវ ៦០ម៉ែត្រ ។ ដូច្នេះនាំកើនឡើងដល់ ៦ នាក់ហើយនៃការចម្លងចូលសហគមន៍គិតត្រឹមវេលានេះ ។

សូមបញ្ជាក់ថា ភរិយាឯកឧត្ដម ឆែម សាវុធ អគ្គនាយកពន្ធធនាគារ បានតេស្តរកឃើញកូវីដ ១៩ នៅថ្ងៃទី ២៨ វិច្ឆិកា ២០២០ និងបន្តមកទៀតស្វាមីរបស់លោកស្រីផ្ទាល់ក៏បានរកឃើញមានផ្ទុកកូវីដ ១៩ ដូចគ្នា ។ បច្ចប្បន្ននេះក្រសួងសុខាភិបាលកំពុងចេញប្រតិបត្តិការជាបន្ទាន់ដើម្បីស្វែករកអ្នកជាប់ពាក់ព័ន្ធទាំងអស់ ។ ក្នុងនោះដែរនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្រុមគ្រូពេទ្យដាក់ពង្រាយ៥ក្រុម នៅផ្សារអ៉ីអន, គេហដ្ឋានសម្តេចក្រឡាហោ ស ខេង, ក្រសួងមហាផ្ទៃ ពន្ធនាគារព្រៃស និងនៅខេត្តសៀមរាប ព្រមទាំងស្វែងរកអ្នកជាប់ពាក់ព័ន្ធ ៕

អត្ថបទ៖ វឌ្ឍនៈ

បិទ