ទ័ពអ៊ុយក្រែនជួរមុខម្នាក់ប្រាប់ឲ្យ Conte "ភ្ញាក់ឡើង" ក្រោយអាណិតអត្តពលិករុស្សី
- 2022-03-17 04:43:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ័ពអ៊ុយក្រែនជួរមុខម្នាក់ប្រាប់ឲ្យ Conte "ភ្ញាក់ឡើង" ក្រោយអាណិតអត្តពលិករុស្សី
ចន្លោះមិនឃើញ
កីឡាករវាយកូនបាល់អ៊ុយក្រែន Sergiy Stakhovsky ដែលស្ម័គ្រចិត្តចូលបម្រើទ័ពបានប្រាប់លោក Antonio Conte ឲ្យ "ភ្ញាក់ឡើង" បន្ទាប់ពីអ្នកចាត់ការរបស់ Spurs រូបនេះពោលពាក្យអាណិតដល់អត្តពលិករុស្សី។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីបាននិយាយថា វាពិតជាក្រៀមក្រំនិងអយុត្តិធម៌ដែលប្រជាជនរុស្សីខ្លះត្រូវបានជាប់បម្រាមពីការប្រកួតកីឡា។ ដូចជាក្រុមបាល់ទាត់បុរសដែលត្រូវដកចេញពីការជម្រុះពានរង្វាន់ World Cup ២០២២ជាដើម។
ដោយសារតែមានការចែករំលែកភាពអាណិតអាសូររបស់លោក Conte លើប្រជាជនរុស្សី Stakhovsky ដែលបច្ចុប្បន្នជាទ័ពបានចោទអ្នកចាត់ការរបស់ Spurs ចំពោះការមិនយល់អំពីស្ថានភាពការលុកលុយរបស់រុស្សីលើអ៊ុយក្រែន។ ក្រោយប្រទេសរបស់ខ្លួនជួបបញ្ហាសង្គ្រាម Stakhovsky បានចុះឈ្មោះចូលបម្រើទ័ពជួរមុខដើម្បីការពារជាតិ។
Stakhovsky បានសរសេរលើបណ្ដាញសង្គម Instagram រិះគន់លោក Conte ថា៖ "ខ្ញុំមិនច្បាស់ថាអ្នកយល់ពីស្ថានភាពក្នុងប្រទេសអ៊ុយក្រែនឬអត់ទេ។ ខ្ញុំមិននឹកស្មានថាលោកអាចបញ្ចេញមតិដែលស្ដាំទៅដូចជាក្រៀមក្រំចំពោះអត្តពលិកនិងអ្នកជំនួញរុស្សី។ ប្រជាជនអ៊ុយក្រែនរាប់លានអ្នកបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ព្រោះតែប្រទេសរុស្សីឈ្លានពាន។ មនុស្សរាប់លាននាក់ត្រូវចាកចេញពីនរកនៅក្នុងទីក្រុងរបស់ពួកគេ ខណៈដែលយន្តហោះនិងកាំភ្លើងធំបានទម្លាក់គ្រាប់បែកលើពួកគេ។ សូមភ្ញាក់ឡើង។ ជនជាតិរុស្ស៊ីនឹងត្រូវអនុវត្តទោសរួមចំពោះការបំផ្លិចបំផ្លាញនិងការសម្លាប់ដែលពួកគេកំពុងប្រព្រឹត្តនៅអ៊ុយក្រែន។
រុស្ស៊ីក្រោមការដឹកនាំនិងបទបញ្ជារបស់បុរសខ្លាំងពូទីន កាលពីពេលថ្មីៗនេះ បានជ្រើសរើស និងចុះបញ្ជីយុទ្ធជនចំនួនជាង ៤០,០០០នាក់ហើយពីកងទ័ពប្រទេសស៊ីរី ដែលសុទ្ធសឹងតែជាកងទ័ពស្ទាត់ជំនាញ មានបទពិសោធន៍នៅក្នុងសង្គ្រាមស៊ីវិលជាង១១ឆ្នាំ ដើម្បីត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយ និងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ ខណៈដែលសង្គ្រាមជាច្រើនថ្ងៃមកនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់មកហើយ ក្នុងនោះក៏មានទាំងក្មេងៗច្រើនរយនាក់ផងដែរ។
ពលរដ្ឋអ៊ុយក្រែន ជាពិសេសស្ត្រីនិងកុមារបានភៀសខ្លួនចេញពីប្រទេសជាង៣លាននាក់មកហើយ។ ដោយឡែកបុរសវិញ ត្រូវនៅការពារទឹកដី បើទោះជាពួកគេមិនចេះប្រើកាំភ្លើងក៏ស្ម័គ្រចិត្តនៅក្នុងប្រទេសដើម្បីហាត់រៀនបន្ដិចបន្ដួច ត្រៀមទប់ជាមួយទ័ពរុស្ស៊ីផងដែរ។ រហូតមកដល់ពេលនេះ រុស្ស៊ីមិនអាចរុលទៅមុខបានទេ តែពួកគេបានផ្លោងគ្រាប់ពីចម្ងាយដែលចំកន្លែងស្នាក់នៅប្រជាជន មន្ទីរពេទ្យ និងកន្លែងសម្ភព ដែលបណ្ដាលឱ្យស្ត្រីមានផ្ទៃពោះស្លាប់ទាំងកូននិងម្ដាយផងដែរ៕