យុវជនវ័យ១៥ឆ្នាំកម្ពស់១,៨៨ម៉ែត្រ សោកស្ដាយដែលមិនអាចបន្តហាត់នៅ​វិសាខា

  • 2021-03-02 07:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជនវ័យ១៥ឆ្នាំកម្ពស់១,៨៨ម៉ែត្រ កែវ ស្រេងលីហួរ បានប្រាប់ឱ្យ Sabay ដឹងថា រូបគេ​សោក​ស្ដាយ​ខ្លាំងបំផុត ដែលសុំឈប់ពីក្លឹបបាល់ទះវិសាខា ព្រោះ​គេ​មានអាការៈឆាប់ហត់ មិនអាចបន្តការហ្វឹកហាត់ទៀតបាន។

អាការៈឆាប់ហត់របស់ស្រេងលីហួរ គឺមិនទៀងទាត់ឡើយ បើថ្ងៃណាស្រួលអាចធ្វើលំហាត់ផ្សេងៗ​ដូចគេដូចឯង ប៉ុន្តែបើថ្ងៃណាមិនប្រក្រតី នោះ​នឹងធ្វើ​ទុក្ខ​ខ្លាំង។

យុវជនដែលវិវឌ្ឍខ្លួនពីអ្នកប៉ះសេទៅស្មាត់ បានបញ្ជាក់បែបនេះ ៖«មានអារម្មណ៍ថាស្ដាយដែរ តែធ្វើម៉េចបើសមត្ថភាពយើងនៅស្ទើរ។ ខ្ញុំសុំឈប់ខ្លួនឯង ព្រោះសុខភាពខ្ញុំអត់សូវល្អ ខ្លាចមានបញ្ហាដល់ក្លឹប និងគ្រួសារ។ ហ្នឹងហើយ (បញ្ហា) ខ្លាំងគឺសុខភាព។ ពេលខ្ញុំហាត់ទៅវាចេះតែឆាប់ហត់ ថ្ងៃណាយើងអត់ហត់ៗ ពេលងៃណាយើងហត់ៗ។ អត់ដឹងថាបញ្ហាអីដែរ»។

មិនត្រឹមតែសោកស្ដាយប៉ុណ្ណោះទេ ស្រេងលីហួរក៏បានបង្ហាញនូវអារម្មណ៍នឹករលឹកដល់មិត្តរួមក្រុម រៀមច្បង គ្រូបង្វឹក ក្លឹប និងចាំមិនភ្លេចនូវ​អនុស្សាវរីយ៍​រួមរស់ជាមួយគ្នា អស់រយៈពេលជាង២ឆ្នាំមក​នេះ។ ទោះបែកគ្នាក្ដី ស្រេងលីហួរនៅសង្ឃឹមថ្ងៃណាមួយ គេនឹងអាចមានឱកាសទៅហ្វឹកហាត់នៅវិសាខាជាថ្មីម្ដងទៀត ខណៈសព្វថ្ងៃយុវជនក៏ព្យាយាមប្រឹងប្រែងនៅផ្ទះខ្លះៗដែរដូចជា កាច់ក្បាលពោះជាដើម។

ត្រង់បញ្ហាសុខភាព សិស្សថ្នាក់ទី១១ នៃវិទ្យាល័យសម្ដេចហ៊ុនសែនអង្គរស្តុក បានទម្លាយ​អាចមកពីកាយសប្បទារបស់គេ មិនទាន់លូតលាស់ល្អ មិនមានសាច់ដុំគ្រប់គ្រាន់ ​ស្គម​ស្គាំង បើទោះគេបានកម្ពស់ក្ដី។

កាយសប្បទាជាផ្នែកមួយសំខាន់បំផុត សម្រាប់កីឡាករគ្របរូប ជាពិសេសកីឡាករបាល់ទាត់ បាល់ទះ និងរត់ប្រណាំងជាដើម ហើយបើមិនមានកាយសប្បទាល្អគ្រប់គ្រាន់ទេ ច្បាស់ណាស់ពិតជាពិបាក​ក្នុងការហ្វឹកហ្វឹកហាត់​ និងប្រកួតប្រជែង។

គួរបញ្ជាក់ថា កែវ ស្រេងលីហួរវ័យ១៥ឆ្នាំ បានទៅធ្វើតេស្តរយៈពេល៣ខែ នៅសមាគមន៍បាល់ទះវិសាខាក្នុងឆ្នាំ២០១៩ ហើយក៏ជាប់ជាកីឡាករកម្រិត២ រហូតដល់កាលបរិច្ឆេទចុងក្រោយ​ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ បច្ចុប្បន្នយុវជន កំពុងស្នាក់អាស្រ័យ និងសិក្សានៅឯស្រុកកំណើត ក្នុងភូមិត្រពាំងថ្ងាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម